ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តមណ្ឌលគិរី រៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៣ នៃ​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត​កង​យោធ​ពល​ខេមរភូមិន្ទ

1 ថ្ងៃ មុន

ខេត្តមណ្ឌលគិរី ៖ ដើម្បី​រំលឹក​ដល់​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុង្គឧត្តម និង​ព្រះរាជ​បេសកកម្ម​ដ៏​ថ្លៃថ្លា​បំផុត​របស់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​» ដែល​ព្រះ​អង្គ​បាន​លះបង់​ព្រះ​កាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​តស៊ូ​ទាមទារ​ឯករាជ្យ​ពេញ​បរិបូរណ៍​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​ពី​អាណានិគមនិយម​បារាំង កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៦ រដ្ឋបាល​ខេត្តមណ្ឌលគិរី​បាន​រៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៣ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​កំណើត​កង​យោធពលខេមរភូមិន្ទ យ៉ាង​មហោឡារិក នៅ​បរិវេណ​វិមាន​ឯករាជ្យ ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ​។

ពិធី​ដ៏​មាន​អត្ថន័យ​នេះ​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ម៉ែ​ន ង៉ុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម គង់ គឹ​ម​នី អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោក​ជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត ព្រះ​មេគណ​ទាំង​ពីរ​គណៈ លោក​-​លោកស្រី​អភិបាលរង​ខេត្ត ព្រះរាជអាជ្ញា មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ប្រធាន​ពន្ធនាគារ​ខេត្ត ប្រធាន​-​អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ក្រុម​យុវជន​កាយរឹទ្ធិ ក្រុម​យុវជន ស​.​ស​.​យ​.​ក​. ក្រុម​យុវជន ស​.​យ​.​ស​.​ស​. និង​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ជនជាតិ​យ៉ាងច្រើន​កុះករ​។

ឯកឧត្តម គង់ គឹ​ម​នី អភិបាលខេត្ត បាន​សម្តែង​នូវ​ការ​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុង្គឧត្តម​របស់ «​ព្រះ​បរម​រតន​កោដ្ឋ​» និង​បាន​សម្តែង​នូវ​ការ​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​ចំពោះ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះ​អង្គ​ទ្រង់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ និង​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ​។

ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​គូសបញ្ជាក់​ពី​ការ​ដឹងគុណ​យ៉ាង​ធំធេង​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ដែល​បាន​នាំ​មក​នូវ​សន្តិភាព​ពេញលេញ​ជូន​ជាតិ តាម​រយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ និង​បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​ថាមពល​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដែល​បន្ត​រក្សា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ប្រកបដោយ​ចីរភាព​។

ឯកឧត្តម​អភិបាលខេត្ត បាន​លើក​ឡើង​ផង​ដែរ​ថា រយៈពេល ៧៣​ឆ្នាំ​កន្លង​មកនេះ ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ដំណាក់កាល​ប្រវត្តិសាស្ត្រ​ជា​ច្រើន ប៉ុន្តែ​ដោយសារ​ស្មារតី​ស្នេហា​ជាតិ និង​ឆន្ទៈ​មោះមុត​របស់​ប្រជាជន ទើប​មាតុភូមិ​យើង​ទទួល​បានការ​អភិវឌ្ឍ​រីក​ចម្រើន​ជា​បន្តបន្ទាប់​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​រំលឹក​គុណូបការៈ​ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កង​យោធពលខេមរភូមិន្ទ នាយទាហាន ពល​ទាហាន អតីត​យុទ្ធ​ជន ព្រមទាំង​វីរ​យុទ្ធ​ជន វីរ​យុទ្ធ​នារី​ទាំងអស់ ដែល​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​៕