ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ជួប​សំណេះសំណាល និង​ជូន​ដំណើរ​យុវជន​ស្ម័គ្រចិត្ត​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​ចំនួន​៨០​នាក់ ទៅ​កាន់​សាលា​ហ្វឹកហ្វឺន

2 អាទិត្យ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ប៉ៃលិន លោក គោ​ស៊ុំ ប៊ុ​ន​សឿ​ត អភិបាលរង​ខេត្ត​ប៉ៃលិន តំណាង​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សំណេះសំណាល និង​ជូន​ដំណើរ​យុវជន​ស្ម័គ្រចិត្ត​ចូល​បំពេញ​កាតព្វកិច្ច​យោធា​ចំនួន​៨០​នាក់ ទៅ​កាន់​សាលា​ហ្វឹកហ្វឺន​កងទ័ព ដើម្បី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​យោធា ត្រៀមខ្លួន​ការពារ​បូរណភាព​ទឹកដី និង​សន្តិសុខ​ជាតិ​។

ថ្លែង​ក្នុង​ឱកាស​នោះ ​លោក គោ​ស៊ុំ ប៊ុ​ន​សឿ​ត បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាលខេត្ត ព្រមទាំង​បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្មារតី​ស្នេហា​ជាតិ មោះមុត និង​ការ​លះបង់​របស់​យុវជន​ទាំងអស់ ដែល​បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ជាតិ​មាតុភូមិ​។

លោក​បាន​គូសបញ្ជាក់​ថា ខេត្ត​ប៉ៃលិន គឺជា​ទឹកដី​ប្រវត្តិសាស្ត្រ​ដែល​ធ្លាប់​ឆ្លងកាត់​ភ្លើងសង្គ្រាម​ដ៏​ជូរ​ចត់ ប៉ុន្តែ​ត្រូវ​បាន​បិទ​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង​ក្រោម «​នយោបាយ​ឈ្នះ​-​ឈ្នះ​» របស់ សម្តេច​តេ​ជោ ហ៊ុន សែន​។ ដូច្នេះ ប្រជាពលរដ្ឋ និង​ក្មួយ​ៗ​យុវជន​នៅ​ទី​នេះ យល់​ច្បាស់​ជាងគេ​អំពី «​តម្លៃ​នៃ​សន្តិភាព​» ដែល​កើត​ចេញពី​ញើស​ឈាម និង​ការ​ពលី​ជីវិត​របស់​បុព្វបុរស​ជំនាន់​មុន​។ ការ​ស្ម័គ្រចិត្ត​ចូល​បម្រើកងទ័ព​នា​ពេល​នេះ គឺជា​ការ​បន្តវេន​បេសកកម្ម​ដ៏​ពិសិដ្ឋ ក្នុង​ការ​ការពារ​សុខ​សន្តិភាព ស្ថិរភាព​សង្គម និង​បូរណភាព​ទឹកដី ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​អភិបាលរង​ខេត្ត បាន​សង្កត់ធ្ងន់​ថា ការ​ហ្វឹកហ្វឺន​របស់​កងទ័ព​មិនមែន​ជា​បន្ទុក ឬ​ការ​លំបាក​ឡើយ តែ​ជា «​សាលា​បណ្តុះបណ្តាល​ជីវិត​ដ៏​មាន​តម្លៃ​បំផុត​»​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​បាន​ផ្តល់​ការ​ណែនាំ​សំខាន់​ៗ​ចំនួន​៣​ចំណុច ដល់​យោធិន​ថ្មី​ទាំងអស់ រួម​មាន​៖ ទី​១-ត្រូវ​យកចិត្តទុកដាក់​គោរព​វិន័យ បទបញ្ជា និង​សណ្តាប់ធ្នាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ ដែល​ជា​គ្រឹះ​នៃ​ការ​កសាង​បុគ្គលិក​លក្ខណៈ​ពលរដ្ឋ​ល្អ ទី​២-ត្រូវ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង មិត្តភាព ភាព​ស្និទ្ធស្នាល និង​ចេះ​ជួយ​យកអាសា​គ្នា​ក្នុង​ពេល​ហ្វឹកហ្វឺន និង​រស់នៅ​រួម​គ្នា និង​ទី​៣-ត្រូវ​ខិតខំ​ពង្រឹងសមត្ថភាព កាយសម្បទា​ឱ្យ​រឹង​មាំ និង​មាន​ភាព​អត់ធ្មត់​ខ្ពស់​ចំពោះ​គ្រប់​ឧបសគ្គ​។

ទន្ទឹម​នឹង​នេះ លោក​បាន​លើក​ឡើង​អំពី​កា​រវិ​វត្ត នៃ​ច្បាប់​ស្តី​ពី​កាតព្វកិច្ច​យោធា​ថ្មី ដែល​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដើម្បី​ពង្រឹង​ខឿន​ការពារ​ជាតិ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក៏​ដូច​ជា​រដ្ឋបាល​ខេត្ត​ប៉ៃលិន តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​របប​ឧបត្ថម្ភ អាហារ សម្លៀក​បំពាក់ ឯកសណ្ឋាន ព្រមទាំង​ការ​ធានា​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ និង​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​បន្ថែម ដើម្បី​ធានា​ថា ក្រោយ​បញ្ចប់​កាតព្វកិច្ច​យោធា យុវជន​ទាំងអស់​នឹង​មាន​អនាគត និង​ឱកាស​ការងារ​ល្អ​ប្រសើរ​។

ជា​ចុង​ក្រោយ គណៈអធិបតី​បា​នប​ពាក់​កន្សែង​លើកទឹកចិត្ត និង​ជូនពរ​ដល់​យោធិន​ថ្មី​ទាំង ៨០​នាក់ ឱ្យ​ទទួល​បាន​សុខភាព​ល្អ​បរិបូរណ៍ មាន​ស្មារតី​រឹង​មាំ សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ និង​សម្រេច​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ក្នុង​វគ្គ​ហ្វឹកហ្វឺន ដើម្បី​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន​យ៉ាង​ពេញលេញ​៕