ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរចំនួន៣៨នាក់ ក្នុងនោះ ភ្ញៀវបរទេសចំនួន៣៣នាក់ មកពីក្រុងព្រះសីហនុ ចូលមកសៀមរាប (ពីកើតមកលិច) របស់ក្រុមហ៊ុនវីរៈប៊ុនថាំមួយគ្រឿង ខណៈកំពុងឡើងវ៉ារថយន្តផ្សេងទៀត ក៏ជ្រុលទៅបុកជាមួយរថយន្តដឹកដីយ៉ាងពេញទំហឹង (ក្នុងទិសដៅបញ្ច្រាសគ្នា និងមានល្បឿនលឿន) បណ្តាលឱ្យស្លាប់អ្នកបើកបរទាំងសងខាង ព្រមទាំងរបួសធ្ងន់-ស្រាលចំនួន៨នាក់ (មានជនជាតិបារាំងរបួសធ្ងន់១ ស្រាល១) និងបង្កឱ្យមានកកស្ទះចរាចរណ៍អស់រាប់ម៉ោង ។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង០៦ និង១០នាទីព្រឹកថ្ងៃទី១៥ វិច្ឆិកា ស្ថិតនៅលើចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ