ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​ធំ​ៗ​កំពុង​រំលោភ​យក​ប្រឡាយ​ឱ្យ​រួម​តូច អាជ្ញាធរ​ខណ្ឌ​មើល​អត់​ឃើញ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណង់​ខារ៉ាអូខេ​ដ៏​ធំ​មួយ​កន្លែង​កំពុង​តែ​សាងសង់​រំលោភ​ប្រឡាយ​មេ និង​ហ៊ុម​ព័ទ្ធ​បង្គោល​ភ្លើង​ភ្លោះ ដែល​អាច​បង្ក​អោយ​មាន​ហានិភ័យ ដោយ​ពុំ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ​ហាមឃាត់ និង​ទប់ស្កាត់​ឡើយ ។

ទីតាំង​ខារ៉ាអូខេ​ដែល​រំលោភ​ប្រឡាយ​នោះ ស្ថិត​នៅ​ជាប់​ផ្ទះសំណាក់​មហាសាល​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សំណង់​ដែល​រំលោភ​ប្រឡាយ​គេ​អះអាង​ថា ជា​សំណង់​ខារ៉ាអូខេ​ដៃ​អូន ដែល​បាន​ដំណើរការ​សាងសង់​ជា​ច្រើន​ខែ​មក​ហើយ​លើ​ផ្ទៃដី​ប្រមាណ​ជិត​១​ហិ​កតា ។

នៅ​ក្នុង​ការ​សាងសង់​ត្រូវ​បាន​គេ​អះអាង​ថា បាន​សង់​រំលោភ​ដី​ប្រឡាយ​មេ​នៅ​ផ្នែក​ខាងលិច ខណៈ​ពេល​ដែល​ប្រឡាយ​នេះ ត្រូវ​បាន​ម្ខា​ស់​ផ្ទះសំណាក់​មហាសាល​រំលោភ​យក​អស់​មួយ​ចំហៀង និង​បាន​ដាក់​លូ​រំលោភ​យក​ធ្វើ​ជា​កន្លែង​លាង​ម៉ូតូ​ជា​ហេតុ​ធ្វើ​ទំហំ​ផ្លូវ​ប្រឡាយ​នៅ​សល់​ប្រមាណ​តែ​៤​ម៉ែត្រ​ប៉ុណ្ណោះ ។ គេ​និយាយ​ថា អា​ចាស់​រំលោភ​យក​មិន​ទាន់​ចាត់វិធានការ​ផង អា​ថ្មី​យក​បន្ថែម​ទៀត​ដោយ​រលូន​ទៅ​ហោង ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា ប្រឡាយ​នេះ ជា​ប្រឡាយ​រំដោះ​ទឹក​មក​ពី​តំបន់​អតីត​រោងចក្រ QMI ចូល​ប្រឡាយ​នេះ​ត្រង់​ភូមិ​ត្រពាំង​ពោធិ៍ បង្កាត់​ចោម​ចៅ​៣ ព្រំប្រទល់​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម​ទៅ​ភូមិ​ត្រពាំង​ជ្រៃ​សង្កាត់​កា​កាប​ទី​២ ហើយ​ហូរ​ទម្លាក់​មក​ប្រឡាយ​នៅ​តាម​ផ្លូវ​រទេះភ្លើង​ឆ្លង​ផ្លូវដែក​ទៅ​បុរី​KC និង​ហូរ​ទំលាក់​ទៅ​ប្រឡាយ​មេ​ធំ ទួល​សំពៅ​ក្នុង​ខណ្ឌ​សែន​សុខ ។

តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា កំណាត់​ប្រឡាយ​នេះ ចាប់ពី​ភូមិ​ចាក់​ជ្រូក​ទៅ​ផ្លូវ​ទល់​ផ្លូវ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ មាន​ទទឹង​ប្រវែង​២០​ម៉ែត្រ ។ ចំណែក​ចាប់ពី​ត្រពាំង​ជ្រៃ​ទៅ​ទល់​នឹង​បុរី​ជីប​ម៉ុង​លែ​ន មាន​ទទឹង​ប្រវែង​៨​ម៉ែត្រ ។ កំណាត់​ប្រឡាយ​នេះ អនាគត​ជាគំរោង​ផ្លូវ ហើយ​នៅ​ពេល​ថ្មី​ៗ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ស្ថានភាព​ប្រឡាយ និង​បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ដាក់​លូ​ទរ ដើម្បី​រំដោះ​ទឹក ខណៈ​ពេល​ដែល​ប្រឡាយ​មួយ​នេះ ត្រូវ​បាន​មួយ​ផ្នែក​ខ្លះ​គេ​ដាក់​លូ លុប​ក្លាយជា​ផ្លូវ​រួច​ទៅ​ហើយ ។

គួរ​បញ្ជាក់​ថា កន្លង​មក ប្រឡាយ​នេះ​ត្រូវ​បាន​ផ្ទះសំណាក់​មហាសាល​បាន​សាងសង់​រំលោភ​យក​អស់​ប្រមាណ​៥​ម៉ែត្រ​ទៅ​ហើយ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដូច​ជា​ធ្វើ​មិនដឹងមិនឮ តែ​ដល់​ពេល​សង់​រួច​ក៍បាន​ចុះ​ទៅ​វាស់វែង បាញ់ថ្នាំ​តែ​ហួសពេល​ហើយ ព្រោះ​សំណង់​សង់​រួចរាល់​រហូត​ដល់​៤​ជាន់​ទៅ​ហើយ ។

ដល់​ពេល​នេះ គេ​សង់​រំលោភ​យក​ផ្នែក​ខាងកើត​ទៀត ដែល​ប្រឡាយ​២០​ម៉ែត្រ​សល់​តែ​ប្រមាណ​៤​ម៉ែត្រ និង​ដាក់​លូ​រំលោភ​យក​លាង​ម៉ូតូ​ទៀត បែរជា​អាជ្ញាធរ​ធ្វើ​មិនដឹង​ទៀត ដែល​គេ​សង្ស័យ​ថា ប្រហែល​ត្រូវ​ថ្នាំ​សណ្តំ​ហើយ ។ ម្យ៉ាងទៀត ការ​សាងសង់​ក្លោ​ង​ទ្វារ​ផ្នែក​ខាង​មុខ​ទៀត​សោត ត្រូវ​គេ​ដឹង​ថា សង់​រំលោភ​ហ៊ុម​ព័ទ្ធ​បង្គោល​ភ្លើង​របស់​រដ្ឋ​ទៀត វា​អាច​បង្ក​អោយ​កើត​មាន​ហា​នី​ភ័យ​ជយ​ថាហេតុ ។