ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ បន្ត​ចុះ​ផ្សព្វផ្សាយ​ឱកាស​ការងារ​ជាង​ ២​ពាន់​កន្លែង អត្ថប្រយោជន៍ ប​.​ស​.​ស​. និង​កម្មវិធី TVET ជូន​ដល់​អតីត​ពលករ​ នៅខេត្តកំពត

4 ថ្ងៃ មុន
  • កំពត

ខេត្ត​កំពត​ ៖ តាម​រយៈ​វេទិកា​ការងារ សន្តិសុខ​សង្គម និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​ អំពី​ឱកាស​ការងារ​ក្នុងស្រុក​ជាង ​២​ពាន់​កន្លែង អត្ថប្រយោជន៍ ប​.​ស​.​ស​. និង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ TVET ផ្តល់​ជូន​បងប្អូន​អតីត​ពលករ ​ដែល​ធ្លាប់​ធ្វើការ​នៅ​ថៃ និង​យុវជន​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ​ប្រមាណ​ជិត ​៤០០​នាក់ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​បរិវេណ​សាលាស្រុក​បន្ទាយមាស ខេត្តកំពត ​។

លោកស្រី ស៉ើ​ង សរ​សុចិត្តា រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើកទឹកចិត្ត​ដល់​បងប្អូន​អតីត​ពលករ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​វេទិកា​នេះ ឱ្យ​ចេះ​ចាប់​យក​ឱកាស​ការងារ ​ដែល​ខ្លួន​ពេញចិត្ត​ឱ្យ​បាន ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ទៀងទាត់ ជំរុញ​ជីវភាព​រស់នៅ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ ។ ចំពោះ​បងប្អូន​ដែល​ចង់​រៀន​ជំនាញ​វិជ្ជាជីវៈ អាច​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​ដែល​ខ្លួន​ពេញចិត្ត ជា​ពិសេស​ចូល​រៀន​ជាមួយ​កម្មវិធី TVET 1.5M ដែល​ផ្ដល់​ជូន​ដោយ​រាជរដ្ឋាភិបាល​ដោយ​ឥត​គិតថ្លៃ ដើម្បី​កសាង​ជំនាញ​ពិតប្រាកដ និង​ប្រើប្រាស់​ជា​ទុន​ សម្រាប់​ជំរុញ​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​រីក​លូតលាស់​ទៅ​មុខ ​។

លោក​ស្រីរដ្ឋលេខាធិការ​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រៅពី​ប្រាក់​ឈ្នួល​សមរម្យ និង​អត្ថប្រយោជន៍​ផ្សេង​ៗ ការងារ​ក្នុងស្រុក​ក៏​ផ្តល់​នូវ​អត្ថប្រយោជន៍​ពី ប​.​ស​.​ស​. រួម​មាន ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​សោធន ​។ ប្រសិនបើ​ចង់ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់ ក៏​សូម​ជ្រើសរើស​ក្រុមហ៊ុន​ស្របច្បាប់ ដើម្បី​ទទួល​បានការ​ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​ពេញលេញ ​។

លោក​ជំទាវ​ក៏​បាន​សំណូមពរ​ ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ផ្សព្វផ្សាយ​បន្ត​ ពី​ឱកាស​ការងារ អត្ថប្រយោជន៍ ប​.​ស​.​ស​. និង​កម្មវិធី TVET ជូន​ដល់​សមាជិកគ្រួសារ សាច់ញាតិ និង​មិត្តភក្តិ​បន្ត​ទៀត ដើម្បី​ជួយ​គ្នា​ឱ្យ​ទទួល​បានការ​ងារ​ធ្វើ មាន​ប្រាក់​ចំណូល​សមរម្យ ​។ ប្រសិនបើ​បងប្អូន​អតីត​ពលករ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​ចូលរួម ​ក្នុង​វេទិកា​នេះ​មាន​ច​ម្ង​ល់​ចង់​សាកសួរ​ព័ត៌មាន​បន្ថែម គឺ​អាច​ទាក់ទង​មក​លេខ Hotline ១២៩៧ សម្រាប់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ឱកាស​ការងារ ឬ​រៀន​ជំនាញ​វិជ្ជាជីវៈ និង​លេខ ១២៨៦ សម្រាប់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង ប​.​ស​.​ស​. ផង​ដែរ ​។

សូម​បញ្ជាក់​ថា ឱកាស​ការងារ​ទាំងនេះ ត្រូវ​បាន​ផ្តល់​ដោយ​ក្រុមហ៊ុន ថា​កូ អា​ហ្គ្រី​, រោងចក្រ ហ្គូ​វ៉ាង ស្ទេ​ត (​ខេ​ម​បូ​ឌា​)​ ហ្វូ​ត​ឯ​.​ក​, ធនាគារ ABA (​ខេត្តកំពត​) ព្រមទាំង​ក្រុមហ៊ុន មង្គល អេ​ច​អ ដែល​ជា​ក្រុមហ៊ុន​ជ្រើសរើស ​ទៅ​ប្រទេស​ជប៉ុន​ផង​ដែរ​ ៕ អត្ថបទសហការ