ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្លោងគ្រឿងញៀ.នបញ្ជាការជួញដូរពីពន្ធនាគារព្រៃស

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ធ្វើ​សន្និសីទកាសែត​បង្ហាញមុខ​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយ​ ដែល​សមត្ថកិច្ច​បានពន្លាត​ភូមិសាស្ត្រ​របស់​ខ្លួន ក្នុង​ការ​តាម​ប្រមាញ់ពី​ខេត្ត​រហូត​មក​ដល់​រាជធានី​ភ្នំពេញ ដោយ​បាន​ចាប់ខ្លួន​ជនសង្ស័យ​បាន​១០​នាក់ និង​រឹបអូស​បាន​គ្រឿងញៀន​ចម្រុះ​ជាង​៧​គីឡូក្រាម ។ អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​សម្រាប់​មជ្ឈដ្ឋាន​អ្នក​សង្កេតការណ៍​នោះ…

ខេត្តស្វាយរៀង ៖ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ធ្វើ​សន្និសីទកាសែត​បង្ហាញមុខ​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយ​ ដែល​សមត្ថកិច្ច​បានពន្លាត​ភូមិសាស្ត្រ​របស់​ខ្លួន ក្នុង​ការ​តាម​ប្រមាញ់ពី​ខេត្ត​រហូត​មក​ដល់​រាជធានី​ភ្នំពេញ ដោយ​បាន​ចាប់ខ្លួន​ជនសង្ស័យ​បាន​១០​នាក់ និង​រឹបអូស​បាន​គ្រឿងញៀន​ចម្រុះ​ជាង​៧​គីឡូក្រាម ។

អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​សម្រាប់​មជ្ឈដ្ឋាន​អ្នក​សង្កេតការណ៍​នោះ គឺ​ការ​បែកធ្លាយ​មេខ្លោង​ជួញដូរ​គ្រឿងញៀន​នេះ គឺជា​អ្នកទោស​ស្ថិត​នៅ​ក្នុង​គុក​ព្រៃ​ស ជា​អ្នកបញ្ជា​ក្នុង​ការ​ជួញដូរ​និង​ចែកចាយ​គ្រឿង​ញៀន​នៅ​រាជធានី​ភ្នំពេញ និង​បន្ត​ចែកចាយ​តាម​បណ្តា​ខេត្ត​រហូត​ដល់​ខេត្តស្វាយរៀង ។ លោក​ឧត្តម​សេនីយ៍ត្រី សែ វុ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​បាន​ថ្លែង​ថា កងរាជអាវុធហត្ថ​ខេត្ត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​រយៈពេល​៣​ថ្ងៃ ចាប់​បាន​ជនសង្ស័យ​ចំនួន​១០​នាក់ ស្រី​៤​នាក់​ក្នុង​នោះ​ជនជាតិ​វៀតណាម​៤​នាក់​និង​ដកហូត​ថ្នាំ​ញៀន សរុប​បាន​ចំនួន​៧​គីឡូ​៣៥៦​ក្រាម​៥៤ ។ រថយន្ត​ម៉ាក​TOYOTA ព្រូស​១​គ្រឿង ម៉ូតូ​ចំនួន​២​គ្រឿង អាវុធ​ខ្លី​ចំនួន​២​ដើម​គ្រាប់​២​បង់ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​២​គ្រឿង សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ប្រាក់​អា​មេ​រិ​កចំនួន​៥០០​ដុល្លារ ប្រាក់​វៀតណាម​២ ៥០០ ០០០​ដុ​ង ប្រាក់​ខ្មែរ​៤៥០.០០០​រៀល។

លោក​ឧត្តមសេនីយ៍ត្រី សែ វុ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍​ទៀត​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​រក្សា​ទុក ឬ​ជួញដូរ​ចែកចាយ​គ្រឿងញៀន មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ដើមឆ្នាំ​២០១៨​នេះ ។ សន្និសីទកាសែត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ មក​រា នៅ​សាល​ប្រជុំ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្ថិត​នៅ​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

លោក​ឧត្តមសេនីយ៍ត្រី សែ វុ​ទ្ធី មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​ខេត្ត​បាន​ថ្លែង​ពី​ប្រតិបត្តិ​លំអិត​ក្នុង​ការ​តាម​ប្រមាញ់​ក្រុម​ឧក្រិដ្ឋជន​នេះ​ថា ការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​បាន​ជោគជ័យ​នេះ​ដោយ​មានការ​ខិតខំ​ប្រឹងប្រែង​របស់​កម្លាំង​មន្ត្រី​មន្ទីរ​យុត្តិធម៌ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ក្រុង​បា​វិត ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក ឬ​ជួញដូរ​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះសំណាក់​យីហោ PPT៣ បន្ទប់​ឈ្មោះ​កូរ៉េស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ យូ បញ្ញា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​និង​ដកហូត​វត្ថុ​តាង​រួម​មាន ថ្នាំ​ញៀន​ប្រភេទ​គ្រាប់ ពណ៌​ផ្កាឈូក​ចំនួន​២៩០​គ្រាប់ ថ្នាំ​គ្រាប់​ពណ៌​ស ចំនួន​១០​គ្រាប់ និង​ទូរ​សព្ទ័​ដៃ​ចំនួន​២​គ្រឿង​នៅ​ថ្ងៃ​ទី​១៩ មក​រា ២០១៨ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ។

ក្រោយ​ពី​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​ឈ្មោះ យូ​បញ្ញា បាន​សារភាព​ថា ខ្លួន​បាន​យក​ថ្នាំ​ពី​ឈ្មោះ វិសាល ហៅ​ពៅ ភេទ​ប្រុស នៅ​រាជធានី​ភ្នំពេញ ។លោក​ឧត្តមសេនីយ៍​បន្ត​ទៀត​ថា ដោយ​មាន​ចម្លើយ​សារភាព ថា​មាន​មេខ្លោង​នៅ​រាជធានី​ភ្នំពេញ​លោក​ក៏​បាន​រាយការណ៍​ជូន​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង បាន​បញ្ជា​ផ្ទាល់​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ស៊ិ​ន សូ​ផា​ន្នី មេបញ្ជាការ​រង​ទទួល​ផែន​នគ​បាល​យុត្តិធម៌ និង​មានការ​សម្របសម្រួល​ពី​លោក គង់ ច​ន្ទ័​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង និង​លោក សឿ​ន មុនីរ​ត្ន័ ព្រះរាជអាជ្ញា​រង រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប​៣​ករណី​ជា​បន្តបន្ទាប់ ។

ក្នុង​ការ​តាម​ប្រមាញ់​នៅ​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២០ មក​រា មុខសញ្ញា​បាន​បង្ហាញខ្លួន នៅ​ចំណុច​ផ្លូវ​លេខ​១៦៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហ៊ុន ស្រី​កា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​គ្រឿងញៀន​រួម​មាន១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១​កញ្ចប់​ធំ ។២-​ថ្នាំ​គ្រាប់​ពណ៌​ផ្ទៃមេឃ​ចំនួន​១​កញ្ចប់​ធំ​សរុប​ទាំង​ពីរ​មាន​ទម្ងន់​៣៥០​ក្រាម ។៣-​ទូរ​សព្ទ័​ដៃ​ចំនួន​១​គ្រឿង ។

ក្រោយ​ពី​ការ​សាកសួរ​ឈ្មោះ ហ៊ុន ស្រី​ពៅ បាន​សារភាព​ថា​ខ្លួន​ត្រូវ​ឈ្មោះ ពៅ ឱ្យ​យក​កញ្ចប់​ថ្នាំ​ទៅ​ឱ្យ​បុរស​ម្នាក់​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​លេខ​១៤០៣ ខុន​ដូរ​មេគង្គ​វី​យូ​ថោ​ន ទើប​ប្រតិបត្តិការ​នេះ​បន្ត​នៅ​ចំណុច​នោះ តែ​ពុំ​បានឃើញ​បុរស​នោះ​នៅ​ទីនោះ​ទេ ទើប​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​បន្ទប់​លេខ​១៤០៣ រក​ឃើញ​វត្ថុ​តាង​រួម​មាន៖

១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់​តូច
២-​ថ្នាំ​ញៀន​ពណ៌​ផ្កាឈូក​ចំនួន​២​គ្រាប់
៣-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង
៤-​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។
ជាមួយ​គ្នា​នេះ​កម្លាំង​កងរាជអាវុធហត្ថ​ដែល​នៅ​ខាងក្រោម​មានការ​សង្ស័យ​បុរស​ម្នាក់ ក៏​បាន​សាកសួរ​ទើប​បុរស​នោះ​ឆ្លើយ​ថា ខ្លួន​ស្នាក់​នៅ​ក្នុង​បន្ទប់​លេខ​១៤០៣ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​និង​ក្រុម​ជនសង្ស័យ​ចំនួន​៦​នាក់ ស្រី​៤​នាក់​ក្នុង​នោះ​មាន​ស្ត្រី​វៀតណាម​៤​នាក់ ។
ការ​ឆែកឆេរ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជ័យ​សុភាព ភេទ​ប្រុស រក​ឃើញ​វត្ថុ​តាង​រួម​មាន
១-​ថ្នាំ​ញៀន​ពណ៌​ទឹកក្រូច​១​កញ្ចប់​ធំ ទម្ងន់​ស្មើ​១៨៩,៦​ក្រាម ។
២-​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​២​គ្រាប់ ។
៣-​កញ្ឆា​ក្រៀម​២​កញ្ចប់ ។
៤-​ម្សៅ​ខេ​១​កញ្ចប់ ។
៥-​ថ្នាំ​គ្រាប់​ពណ៌​ផ្ទៃមេឃ​៣​គ្រាប់ ។
៦-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១​កញ្ចប់ ។
៧-​អាវុធ​ខ្លី​ម៉ាក​P២៣០ ចំនួន​១​ដើម បង់​១​និង​គ្រាប់​ចំនួន​៧​គ្រាប់ ។
៨-​រថយន្ត​ម៉ាក​ព្រូស​១​គ្រឿង ។
៩-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង
១០-​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។
ឈ្មោះ ជ័យ ភាព បាន​សារភាព​ថា​បន្តិចទៀត​ឈ្មោះ ពៅ ជា​មេខ្លោង​នឹង​មក​ដល់ ។ កន្លះ​ម៉ោង​ក្រោយមក​ឈ្មោះ យឹ​ម វិសាល ហៅ​ពៅ អាយុ​៣៤​ឆ្នាំ ក៏​បាន​ជិះ​ម៉ូតូ​មក​ដល់​សមត្ថកិច្ច​ក៏​ធ្វើការ​ចាប់ខ្លួន​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​រួម​មាន
១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៦​កញ្ចប់​ទម្ងន់​៤៩,១​ក្រាម ។
២-​ទូរ​សព្ទ័​ដៃ​១​គ្រឿង ។
៣-​ម៉ូតូ​១​គ្រឿង
៤-​ប្រាក់​ដុល្លារ​៥០០​ដុល្លារ ។

មេខ្លោង​ឈ្មោះ វិសាល ហៅ​ពៅ បាន​សារភាព​ថា ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​ពី​អ្នក​នៅ​ក្នុង​គុក​ព្រៃ​ស ។ សមត្ថកិច្ច​បាន​ប្រើ​ល្បិច​ឱ្យឈ្មោះ ពៅ កម្ម​ង់​ទិញ​ថ្នាំ​ពី​អ្នក​នៅ​ក្នុង​គុក​ព្រៃ​ស រហូត​ដល់​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២១ មក​រា ២០១៨ មេខ្លោង​ជួញដូរ​គ្រឿងញៀន​បាន​ណាត់ជួប​គ្នា​នៅ​ចំណុច​ហាង​សាច់​អាំង​ព្រហ្ម​បាយ័ន ខាងក្រោយ​រោង​ភាពយន្ត​លុ​ច្ស ស្ថិត​នៅ​ចំណុច​សង្កាត់​ផ្សារ​កណ្តាល ផ្លូវ​លេខ​១៥៤ កែង​ផ្លូវ​លេខ​១៩ ខណ្ឌដូនពេញ ដោយ​មេខ្លោង​ដែល​នៅ​ក្នុង​គុក​ព្រៃ​សបាន​បញ្ជា​ឱ្យឈ្មោះ ងូវ សុភារម្យ ភេទ​​ប្រុស អាយុ​៣០​ឆ្នាំ យក​ថ្នាំ​មក​ជំនួស ។ពេលធ្វើការ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​រួម​មាន ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១​កញ្ចប់ មាន​ទម្ងន់​៩៩៣,៤០​ក្រាម ។ ២-​ម៉ូតូ​១​គ្រឿង ។ ៣-​ទូរ​សព្ទ័​ដៃ​១​គ្រឿង ។

ឈ្មោះ ងូវ សុភា​រម្យ សារភាព​ថា​ខ្លួន​ជា​កូនចៅ មេខ្លោង​គ្រឿងញៀន​នៅ​គុក​ព្រៃ​ស មាន​បន្ទប់​ជួល​លេខ​៥​ស្ថិត​នៅ​ភូមិ​ព្រៃ​តា​គង់​២ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។ លុះដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ មក​រា សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេ​បន្ទប់​លេខ​៥ នៅ​ភូមិ​តា​គង់​២ ដកហូត​បាន​វត្ថុ​តាង​រួម​មាន​១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ៥​កញ្ចប់​ធំ​និង​១២​កញ្ចប់​តូច​ស្មើ​និង​៥,៩១៣​ក្រាម ។ ២-​កាំភ្លើងខ្លី​ម៉ាក​K៥៩ មួយ​ដើម​បង់​១​មាន​៨​គ្រាប់ ។ ៣-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​២​គ្រឿង ។ ៤-​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ធំ ។ សរុប​ថ្នាំ​ញៀន​ដែល​បង្ក្រាប​ទាំង​៤​ដំណាក់កាល​ទី​១​នៅ​ខេត្តស្វាយរៀង ដកហូត​បាន​មាន​ទម្ងន់​៩៩.៤៤​ក្រាម នៅ​ឯ​រាជធានី​ភ្នំពេញ​មាន​ទម្ងន់​៧,២៥៧.១​ក្រាម គិត​ទាំង​សំបក​វិច​ខ្ចប់ ។ សរុប​ទាំងអស់​មាន​ទម្ងន់​៧,៣៥៦.៥៤​ក្រាម គិត​ទាំង​សំបក​វិច​ខ្ចប់ ។

ចំណែក​ជនសង្ស័យ​១-​ឈ្មោះ យូ​បញ្ញា ២-​ឈ្មោះ ហ៊ុន​ស្រី​កា ៣-​ឈ្មោះ យឹ​ម វិសាល ហៅ​ពៅ ៤-​ឈ្មោះ ជ័យ សុភាព និង​៥-​ឈ្មោះ ងូវ សុភា​រម្យ រួម​ទាំង​វត្ថុ​តាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​​ខេត្តស្វាយរៀង ចាត់ការ​តាម​នីតិវិធី​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា ២០១៨ ។ ចំណែក​ជនជាតិ​វៀតណាម​៤​នាក់ និង​ខ្មែរ​ម្នាក់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា បើ​តាម​ការ​សាកសួរ​គឺ​គ្មាន​ការ​ពាក់​ព​ន្ធ័​ក្នុង​ការ​ជួញដូរ ឬ​ចែកចាយ​គ្រឿងញៀន​ទេ ដូច្នេះ​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​និង​អប់រំ​រួច​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ ។ សរុប​ប្រតិ​បត្តិការ​នេះ​ក្រុម​ជន​ជួញដូរ​គ្រឿងញៀន​ដែល​ទាក់ទិន​ពិតប្រាកដ​មាន​៥​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ ៕ ​

អត្ថបទសរសេរ ដោយ