រាជធានីភ្នំពេញ ៖ កញ្ញា ផាន់ ម៉ូនីកា មានឱកាសចេញទៅច្រៀងនៅក្រៅប្រទេសជាលើកទី១ គឺទៅប្រទេសអូស្ត្រាលី បន្ទាប់ពីនាងប្រលូកក្នុងវិស័យសិល្បៈអស់រយៈពេលជិត៨ឆ្នាំមកនេះ។ កាលពីមុននាងក៏ធ្លាប់ចេញទៅបរទេសដែរ តែមិនមែនលក្ខណៈសិល្បៈទេ គឺទៅធ្វើមុខជំនួញប៉ុណ្ណោះ ។
ទាក់ទិនទៅនឹងការធ្វើដំណើរចេញទៅច្រៀងនៅប្រទេសអូស្ត្រាលីនេះផាន់ ម៉ូនីកា ប្រាប់កោះសន្តិភាពថា នាងត្រូវចេញដំណើរនៅថ្ងៃទី១៧ កញ្ញា តែមិនទាន់កំណត់ថ្ងៃណានឹងត្រលប់មកវិញទេ អាចប្រហែលជាមួយខែ ឬមួយខែកន្លះ ។ ការធ្វើដំណើរចេញទៅប្រទេសអូស្ត្រាលីនេះមានគ្នាចំនួន៤នាក់ គឺរូបនាង លោក សុខ រក្សា និងតារាសម្តែងស្រី២នាក់ទៀត ។
ផាន់ ម៉ូនីកា មិនទាន់ដឹងច្បាស់ថា នឹងអាចទទួលបានជោគជ័យ ឬក៏យ៉ាងណាទេ សំខាន់នាងនឹងខំប្រឹងឱ្យអស់ពីលទ្ធភាពដើម្បីចាប់យកភាពជោគ ជ័យ ដោយនាងសង្ឃឹមថា បងប្អូនខ្មែរដែលរស់នៅអូស្ត្រាលីនឹងគាំទ្រដល់រូបនាងដែលជាកូនកំព្រា ។
កាលពីខែសីហា ផាន់ ម៉ូនីកា ធ្លាប់ត្រូវគេសង្ស័យថា មានអ្នកចិញ្ចឹមនិងជួយទំនុកបម្រុងក្នុងការបើកហាងស៊ុគីស៊ុប និងហាងលក់សំលៀកបំពាក់ ដែលនាងបានចំណាយដើមទុនរហូតទៅដល់ជាង៣០ម៉ឺនដុល្លារឯណោះ ។ ហាងលក់សំលៀកបំពាក់នោះគឺជាកម្មសិទ្ធិផ្ទាល់ខ្លួននាងតែម្នាក់គត់ គ្រាន់តែខ្ចីឈ្មោះលោក គង់ រ៉ាយុទ្ធ ដាក់ប៉ុណ្ណោះ ។
ចំពោះបញ្ហានេះតារាសម្តីផ្អែមផាន់ ម៉ូនីកា បញ្ជាក់ថា នាងមិនមានអ្នកចិញ្ចឹមទេ ហើយហាងស៊ុគីស៊ុប និងហាងលក់សំលៀកបំពាក់នោះគឺនាងចូលភាគហ៊ុនជាមួយលោកគង់ រា៉យុទ្ធ ដែលជាបងប្អូនជីដូនមួយនឹងគ្នា ។ នាងមិនមានប្រាក់ច្រើនទៅបើកហាងទេ ។ នាងខំប្រឹងសន្សំប្រាក់ជាច្រើនឆ្នាំរហូតដល់មានលុយគ្រប់ចូលភាគហ៊ុនជាមួយលោកគង់ រា៉យុទ្ធ ។
កញ្ញា ផាន់ ម៉ូនីកា បានចូលរួមសម្តែងក្នុងរឿងវិញ្ញាណបិសាចជញ្ជក់ឈាម ជាតួអង្គខ្មោចចងគំនុំ ។ ចំណែកឯអាជីពសិល្បៈចម្រៀងវិញនោះ ខណៈនាងមានការមមាញឹកនឹងការងាររកស៊ីផ្ទាល់ខ្លួនក៏ឃ្លាតឆ្ងាយមួយរយៈ។ ទោះជាយ៉ាងណាក្តីបទចម្រៀងរបស់នាងនៅតែមានមួយៗ តែមិនសូវជាលេចធ្លោទេ ។ អ្នកគាំទ្រនឹងរង់ចាំមើលថា តើការចេញទៅច្រៀងនៅបរទេសរបស់តារាសម្តីផ្អែមផាន់ ម៉ូនីកា នឹងបានជោគជ័យក្នុងកម្រិតណា ៕
ចែករំលែកព័តមាននេះ