ដើម្បីសោភ័ណភាពក្នុងមូលដ្ឋាន រដ្ឋបាលខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌ៧មករា បានបន្តយុទ្ធនាការ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងរៀបចំរបៀបរៀបរយតាមដងផ្លូវ ដើម្បីលើកកម្ពស់អនាម័យ បរិស្ថាន និងសោភណភាពក្នុងមូលដ្ឋាន ឱ្យកាន់តែមានភាពស៊ីវិល័យ និងសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ណុប ផា អភិបាលរងខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាលខណ្ឌ បានដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ ក្នុងមូលដ្ឋានខណ្ឌ៧មករា ដើម្បីលើកកម្ពស់អនាម័យ និងសោភណ្ឌភាព ដងផ្លូវ ។
លោក ណុប ផា អភិបាលរងខណ្ឌ៧មករា បានឱ្យដឹងថា ប្រតិបត្តិការចុះរៀបចំសណ្តាប់ធ្នាប់នាព្រឹកនេះ បានអនុវត្តចាប់ពីចំណុចស្តុបផ្សារឌុយមិច (ផ្លូវលេខ ១០៩) កំណាត់ផ្លូវលេខ ២១៧ ផ្លូវលេខ ១៦១ និងផ្លូវលេខ ១៦៤។ ក្នុងសកម្មភាពនេះ កម្លាំងសមត្ថកិច្ចបានណែនាំដល់អាជីវករ និងប្រជាពលរដ្ឋ មិនឱ្យមានការលក់ដូររំលោភលើចិញ្ចើមផ្លូវ ការតាំងផ្លាកយីហោខុសបច្ចេកទេស និងការចតយានយន្តអនាធិបតេយ្យ ដែលជាហេតុបង្កឱ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សោភណ្ឌភាពទីក្រុង ។
ជាចុងក្រោយ អាជ្ញាធរបានអប់រំ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករទាំងអស់ ឱ្យចូលរួមសហការរៀបចំការលក់ដូរ និងចតយានយន្តឱ្យមានរបៀបរៀបរយ ដោយមិនត្រូវរំលោភលើចិញ្ចើមផ្លូវសាធារណៈឡើយ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងបង្កើនសោភណ្ឌភាពក្នុងខណ្ឌឱ្យកាន់តែប្រសើរឡើង ។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលខណ្ឌ៧មករា នឹងបន្តសកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដោយរក្សាអនាម័យ បោះសំរាមឱ្យបានត្រឹមត្រូវ និងមិនរំលោភយកចិញ្ចើមផ្លូវសាធារណៈ ដើម្បីរួមចំណែកធ្វើឱ្យរាជធានីភ្នំពេញមានសោភណ្ឌភាព ស្អាត និងមានរបៀបរៀបរយជានិច្ច ៕






ចែករំលែកព័តមាននេះ