ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធអនាម័យ និងភូតគាមអនាម័យ ជាស្ពានតភ្ជាប់ខ្សែច្រវាក់ផលិតកម្មដ៏មានប្រសិទ្ធភាព ធ្វើឱ្យកម្ពុជានាំចេញផលិតផលកសិកម្មជិត ១៥ លានតោន ក្នុងឆ្នាំ២០២៥

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ តាមរយៈបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ បានឱ្យដឹងថា៖ «ក្នុងឆ្នាំ២០២៥ កន្លងមកនេះ កម្ពុជាយើងសម្រេចបានការនាំចេញផលិតផលកសិកម្ម ជាផលិតផលរុក្ខជាតិជិត ១៥ លានតោន (និយាយជាលេខមូល ១៥ លានតោន)។ សួរថា ហេតុអ្វីបានជាយើងនាំចេញបានច្រើន? នេះគឺបញ្ជាក់ថាយើងមានការរីកចម្រើន ទាំងក្នុងការងារនេះ ទាំងបរិមាណ គុណភាព និងប្រព័ន្ធគាំទ្រទាំងអស់ ទើបយើងអាចនាំផលិតផលទាំងអស់នោះ ទៅកាន់ទីផ្សារជាច្រើន សឹងថាពេញពិភពលោក» ។

លោក កែ មុន្ធីវុធ បានបន្តថា នេះក៏ដោយសារប្រព័ន្ធ SPS ឬក្នុងក្របខណ្ឌផលិតកម្ម ប្រព័ន្ធភូតគាមអនាម័យមានសារៈសំខាន់ណាស់ ក្នុងការតភ្ជាប់ទីផ្សារ ចាប់ពីកន្លែងផលិតរហូតទៅដល់ទីផ្សារអ្នកប្រើប្រាស់ ។ ព្រោះគេទិញយើងកាន់តែច្រើន មានន័យថាគេកាន់តែទុកចិត្ត មានទំនុកចិត្តកាន់តែច្រើនលើ ផលិតផលរបស់យើង ។ ទុកចិត្តទៅលើអ្វី? គឺផលិតផលយើងមិនមានភ្ជាប់នូវអ្វីជាហានិភ័យ ជាសត្វល្អិតចង្រៃ ជាជំងឺ និងហានិភ័យទាក់ទងនឹងសុវត្ថិភាពចំណីអាហារនោះទេ។ ព្រោះប្រព័ន្ធភូតគាមអនាម័យជាប្រព័ន្ធមួយ ដែលជួយធានាគ្នាទៅវិញទៅមក ។ ប្រសិនបើប្រទេសមួយទិញកសិផលពីយើង ឬផលិតផលពីយើង ចឹងគេត្រូវយើងធានាថាផលិតផលយើងស្អាត មិននាំនូវជំងឺ សត្វចង្រៃដែលទៅបំផ្លាញផលិតកម្ម នៅក្នុងស្រុកគេ ។ ទីពីរ ទំនិញកសិផលយើង មិនភ្ជាប់នូវហានិភ័យផ្សេងៗ ទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ដូចជាលើសកម្រិតសំណល់ថ្នាំកសិកម្មផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព អ្នកហូបចុកនៅក្នុងប្រទេសគេ ។

លោក កែ មុន្ធីវុធ គូសបញ្ជាក់ថា៖ «អញ្ចឹងជាបទពិសោធន៍របស់ខ្ញុំ ខ្ញុំគិតថា យើងសម្រេចបានការនាំចេញ កំណើន នៃការនាំចេញកសិផលគួរឲ្យកត់សម្គាល់មកដល់ថ្ងៃនេះ ព្រោះវាទាក់ទងនឹងការបង្កើតបាននូវប្រព័ន្ធផលិតកម្មមួយ ដែលមានលក្ខណៈរៀបរយកាន់តែច្រើនឡើង។ ព្រោះការនាំចេញពាក់ព័ន្ធជាច្រើនទៅលើប្រព័ន្ធផលិតកម្ម ដែលមានការគ្រប់គ្រងត្រឹមត្រូវកាន់តែច្រើន តាមមុខទំនិញជាច្រើន ដូចជាស្វាយ ចេក ដូងជាដើម ។ ជាពិសេសប្រភេទផ្លែឈើថ្មីៗនេះ យើងបានចុះបញ្ជីគ្រប់គ្រងនូវកន្លែងវេចខ្ចប់ត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដែលរួមមានទាំងបងខាងវិស្វករក៏បានចូលរួម។ ចឹង Facility ទាំងអស់នោះដែលពាក់ព័ន្ធនឹងការវេចខ្ចប់ សម្អាត វេចនាំចេញទៅទីផ្សារ សុទ្ធតែបានចូលរួមទទួលការវាយតម្លៃ ពីស្ថាប័នជំនាញទាំងអស់ ដូចជាក្រសួងកសិកម្មជាដើម» ។

លោក កែ មុន្ធីវុធ បន្ថែមថា ហើយនោះគឺមានការចូលរួមកាន់តែច្រើនឡើង ពីបងប្អូនប្រជាកសិករ ពីផ្នែកឯកជន។ ព្រោះបើគាត់មិនចូលរួម និងមិនយល់ដឹង មិនព្រមទទួលបានចំណេះដឹងពីការងារទាំងនេះ គាត់នឹងមិនមានសមត្ថភាពនិងរៀបចំទំនិញ នាំចេញនៅទីផ្សារបានទេ ជាពិសេសទីផ្សារអឺរ៉ុប និងទីផ្សារប្រទេសចិនជាដើម ដែលជាទីផ្សារធំៗជាច្រើនដែលយើងបាននាំចេញទៅ ។ ភាពជាដៃគូរវាងស្ថាប័នជាតិ និងអ្នកពាក់ព័ន្ធ ដូចជា បងប្អូនផ្នែកឯកជន និងបងប្អូនប្រជាកសិករ គឺសំខា​ន់ណាស់ ព្រោះវានឹងជួយការជំរុញការនាំចេញ ហើយតួរដែលសំខាន់ជាងនេះគឺអ្នកផលិត ដែលយើងបានផ្តល់ការពង្រឹងសមត្ថភាពជាច្រើនជូនគាត់។ ព្រោះបើសមត្ថភាពអ្នកផលិតមិនបានល្អ ហើយយកមកកែច្នៃដើម្បីនាំចេញ ក៏យើងមិនអាចធ្វើកើតដែរ ។

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលមានស្ដង់ប្រមាណជា ៤០០ ដាក់បង្ហាញនូវកសិផលយុទ្ធសាស្ត្រ ៩មុខ មាន​ដូចជា៖ អង្ករ ស្វាយចន្ទី ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ និងស្វាយ និង​ផលិតផលផ្សេងៗជាច្រើនទៀត ព្រមទាំងមានដាក់តាំងបង្ហាញផលិតផលកសិកម្ម គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យាដ្រូន បច្ចេកវិទ្យាឌីជីថល ធាតុចូលកសិកម្ម បច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ជាដើម ។ វេទិកានេះ មានអ្នកចូលរួមទស្សនាប្រមាណ ២ម៉ឺន ៥ពាន់នាក់ និងកសិករជាង ២ពាន់នាក់ ៕