ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​និទ្ទេស A ចំនួន​២៥​រូបបន្ថែមទៀត​ នៅ​​ខេត្តកំពង់ឆ្នាំង ទទួល​បាន​រង្វាន់​លើកទឹកចិត្ត

3 ថ្ងៃ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ សិស្ស​និទ្ទេស A ចំនួន​២៥​រូប បន្ថែម​ទៀត​ក្នុង​ចំណោម​៣១ រូប ទូ​ទាំង​ខេត្តកំពង់ឆ្នាំង ឆ្នាំ​សិក្សា ២០២៥-២០២៦ ក្នុង​នោះ​មក​ពី​ក្រុង​កំពង់ឆ្នាំង ស្រុក​រលា​បៀរ ស្រុក​កំពង់ត្រឡាច និង​ស្រុក​កំពង់លែង បាន​ទទួល​រង្វាន់​លើកទឹកចិត្ត ពី​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​ព្រះ​អង្គ ចន្ទ​មុន្នី ចៅអធិការ​វត្ត​ចន្ទ​ប្ប​ជោ​ត្ត​នា​រាម ហៅ​វត្ត​សុត ។​

ពិធី​ផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ខាងលើ​នេះ​​បាន​ធ្វើ​ឡើងកាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុ​ក រ៉ា​ប៊ុ​ន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង ព្រះ​អង្គ ចន្ទ​មុន្នី ចៅអធិការ​វត្ត ចន្ទ​ប្ប​ជោ​ត្ត​នា​រាម ហៅ​វត្ត​សុត មន្ត្រីរាជការ មន្ទីរ​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ មាតា​បី​តា​សិស្ស ជា​ច្រើន​រូប​។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុ​ក រ៉ា​ប៊ុ​ន បាន​សម្ដែង​នូវ​ការ​អបអរសាទរ​យ៉ាង​កក់ក្តៅ និង​បាន​គូសបញ្ជាក់​ថា ជោគជ័យ​ដ៏​ត្រចះត្រចង់​នេះ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​ផ្ទាល់ខ្លួន​របស់​សិស្សានុសិស្ស​។ ការ​លះបង់ និង​ការ​បណ្ដុះបណ្ដាល ពី​សំណាក់​លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល​។ គោលនយោបាយ​អប់រំ​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​គុណភាព​ធនធានមនុស្ស​។

ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នោះ​ដែរ ព្រះ​អង្គ ចន្ទ​មុន្នី បាន​ផ្ដល់​អនុសាសន៍​សំខាន់​ៗ​ដល់​សិស្សានុសិស្ស ត្រូវ​ខិតខំ បន្ត​រៀនសូត្រ រៀនសូត្រ​បន្ត ដើម្បី​យក​លទ្ធផល​ល្អ ធ្វើ​ជា​ទុន និង​ជា​ស្ពាន​ដើម្បី​បន្ត​ក្រេបជញ្ជក់​ចំណេះដឹង​លើ​មុខ​វិជ្ជា​ដែល​ត្រូវ​រៀន សម្រាប់​អនាគត ។ រក្សា​សីលធម៌ ប្រកាន់ខ្ជាប់​នូវ​ចរិត​ស្លូតបូត គុណធម៌ និង​ការ​គោរព​ប្រណិប័តន៍​ព្រះពុទ្ធ​សាសនា ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​មិន​ស្គាល់​សិស្ស​និទ្ទេស A នោះ​ឡើយ​។​សូមកុំ​ចង់​សាកល្បង​អោយ​សោះ ។ ជា​ពិសេស​ត្រៀមខ្លួន​បម្រើ​ជាតិ ខិតខំ​អភិវឌ្ឍ​ន៍​សមត្ថភាព​ផ្ទាល់ខ្លួន ដើម្បី​ក្លាយជា​សសរទ្រូង​ដ៏​រឹង​មាំ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​នា​ពេល​អនាគត ៕​