ក្រសួងសាធារណការចុះសិក្សាផ្ទាល់លើករណីបា.ក់ស្រុ.តជញ្ជាំងច្រាំងទន្លេ ដើម្បីរៀបចំផែនការជួសជុលបន្ទាន់
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ក្រុមមន្ត្រីជំនាញបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយស្ថាប័នមានសមត្ថកិច្ចខេត្តស្ទឹងត្រែង បានចុះធ្វើការរពិនិត្យស្ថានភាពបាក់ស្រុតជញ្ជាំងថ្មការពារច្រាំងទន្លេ ត្រង់ចំណុចកំពង់សាឡាងចាស់ ក្នុងក្រុងស្ទឹងត្រែង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីស្វែងរកវិធានការស្តារឡើងវិញ។ គួររំលឹកថា ភ្ញាក់ផ្អើលខ្លាំង! បា.ក់ជញ្ជាំងច្រាំងទន្លេនៅតំបន់កំពង់សាឡាង ក្រុងស្ទឹងត្រែង ខណៈអាជ្ញាធរកំពុងជួសជុលកែលម្អឡើងវិញ
លោក ហូរ រដ្ឋា ទីប្រឹក្សាបច្ចេកទេសក្រសួងសាធារណការ បានលើកឡើងថា ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងប្រមូលទិន្នន័យ និងរកមូលហេតុជាក់ស្តែងដែលនាំឱ្យមានការស្រុតបាក់ ដើម្បីធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង។ លោកបានបន្ថែមថា ភាគីក្រសួងនឹងសហការជាមួយក្រុមហ៊ុនម៉ៅការអភិវឌ្ឍន៍ និងរដ្ឋបាលមូលដ្ឋាន ដើម្បីចាត់ចែងជួសជុលកែលម្អឡើងវិញតាមលក្ខណៈបច្ចេកទេស និងរចនាបទដើម សំដៅធានាភាពរឹងមាំព្រមទាំងស្ដារសោភ័ណភាពតំបន់នោះឱ្យល្អប្រសើរឡើងវិញ។
ទាក់ទងនឹងបញ្ហានេះ លោក ស គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា ក្នុងដំណាក់កាលដំបូង ក្រុមការងារត្រូវចាត់វិធានការវាយកម្ទេចផ្ទាំងថ្មដែលរងការខូចខាតចេញ ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងអាជីវករដែលធ្វើដំណើរឬដោះដូរទំនិញនៅតំបន់ខាងក្រោម។ លោកបន្តថា បន្ទាប់ពីការសិក្សាបច្ចេកទេសត្រូវបានបញ្ចប់ និងដាក់ជូនក្រសួង ក្រុមហ៊ុននឹងត្រូវទទួលខុសត្រូវលើការចំណាយថវិកាជួសជុលឱ្យបានឆាប់រហ័សបំផុត។
លោក លី មីណា អភិបាលក្រុងស្ទឹងត្រែង បានអះអាងថា អាជ្ញាធរបានចេញសេចក្តីសម្រេចហាមឃាត់សាធារណជន ឬភ្ញៀវទេសចរមិនឱ្យចូលទៅកាន់តំបន់កើតហេតុនេះជាដាច់ខាត។ ជាមួយគ្នានេះ រដ្ឋបាលក្រុងបានដាក់ពង្រាយកម្លាំងសមត្ថកិច្ចយាមកាមនិងតាមដានជាប្រចាំ ដើម្បីបង្ការកុំឱ្យមានឧបទ្ទវហេតុអយុត្តិធម៌ណាមួយកើតឡើងចំពោះអ្នកដំណើរដែលមិនដឹងរឿង។
គួរបញ្ជាក់ផងដែរថា មហាជននិងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានទម្លាក់ការទទួលខុសត្រូវទៅលើក្រុមហ៊ុនអភិវឌ្ឍន៍ ដោយអះអាងថា មូលហេតុនៃការបាក់ស្រុតប្រវែងជាង ៣០ម៉ែត្រ ទទឹងជាង ១១ម៉ែត្រ និងកម្ពស់ជាង ៦ម៉ែត្រ នៅតាមបណ្តោយមាត់ទន្លេក្នុងក្រុងនេះ គឺបណ្តាលមកពីការដាក់ធុងទឹកខ្នាតយក្សចំនួនពីរលើសទម្ងន់ រួមផ្សំនិងការលេចធ្លាយទុយោទឹកជ្រាបចូលក្នុងដី ព្រមទាំងមានភ្លៀងធ្លាក់ជោគជាំខ្លាំងកន្លងមក ទើបបណ្តាលអោយកើតមានករណីកើតឡើង ដែលតម្រូវឱ្យក្រុមហ៊ុនត្រូវទទួលខុសត្រូវដោះស្រាយឱ្យបានទាន់ពេលវេលា៕









ចែករំលែកព័តមាននេះ