ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាងស្តុកទឹកនៅភាគនិរតីនៃរាជធានីភ្នំពេញ មានសក្តានុពលបម្រើផលកសិកម្មគ្រប់រដូវ និងជួយកាត់បន្ថយគ្រោះទឹកជំនន់

5 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជប៉ុន​ផ្តល់​ឥណទាន​សម្បទាន​ជាង ៣២ ពាន់​លាន​យ៉េន ស្តារ និង​កែ​លម្អ​ប្រព័ន្ធ​ស្រោចស្រព​ភាគ​និរតី​រាជធានី​ភ្នំពេញ បម្រើ​ផលប្រយោជន៍​ដី​កសិកម្ម​រាប់​ម៉ឺន​ហិ​កតា និង​ប្រព័ន្ធ​រំដោះ​ទឹក ។ លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យ​ដឹង​ថា ៖ «​គោលបំណង​នៃ​គម្រោង គឺ​ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម និង​កាត់​បន្ថយ​ការ​ខូចខាត​ដោយសារ​ទឹកជំនន់​នៅ​តាម​តំបន់​ជនបទ និង​តំបន់​ជួប​ការ​លំបាក តាម​រយៈ​ការ​ស្តារ​ឡើង​វិញ និង​កែ​លម្អ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​រំដោះ​ទឹក​ដែល​មាន​ស្រាប់ ដើម្បី​រួមចំណែក​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​» ។

សូម​ជម្រាប​ថា «​គម្រោង​កែ​លម្អ និង​ស្តារ​ឡើង​វិញ​ប្រព័ន្ធ​ស្រោចស្រព និង​រំដោះ​ទឹក ភាគ​និរតី​នៃ​រាជធានី​ភ្នំពេញ​» គឺជា​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ប្រទេស​ជប៉ុន (​ឥណទាន​សម្បទាន ODA) ដែល​គិត​ត្រឹម​ឆ្នាំ ២០២៦ នេះ ប្រើប្រាស់​ទំហំ​ទឹកប្រាក់​សរុប ៣២ ៣២៥​លាន​យ៉េន ។ គម្រោង​នេះ​ផង​ដែរ ស្ថិត​នៅ​សំណង់​ទ្វារ​ទឹក​រលាំង​ជ្រៃ ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

លោក ពេជ្រ វាសនា បន្ត​ថា សំណង់​ទ្វារ​ទឹក​នេះ​សំខាន់​ណាស់​ក្នុង​ខេត្តកំពង់ស្ពឺ ក៏​ដូច​ជា​ខេត្តកណ្ដាល និង​ខេត្តតាកែវ ។ ខាងលើ​នៃ​សំណង់​ទ្វារ​ទឹក​យើង​នេះ​មាន​អាង​ស្តុក​ទឹកធំ​មួយ​ឈ្មោះ​ថា អាង​ស្តុក​ទឹក​តា​សាល ហើយ​អាង​ស្តុក​ទឹក​មួយទៀត​កំពុង​សាងសង់ គឺ​អាង​ស្តុក​ទឹកស្ទឹង​ឃ្លៀច និង​អាង​ស្តុក​ទឹក​មួយទៀត​ឈ្មោះ​ថា អាង​ទឹក​ស្តុក​ទឹក​ស្វាហាប់ ដែល​កំពុង​ចរចា​ហើយ​អាច​នឹង​ថា​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ ដែល​ជា​ប្រភព​ទឹក​ដ៏​សំខាន់​មួយ​សម្រាប់​ជួយ​ដល់​ខេត្តកំពង់ស្ពឺ យើង​និង​ខេត្តតាកែវ ខេត្តកណ្តាល និង​ផ្នែក​ខ្លះ​នៃ​រាជធានី​ភ្នំពេញ ។

លោក ពេជ្រ វាសនា ថា ៖ «​អាង​ទឹក​ទាំង​បី​នេះ​មិន​ត្រឹមតែ​ជា​ប្រភព ​នៃ​ការ​ផ្គត់ផ្គង់​ទឹក​ដល់​ការ​ស្រោចស្រព​ ដល់​ការ​ប្រើប្រាស់​ទឹក ក៏​ជួយ​ការ​ដល់​ថែរក្សា ​នូវ​លំហូរ​បរិស្ថាន​នៅ​តាម​ស្ទឹង​ទៀត ។ អាង​ស្តុក​ទឹកធំ​នេះ​បាន​បម្រើ​ដល់​កសិកម្ម ឧស្សាហកម្ម កាត់​បន្ថយ​គ្រោះ​ទឹកជំនន់​នៅ​រដូវវស្សា ហើយ​ផ្ដល់​ទឹក​នៅ​រដូវប្រាំង ដល់​ប្រជាជន​ដែល​ប្រើប្រាស់​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និង​ខេត្ត​តាកែ និង​ផ្នែក​ខ្លះ​នៃ​រាជ​នី​ភ្នំពេញ ។ លោក​ថា នេះ​គឺជា​សំណង់​មេ​ដែល​បែងចែក​ទឹក​ស្រោចស្រព​ទៅ​ប្រឡាយ​មេ​រលាំង​ជ្រៃ​ខាងជើង និង​ប្រឡាយ​មេ​រលាំង​ជ្រៃ​ខាងត្បូង ដែល​អាច​ស្រោចស្រព​លើ​ផ្ទៃដី​សរុប​ទាំងអស់ ១៦៩១០​ហិ​កតា សល់​ពី​នេះ គឺ​យើង​អាច​បង្ហូរ​ទម្លាក់​តាម​ដងស្ទឹង​ព្រែក​ត្នោត និង​ទៅ​ដល់​ទ្វារ​ទឹក​កណ្ដាលស្ទឹង នៅ​ផ្លូវជាតិ​លេខ ៣ (​ដែល​ហៅ​ថា​សំណង់ 7 មក​រា​) ហើយ​មាន​សំណង់​សំណង់ 7 មក​រា ទប់​ស្ទឹង​ទៀត យើង​បង្វែរ​ទឹក​ចេញពី​ស្ទឹង​ព្រែក​ត្នោត​ចូល​ស្រោចស្រព​ទៅ​លើ​ប្រឡាយ​ប៉េ​តុង​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន គេ​ហៅ​ថា​ប្រព័ន្ធ​កណ្តាលស្ទឹង ដែល​អាច​ស្រោចស្រព​លើ​ផ្ទៃដី​បាន​ជិត ២​ពាន់​ហិ​កតា​ទៀត​» ។

លោក ពេជ្រ វាសនា បន្ថែម​ថា ការ​គ្រប់គ្រង​ទឹក​របស់​យើង មានការ​ប្រយ័ត្នប្រយែង​ខ្លាំង​ណាស់ តាំងពី​ខ្សែរ​ទឹក​ខាងលើ (​បាន​ពី​តំបន់​ភ្នំ​) រហូត​ដល់​បឹង​ទំនាប​មេគង្គ (​ទៅ​ដល់​ព្រ​លាន​ថ្មី​) កន្ទុយ​ស្ទឹង​ព្រែក​ត្នោត​យើង​នឹង​ធ្លាក់​ទៅ​ដល់​ព្រ​លាន​ថ្មី ។

សូម​បញ្ជាក់​ថា «​គម្រោង​កែ​លម្អ និង​ស្តារ​ឡើង​វិញ​ប្រព័ន្ធ​ស្រោចស្រព និង​រំដោះ​ទឹក ភាគ​និរតី​នៃ​រាជធានី​ភ្នំពេញ​» មាន​វិសាលភាព​លើ​ផ្ទៃដី​ស្រោចស្រព​នៅ​ក្នុង​តំបន់ ​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ស្រុក​បាទី ខេត្តតាកែវ ជាង ២​ពាន់​ហិ​កតា ដែល​មាន​ប្រជាពលរដ្ឋ​ទទួលផល​ជាង ៣ ៧០០​គ្រួសារ ។ ទ្វារ​ទឹក​រលាំង​ជ្រៃ​ស្រោចស្រព​លើ​ផ្ទៃដី​ជាង ១​ម៉ឺន ៦​ពាន់​ហិ​កតា និង​មាន​ប្រជាពលរដ្ឋ​ទទួលផល​ជាង ៤​ពាន់​គ្រួសារ ។ គម្រោង​នេះ​បាន​ចាប់ផ្តើម​អនុវត្ត​នៅ​ខែតុលា ឆ្នាំ ២០១៤ និង​គ្រោង​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ ២០៣០ មាន​ពីរ​អនុ​គម្រោង​គឺ​ទី ១ អនុ​គម្រោង​រលាំង​ជ្រៃ និង ២ អនុ​គម្រោង​កណ្តាលស្ទឹង​-​បាទី ៕