ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្មាំទន្លេខេត្តស្ទឹងត្រែងបង្ក្រាបបទល្មើសឆក់ត្រីនៅតំបន់អភិ​រក្សសត្វផ្សោត ជនសង្ស័យរត់គេចខ្លួនបាត់ បន្សល់ទុកវត្ថុតាង

3 ថ្ងៃ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ កម្លាំង​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោតប៉ុស្តិ៍​ត្បូង​ខ្លា បាន​ចុះ​ល្បាត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​តំបន់​គ្រប់គ្រង និង​ការពារ​សត្វ​ផ្សោត នៅក្នុង​ឃុំ​អូរ​ម្រះ និង​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ដោយ​បាន​ប្រទះ​ឃើញ​ជន​សង្ស័យ​ចំនួន២​នាក់ កំពុង​ធ្វើ​សកម្មភាព​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ឆក់​ត្រី នៅ​វេលា​ម៉ោង​៣​ និង​៣០​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ ​។

យោង​តាម​របាយការណ៍​ខណ្ឌ​រដ្ឋបាល​ជលផល​ឱ្យ​ដឹង​ថា ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុង​បំពេញ​​ប្រតិបត្តិការ​ល្បាត​នៅ​ចំណុច​ក្បាលកោះ​ព្រាង ស្រាប់តែ​ប្រទះឃើញ​ទូក​មួយ​គ្រឿង​ដែល​មាន​ជនសង្ស័យ​ចំនួន២នាក់ កំពុង​ធ្វើ​សកម្មភាព​ឆក់​ត្រី​ ។ ភ្លាម​ៗ​នោះ នៅ​ពេល​ឃើញ​កម្លាំង​សមត្ថកិច្ច ជនសង្ស័យ​បាន​បើកទូក​ព្យាយាម​រត់គេច​ខ្លួនដែល​ធ្វើ​ឱ្យ​ក្រុមការងារ​ដេញ​តាម​ប្រផាប់​ចាប់​ប្រ​ភីង​ ។

ប្រភព​ដដែល​បន្ត​ថា ការ​ដេញ​តាម​បាន​បន្ត​រហូតដល់​ចំណុច​អូរ​ក្រាក ស្ថិត​ក្នុងភូមិ​អូរ​ឡង់ ឃុំ​សៀម​បូក ស្រុក​សៀម​បូក ដែល​នៅ​ទីនោះ​ជនសង្ស័យ​បាន​បើកទូក​បុក​ច្រាំង រួច​នាំ​គ្នា​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់ទុក​វត្ថុ​តាង​មួយ​ចំនួន​នៅ​កន្លែង​កើតហេតុ​ ។ សម្រាប់​វត្ថុ​តាង​ដែល​កម្លាំង​ជំនាញ​បាន​ប្រមូល​យក​រួម​មាន​៖ ទូក​ស្មាច់​ប្រវែង៥,៩ ម៉ែត្រ ចំនួន១​គ្រឿង​,​ម៉ាស៊ីន​ហ៊ី​ណូ​តា កម្លាំង២៥​សេះ ចំនួន១​គ្រឿង​.​អា​គុយ JP ទំហំ ៧០​អំពែ ចំនួន១​គ្រឿង​, ក្បាល​ឆក់​ក្តៅចំនួន១​គ្រឿង​, ​ត្រី​ចម្រុះ ទម្ងន់​ប្រមាណ២៥​គីឡូក្រាម​ស្បៃ​ដាក់​ត្រី ចំនួន២, ​ថ្នង​ដួស​ត្រីចំនួន២​គ្រឿង​, ​ខ្សែភ្លើង​ប្រវែង៥​ម៉ែត្រ​ និងខ្សែកាប​ប្រវែង៤​ម៉ែត្រ​ ។

ជុំវិញ​ករណី​នេះ បច្ចុប្បន្ន​ មន្ត្រី​ជំនាញ​ជលផល​កំពុង​បន្ត​ការ​ស្រាវជ្រាវ​ និង​ស្វែងរក​អត្តសញ្ញាណ​​ជនសង្ស័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​បញ្ជូន​សំណុំរឿង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ ។

សូម​បញ្ជាក់​ថា ការ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី គឺជា​សកម្មភាព​នេសាទ​ខុសច្បាប់​ដែល​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​ជលផល និង​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ទន្លេ ជា​ពិសេស​តំបន់​​ជម្រក​សត្វ​ផ្សោត ដែល​ត្រូវការ​ការ​ចូលរួម​ការពារ​ពី​គ្រប់​ភាគី ដើម្បី​ធានា​និរន្តរភាព​ធនធានធម្មជាតិ​ ៕