ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម ជំរុញ​កសិករ​ចងក្រង​ជា​សហគមន៍​កសិកម្ម​ទំនើប ដើម្បី​កាត់​បន្ថយ​ថ្លៃដើម​ផលិត និង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី ​២៥ ខែតុលា ឆ្នាំ ​២០២៦ តាម​រយៈ​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​ថា ៖ «​បើ​ទោះបីជា​វេទិកា និង​ពិព័រណ៍​កសិកម្ម​កម្ពុជា ​(CAFE26)​ ត្រូវ​បាប​បញ្ចប់ ប៉ុន្តែ​សូម​វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​រក្សា​ទំនាក់ទំនង​ដែល​ឈាន​ទៅ​ដល់​ការ​ចុះ​កិច្ចសន្យា ជាមួយ​សហគមន៍​កសិកម្ម ដើម្បី​ជំរុញ​លើ​ការ​កែ​ច្នៃ​កសិផល ការ​អភិវឌ្ឍន៍​ភស្តុ​ភារ​កម្ម​ត្រជាក់ ការ​បង្កើត​កញ្ចប់​ហិរញ្ញវត្ថុ​ ដែល​មាន​ភាព​បត់បែន កម្ចី​ការ​ប្រាក់​ទាប​ឆ្លើយ​តប​នឹង​បរិបទ​ជាក់ស្តែង ការ​ពង្រឹង​ខ្សែ​ច្រវាក់​តម្លៃ កា​រត​ភ្ជាប់​ទីផ្សារ និង​ជំរុញ​កសិករ​ចងក្រង​ជា​សហគមន៍​កសិកម្ម​ទំនើប សំដៅ​កាត់​បន្ថយ​ថ្លៃដើម​ផលិត និង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​» ​។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ដល់​បងប្អូន​កសិករ​ថា ប្រជា​កសិករ​ និង​សហគមន៍​កសិកម្ម សូម​បន្ត​ផ្លាស់​ប្តូរ​ពី​ទំលាប់ ដែល​មិន​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច មក​ជា​ការ​អនុវត្តន៍​តាម​បច្ចេកទេស​ថ្មី​ៗ​ឆ្លាត​វៃ ស្រប​ទៅ​នឹង​តម្រូវការ​ទីផ្សារ សូម​រួម​គ្នា​ធ្វើ​កសិកម្ម​ជា​ទម្រង់​កសិកម្ម​ទំនើប ដើម្បី​បង្កើន​កំលាំង​ផលិត​ប្រកបដោយ​និរន្ត​ភាព កាត់​បន្ថយ​ថ្លៃដើម​ផលិត និង​គាំទ្រ​ក្នុង​ផ្នែក​ដើមទុន ការពារ​ពី​ហានិភ័យ​ទីផ្សារ ទ​ទូល​បានការ​គាំទ្រ​បច្ចេកទេស​ និង​ហេ​ដ្ឋា​រចនា​សម្ព័​ន្ត​ផ្សេង​ៗ ក្រសួង​នៅ​ក្បែរ​បងប្អូន​ជា​និច្ច ដោយ​ប​ញ្ចូ​ន​មន្ត្រី​កសិកម្ម​ ឃុំ​ឱ្យ​ចុះ​ជួយ​តម្រង់​ទិស​ និង​ដោះស្រាយ​បញ្ហា​ប្រឈម ​ជូន​ដល់​បងប្អូន​ដល់​មូលដ្ឋាន ​។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត ដល់​យុវជន​ឱ្យ​ចូលរួម​យ៉ាង​សកម្ម​បន្ថែម​ទៀត ក្នុង​វិស័យ​កសិកម្ម​កម្ពុជា ដែល​នេះ​ជា​កត្តា​សំខាន់ និង​នាំ​មក​នូវ​ផលប្រយោជន៍​ជា​ច្រើន ក្នុង​ការ​ស្វែងរក​ឱកាស​សម្រាប់​កសិករ ការ​លើកកម្ពស់ បច្ចេកវិទ្យា​កសិកម្ម​ និង​ទំនើប​កម្ម​កសិកម្ម សហគ្រិនភាព និង​ការ​បង្កើន​តម្លៃបន្ថែម សំដៅ​ធានា​បាន​សន្តិសុខ​ស្បៀង ការ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ។

ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត និង​ការ​លះបង់​ពេលវេលា​របស់​ក្រុមការងារ CAFE26 ជា​ពិសេស​កិច្ចសហការ​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ និង​បងប្អូន​អ្នកចូលរួម ដែល​ធ្វើ​ឲ្យ​កម្មវិធី​នេះ​ទទួល​បាន​ជោគជ័យ និង​រលូន​គួរ​ជាទី​មោទកភាព ​។

សូម​ជម្រាប​ផង​ដែរ​ថា វេទិកា ​(CAFE26) ជា​វេទិកា​ដ៏​រស់​រវើក និង​ការ​តាំងពិព័រណ៍​ផលិតផល​ដ៏​សម្បូរ​បែប ជា​ពិសេស​ការ​ចូលរួម​យ៉ាងច្រើន​កុះករ ដែល​បង្ហាញ​ពី​ស្មារតី​សហការ​គ្នា ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជួបជុំ​រវាង​រដ្ឋាភិបាល វិស័យ​ឯកជន ធុរកិច្ច​ជន វិនិយោគិន​ជាតិ​និង​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ បណ្តា​អង្គការ អ្នក​ស្រាវជ្រាវ អ្នក​តាក់តែង​គោលនយោបាយ អាជីវកម្ម អ្នក​ផលិត សហគមន៍​កសិកម្ម និង​កសិករ ផ្សា​ភ្ជាប់​ទំនាក់ទំនង ការ​កសាង​ភាព​ជា​ដៃគូ​យូរអង្វែង កា​រត​ភ្ជាប់​ខ្សែ​ច្រវាក់​តម្លៃ​ក​សិ​ស្បៀងអាហារ ការ​ផ្គូផ្គង​អាជីវកម្ម ការ​ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​ពី​វាគ្មិន​កិត្តិយស​សំខាន់​ៗ ដែល​ជា​ទិស​ដៅ​នៃ​កម្មវិធី​នា​ពេល​នេះ សំដៅ​ប្រមូលផ្តុំ​កម្លាំង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យ​ដើរទៅ​មុខ​ប្រកបដោយ​ភាព​ស្វាហាប់ ការ​បង្កើត​បរិយាកាស​វិនិយោគ និង​ប្រព័ន្ធ​អេកូឡូស៊ី​កសិកម្ម ​៕