ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ ចូលរួម​សម្ពោធ “​សម្ព័ន្ធ​អតីតជន​ជាតិខ្មែរ​នៅ​​អ៊ីស្រា​អែ​ល​” ដែលជា​ឱកាស​ភ្ជាប់​ទំនាក់ទំនង និង​ជា​កម្លាំង​ច​លករ​ថ្មី ​សម្រាប់​អភិវឌ្ឍ​មូលធន​មនុស្ស

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​សហ​អធិបតី​ ជាមួយ​លោក Rami Teplitskiy អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​រដ្ឋ​​អ៊ីស្រា​អែ​ល ក្នុង​ពិធី​សម្ពោធ “​សម្ព័ន្ធ​អតីតជន​ជាតិខ្មែរ​នៅ​​អ៊ីស្រា​អែ​ល​” (ACI) និង​ការ​ចាប់ផ្តើម​នៃ​ក្លឹ​ប​សា​លម (Shalom) នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ Himawari ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង តំណាង​ស្ថានទូត​អ៊ីស្រា​អែ​ល កុងស៊ុល​កិត្តិយស​​អ៊ីស្រា​អែ​ល សភាពាណិជ្ជកម្ម​កម្ពុជា​-​​អ៊ីស្រា​អែ​ល និង​អតីត​និស្សិត​ជា​ច្រើន​រូប​ ។ កម្មវិធី​នេះ​ជា​ការ​ភ្ជាប់​ទំនាក់ទំនង ​រវាង​អតីត​និស្សិត​មក​ពី​វិស័យ និង​ជំនាន់​ផ្សេង​ៗ ដើម្បី​ចែករំលែក​ជំនាញ ចំណេះដឹង និង​បទ​ពិសោធ ព្រមទាំង​ពង្រឹង​ភាព​ជា​ដៃគូ​ កម្ពុជា​-​​អ៊ីស្រា​អែ​ល ជា​ពិសេស​លើ​វិស័យ​មូលធន​មនុស្ស នវានុវត្តន៍ កសិកម្ម និង​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

ថ្លែង​ទៅ​កាន់​អង្គពិធី ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សម្ព័ន្ធ ACI ទីភ្នាក់ងារ MASHAV ស្ថានទូត​​អ៊ីស្រា​អែ​ល កុងស៊ុល​កិត្តិយស​នៃ​រដ្ឋ​​អ៊ីស្រា​អែ​ល​ប្រចាំ​កម្ពុជា និង​សភាពាណិជ្ជកម្ម​កម្ពុជា​-​​អ៊ីស្រា​អែ​ល ដែល​បាន​សហការ​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ឡើង សំដៅ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​​អ៊ីស្រា​អែ​ល ។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ បាន​បង្កើត​នូវ​ក្របខ័ណ្ឌ​ស្ថាប័ន​ដ៏​សំខាន់​ ក្នុង​ការ​ប្រែក្លាយ​ជំនាញ និង​សមត្ថភាព​បុគ្គល​ម្នាក់​ៗ​ទៅ​ជា​កម្លាំង​ច​លករ​យុទ្ធសាស្ត្រ​ សម្រាប់​អភិវឌ្ឍ​ជាតិ ហើយ​ការ​ចាប់ផ្តើម​នៃ​ក្លឹ​ប​សា​លម​ជា​ការ​ភ្ជាប់​កម្ពុជា​ ទៅ​នឹង​ចលនា​សកល​នៃ​ក្លឹ​ប ដែល​នឹង​ជួយ​សម្រួល​ដល់​ការ​ចែករំលែក​បទ​ពិសោធ ចំណេះដឹង និង​ការ​ផ្តួចផ្តើម​គំនិត​ដែល​ជំរុញ​ដោយ​សហគមន៍ ដើម្បី​ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​-​សង្គម​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា ជា​ពិសេស​គឺជា​ការ​ចូលរួម​ដ៏​សំខាន់​មួយ ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវការ ដើម្បី​សម្រេច​ចក្ខុវិស័យ​ឆ្នាំ​២០៥០ កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ​។

ឯកឧត្តម​មាន​ប្រសាសន៍​ថា ផ្អែក​លើ​ជោគជ័យ​នា​ពេល​កន្លង​មក យ៉ាង​ហោច​ណាស់​ពលករ​កម្ពុជា​ចំនួន​ ២​ពាន់​នាក់​ នឹង​ទទួល​បាន​ឱកាស ចូលរួម​ក្នុង​កម្មវិធី​ការងារ និង​បណ្តុះបណ្តាល​នៅ​អ៊ីស្រា​អែ​ល លើ​វិស័យ​កសិកម្ម​ទំនើប ប្រព័ន្ធ​ស្រោចស្រព បច្ចេកវិទ្យា​ផ្ទះ​កញ្ចក់ ការ​គ្រប់គ្រង​ទឹក​ឆ្លាត​វៃ និង​ការ​គ្រប់គ្រង​ធនធាន​ប្រកបដោយ​ចីរភាព តាម​រយៈ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​គ្នា​កាលពី​ខែធ្នូ ឆ្នាំ​២០២៥​ ។ ឯកឧត្តម​បាន​លើកទឹកចិត្ត​ ដល់​អតីត​និស្សិត​ឱ្យ​ចូលរួម​ចែករំលែក​ជំនាញ បទ​ពិសោធ និង​ធ្វើ​ជា​អ្នក​ណែនាំ​ដល់​យុវជន​ជំនាន់​ក្រោយ ជា​ពិសេស​ជួយ​គាំទ្រ​ពលករ​កម្ពុជា ​ដែល​មាន​បំណង​ទៅ​បំពេញការងារ​ នៅ​​អ៊ីស្រា​អែ​ល និង​ចូលរួម​ជា​គ្រូឧទ្ទេស​ជួយ​បំប៉ន​សមត្ថភាព​ពលករ ​ឱ្យ​មាន​ជំនាញ​បច្ចេកទេស​ចាំបាច់ សមត្ថភាព​ចេះ​ភាសា​កម្រិត​មូលដ្ឋាន និង​យល់​ដឹង​ពី​វប្បធម៌​អ៊ីស្រា​អែ​ល ។ ឯកឧត្តម​សង្ឃឹម​យ៉ាង​មុតមាំ​ថា សម្ព័ន្ធ ACI និង​ក្លឹ​ប​សា​លម នឹង​ក្លាយជា​កម្លាំង​ច​លករ​ដ៏​រឹង​មាំ ​ក្នុង​ការ​ជំរុញ​នវានុវត្តន៍ ឧត្តមភាព​វិជ្ជាជីវៈ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​នានា និង​ធ្វើ​ឱ្យ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ បន្ត​រីក​ចម្រើន​ដែល​ផ្តល់​ឧត្តម​ប្រយោជន៍​យូរអង្វែង​ ដល់​ប្រជាជាតិ​ទាំង​ពីរ ​។

នា​ឱកាស​នោះ លោក Rami Teplitskiy បាន​គូសបញ្ជាក់​ថា គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​បណ្តុះបណ្តាល និង​អភិវឌ្ឍ​អ្នកដឹកនាំ​ជំនាន់​ក្រោយ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​​អ៊ីស្រា​អែ​ល លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា ​។ លោក​ក៏​បាន​លើក​ឡើង​ពី​សារៈសំខាន់ ​នៃ​មូលធន​មនុស្ស ចំណេះដឹង នវានុវត្តន៍ និង​ភាព​ច្នៃប្រឌិត ដែល​ជា​ធនធាន​ដ៏​មាន​តម្លៃ​បំផុត និង​ជួយ​ឱ្យ​​អ៊ីស្រា​អែ​ល​សម្រេច​បាន​ នូវ​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ ក្នុង​វិស័យ​កសិកម្ម ការ​គ្រប់គ្រង​ទឹក បច្ចេកវិទ្យា និង​វិស័យ​ផ្សេង​ៗ​ទៀត ​៕ អត្ថបទសហការ