ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជន់​លិច​នៅ​ចំណុច​ខ្លះ​ប៉ុន្មាន​ថ្ងៃនេះ វា​មិន​ធ្ងន់ធ្ងរ​ទេ ដោយសារ​ចុងរដូវ​វស្សា​អាច​នៅ​មាន​ស្ថានភាព​ភ្លៀង​ជាប់​ៗ​គ្នា ប៉ុន្តែ​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​មិន​បាន​ទំនេរ​ដៃ​ឡើយ

5 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ចំណុច​ខ្លះ​ នៃ​រាជធានី​ភ្នំពេញ​ប៉ុន្មាន​ថ្ងៃនេះ វា​មិន​ធ្ងន់ធ្ងរ​ទេ ដោយសារ​ចុងរដូវ​វស្សា ​អាច​នៅ​មាន​ស្ថានភាព​ភ្លៀង​ជាប់​ៗ​គ្នា​ជា​ច្រើន និង​បន្តបន្ទាប់​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា អាជ្ញាធរ​រាជធានី មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ មិន​បាន​ទំនេរ​ដៃ​ដោះស្រាយ​នោះ​ទេ​ ។

លោកស្រី ដោ សម្ផស្ស នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២៣ តុលា ២០២៦ នេះ​ថា ក្រោម​ការ​ដឹកនាំ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ការងារ​ស្តារ​ប្រឡាយ ស្ដារ​ប្រព័ន្ធ​លូ និង​ការ​ស្ថាបនា​ស្ថានីយ​បូមទឹក​ថ្មី ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ និង​មន្ទីរ​ជំនាញ សម្រុក​ធ្វើ​យុទ្ធនាការ​ស្ដារ​តាំងពី​រដូវប្រាំង​មក​ម្ល៉េះ បានជា​ច្រើន​ខ្សែ និង​ជា​បន្តបន្ទាប់ ដោយ​មាន​ទាំង​គម្រោង​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល​ តាម​រយៈ​ក្រសួង​ពាក់ព័ន្ធ​ផង​ដែរ​ ។

ជា​លទ្ធផល​ នៃ​ការ​អនុវត្ត​គម្រោង​ទាំងនោះ ឃើញ​ថា​ស្ថានភាព​ នៃ​ការ​ជន់​លិច​ក៏​មិន​មាន​រយៈពេល​យូរថ្ងៃ​ដូច​ឆ្នាំ​កន្លង​មក​ដែរ ​។

លោកស្រី​បន្ត​ថា ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ នៅ​ចំណុច​ខ្លះ ​នៃ​រាជធានី​ភ្នំពេញ ​ប៉ុន្មាន​ថ្ងៃនេះ ក៏​មិន​ធ្ងន់ធ្ងរ​ទេ ដោយសារ​ចុងរដូវ​វស្សា​អាច​នៅ​មាន​ស្ថានភាព​ភ្លៀង​ជាប់​ៗ​គ្នា​ជា​ច្រើន និង​បន្តបន្ទាប់​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា អាជ្ញាធរ​រាជធានី មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ មិន​បាន​ទំនេរ​ដៃ​ដោះស្រាយ​នោះ​ទេ​ ។

ជាក់ស្ដែង ដោយ​មានការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​, លោក ឯក ឃុន​ដឿ​ន អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០២៦នេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ និង​បើកទ្វារ​ទឹក​ប្រឡាយ​អម​ផ្លូវដែក ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​ ដែល​លិច​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​ ។

បន្ថែម​ពី​នេះ កាលពី​ម្សិលមិញ ថ្ងៃ​ទី​២២ តុលា លោក ឯក ឃុន​ដឿ​ន ក៏​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ជន់​លិច ​នៅ​ម្ដុំ​វត្ត​សំរោង​អណ្តែត ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ រួម​ជាមួយ​លោក ចេ​ង មុនី​រ៉ា អភិបាល ​នៃ​គណៈ​អភិបាល​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើ​យ៉ាងណា​រក​មធ្យោបាយ​រំដោះ​ជំនន់​ទឹកភ្លៀង កុំឱ្យ​លិចលង់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ ។

លោកស្រី​អ្នកនាំពាក្យ ​ក៏​បាន​សូម​ការ​សហការ​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ជួយ​ទុកដាក់​វិច​ខ្ចប់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ពិសេស​កុំ​នាំ​គ្នា​បោះ​ចូល​ក្នុង​ប្រឡាយ និង​លូ ដែល​បង្ក​ឱ្យ​ស្ទះ​ច​រន្ធ​ទឹក​ហូរ​ ៕