ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រស់នៅ​ជាប់​របង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ជាង​១​ម៉ឺន​ក្បាលដី បាន​ទទួល​បណ្ណ​កម្មសិទ្ធិ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​រស់នៅ​ជាប់​របង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំនួន ១០​ភូមិ មាន​ជាង ១​ម៉ឺន​ក្បាលដី បាន​ទទួល​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោយ​ពី​រាជរដ្ឋាភិបាល ​បាន​សម្រេច​ឆ្វៀល​ដី​ទាំងនេះ​ ប្រគល់​ជូន​ប្រជាពលរដ្ឋ ក្រោយ​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ត្រូវ​បាន​ផ្ទេរ​ទៅ​ទីតាំង​ថ្មី​ នា​ខេត្តកណ្តាល ​។

ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នេះ ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០២៦នេះ ក្រោម​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​បរិវេណ​វត្ត​ទួល​សុភា​ឃួ​ន ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ប្រជាពលរដ្ឋ​ ដែល​ទទួល​បាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នេះ គឺជា​ប្រជាពលរដ្ឋ​រស់នៅ​ទីតាំង​តំបន់​ឆ្វៀល ក្នុងភូមិ​ព្រៃ​ទា​១ ភូមិ​ព្រៃ​ទា​២ និង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣, ភូមិ​ជ្រៃ​កោង ភូមិ​ចោម​ចៅ​ទី​២, ភូមិ​ថ្មគោល​១ ភូមិ​ថ្មគោល​២ និង​ភូមិ​ថ្មគោល​៣ សង្កាត់​ចោម​ចៅ​ទី​២, និង​ភូមិ​ត្រពាំង​ល្វា​២ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា និង​បន្ត​ថែទាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី បាន​សម្រេច​ប្រគល់​ដី​ទាំងនេះ​ជូន​ប្រជាពលរដ្ឋ​ចំនួន ១១៣២១​ប័ណ្ណ ដែល​រស់នៅ​ជាប់​របង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ។

លោក​បាន​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ថា គ្មាន​ឪពុក​ម្តាយ​ណា​ម្នាក់​ចង់ឱ្យ​កូន​ក្រីក្រ​នោះ​ទេ​។ ពេល​នេះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា មិន​ត្រឹមតែ​បាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​សួន​កម្សាន្ត ដើរ​ហាត់ប្រាណ​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​ចាស់​នេះ​ផង​ដែរ​។

លោកបាន​បន្ថែម​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​នឹង​បន្ត​ការ​ធ្វើ​ប្រព័ន្ធ​លូ​បង្ហូរទឹក​នៅ​តំបន់​នេះ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា្ក​ដី ​អភិបាល​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ក្នុង​ការ​ទុកដាក់​សំរាម​ឱ្យ​បាន​ល្អ កុំឱ្យ​សំរាម​ហូរ​ចូល​លូ និង​ប្រឡាយ​ទឹក ​។

ក្នុង​ឱកាស​នោះ លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ដោយសារ​ទីតាំង​ខាងលើ​មិន​មានការ​ពង្រីក​ព្រ​លាន​យន្តហោះ​ទៀត ទើប​រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​សិក្សា​ដើម្បី​ផ្តល់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ពលរដ្ឋ ដោយ​បញ្ចប់​នៅ​ឆ្នាំ​២០២៦នេះ ហើយ​ដី​ដែល​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​នេះ​មាន​ចំនួន ១១៣២១​ប័ណ្ណ​ ។

ចំណែក​លោក សា​រិ​ន វ​ណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ ក៏​បានឱ្យ​ដឹងផង​ដែរ​ថា ដី​ខាងលើ​នេះ​ជា​ដី​ដែល​បាន​បង្កក​យូរហើយ ហើយ​ថ្មី​ៗ​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​ប្រគល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​។ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ដែល​ត្រូវ​ប្រគល់​ជូន​នេះ មាន​លក្ខណៈ​ពិសេស​ជាងគេ ដោយនៅ​ក្នុង​ប័ណ្ណ​នេះ មាន​បញ្ជាក់​ពី​ការ​កំណត់​កម្ពស់​នៃ​ការ​សាងសង់​ថែម​ទៀត​ផង​ ៕