ពន្ធនាគារខេត្ត រៀបចំកម្មវិធីអប់រំសីលធម៌ និងព្រះធម៌ ដល់ជនជាប់ឃុំចំនួន ២៥នាក់ ដើម្បីដាស់តឿនស្មារតីឱ្យកែប្រែខ្លួនជាពលរដ្ឋល្អ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ ក្នុងបរិយាកាសនៃថ្ងៃសីលដ៏មានអត្ថន័យ បុគ្គលិកអប់រំ និងមន្ត្រីជំនាញនៃពន្ធនាគារ បានរៀបចំកម្មវិធីអនុវត្តព្រះធម៌ និងអប់រំស្មារតីជូនដល់ជនជាប់ឃុំ ដើម្បីជាស្ពានចងក្រងស្មារតីស្ដាយក្រោយកំហុស និងបណ្តុះគ្រាប់ពូជនៃសេចក្តីល្អ ក្នុងការត្រឡប់ខ្លួនជាមនុស្សថ្មីក្នុងសង្គមវិញ។
យោងតាមមន្ត្រីពន្ធនាគារ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៨និង១៥នាទីព្រឹក ក្រោមការចាត់តាំងពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនា ប្រធានពន្ធនាគារ លោកវរអគ្គានុរក្សថ្នាក់លេខ២ ម៉ា គឹមសៀង ប្រធានការិយាល័យអប់រំកែប្រែ និងស្តារនីតិសម្បទា បានដឹកនាំមន្ត្រីជំនាញសហការជាមួយការិយាល័យប្រតិបត្តិ បញ្ចេញជនជាប់ឃុំសរុបចំនួន ២៥នាក់ មកចូលរួមបំពេញកិច្ចប្រតិបត្តិព្រះធម៌ នៅរោងបុណ្យក្នុងកំផែងពន្ធនាគារ។
កិច្ចដំណើរការនៃកម្មវិធីនេះ រៀបចំឡើងស្របតាមគោលនយោបាយ និងវិន័យកែប្រែរបស់អគ្គនាយកដ្ឋានពន្ធនាគារ ដែលផ្តោតសំខាន់លើការស្តារនីតិសម្បទាផ្លូវចិត្ត។ តាមរយៈការអនុវត្តព្រះធម៌ សមាធិ និងការស្តាប់ធម៌ទេសនា ជនជាប់ឃុំទទួលបានឱកាសគិតពិចារណាឡើងវិញអំពីកំហុសឆ្គងដែលបានសាងឡើងក្នុងអតីតកាល រហូតនាំឱ្យត្រូវទទួលទណ្ឌកម្មបាត់បង់សេរីភាព ក៏ដូចជាការឆ្លុះបញ្ចាំងពីតម្លៃនៃសេចក្តីសុខសន្តិភាពក្នុងខ្លួន។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា៖ការអនុវត្តព្រះធម៌នាពេលនេះ មិនមែនត្រឹមតែជាការលាងជម្រះនូវភាពស្រពិចស្រពិលក្នុងចិត្តនោះទេ ប៉ុន្តែវាគឺជាឱកាសមាសសម្រាប់ជនជាប់ឃុំក្នុងការផ្ដាច់ខ្លួនចេញពីអំពើអាក្រក់ តាំងចិត្តតមប្រប និងសាងកុសលផលបុណ្យ ដើម្បីកសាងតម្លៃជីវិតឡើងវិញ ត្រៀមខ្លួនជាស្រេចក្នុងការវិលត្រឡប់ទៅក្នុងរង្វង់គ្រួសារ និងសង្គមជាតិវិញក្នុងនាមជាពលរដ្ឋ ដែលមានប្រយោជន៍។
លោកបន្តថា កម្មវិធីអប់រំកែប្រែ និងស្តារនីតិសម្បទានេះ គឺជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងការអនុវត្តកិច្ចការមនុស្សធម៌របស់ពន្ធនាគារ ដោយមិនត្រឹមតែផ្ដល់ការឃុំឃាំងប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវការអប់រំផ្លូវចិត្ត សីលធម៌ និងបណ្តុះមនសិការស្នេហ៍សន្តិភាព ដើម្បីឱ្យជនជាប់ឃុំគ្រប់រូបអាចដើរលើគន្លងផ្លូវត្រូវក្រោយពេលផុតទណ្ឌកម្ម៕


ចែករំលែកព័តមាននេះ