ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​ខេត្តកំពង់ឆ្នាំង សហការ​បង្ក្រាប​រថយន្ត​ដឹក​លៀស​ចំណី​ខុសច្បាប់​ជាង ៤​តោន និង​បាន​ចា.ក់​លែង​ចូល​ទន្លេ​វិញ

2 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៦ កម្លាំង​អន្តរាគមន៍​បង្ក្រាប​បទល្មើស​នេសាទ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ជលផល និង​កម្លាំង​កងពលតូច​លេខ​៧០ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​ផល​នេសាទ​ខុសច្បាប់ (​លៀស​ចំណី​) ចំនួន​ជាង ៤​តោន ដែល​ដឹក​ជញ្ជូន​ឆ្លងកាត់​ខេត្ត ឆ្ពោះទៅ​កាន់​ខេត្តតាកែវ​។

សមត្ថកិច្ច​ជំនាញ​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ០៥​និង​៣០​នាទី ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៦ កម្លាំង​បង្ក្រាប​បទល្មើស​នេសាទ​ទី​១ (​ឆ្នុកទ្រូ​) និង​កម្លាំង​ទិស​ទី​៣ (​ស្រុក​ជល​គិរី​) សហការ​ជាមួយ​មន្ត្រី​ជលផល បាន​ធ្វើការ​ត្រួតពិនិត្យ និង​ឃាត់​រថយន្ត​សង្ស័យ​ចំនួន ០១​គ្រឿង ម៉ាក សាំង​យ៉ុ​ង (SsangYong) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-8124 ដែល​បើកបរ​ដោយ​ឈ្មោះ យ៉ា​ត់ ចាន់​តារា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ​។ ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ជាក់ស្តែង​នៅ​លើ​រថយន្ត រក​ឃើញ​មានការ​ដឹក​ជញ្ជូន​ផល​នេសាទ​ខុសច្បាប់​ប្រភេទ លៀស​ចំណី ចំនួន ៥៥​បេ ស្មើនឹង ៤,១២៥​គីឡូក្រាម (​ជាង ៤​តោន​) ដែល​មាន​ទិស​ដៅ​ដឹក​ចេញពី​ចំណុច​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅ​កាន់​ខេត្តតាកែវ​។

បន្ទាប់​ពី​ឃាត់ខ្លួន និង​ពិនិត្យ​រួច កម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​អ្នកបើកបរ រួម​ទាំង​វត្ថុ​តាង និង​មធ្យោបាយ​ពាក់ព័ន្ធ មក​កាន់​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ឆ្នាំង ដើម្បី​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ណែនាំ ព្រមទាំង​បាន​ដកហូត​វត្ថុ​តាង និង​មធ្យោបាយ​រក្សា​ទុក​នៅ​ទីបញ្ជាការ​ខេត្ត ចំណែក​អ្នកបើកបរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

លុះដល់​ព្រឹក​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៦ កម្លាំង​បង្ក្រាប​បទល្មើស​នេសាទ​ទាំង​៣​ទិស នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​កម្លាំង​កងពលតូច​លេខ​៧០ បាន​នាំ​យក​រថយន្ត​ដឹក​លៀស​ចំណី​ទាំងនោះ មក​ចាក់​​លែង​ចូល​ទៅ​ក្នុង​ទន្លេ​ធម្មជាតិ​វិញ នៅ​ចំណុច​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដើម្បី​ធានា​ការពារ និង​អភិរក្ស​ធនធាន​ជលផល​ក្នុង​ដែនទឹក​ឱ្យ​បាន​គង់វង្ស​ ៕