កឋិនទាន ផ្តើមធ្វើចាប់ពីថ្ងៃ១រោចនេះទៅហើយ
- ភ្នំពេញ
កឋិនទាន ជាបុណ្យផ្នែកវិន័យព្រះពុទ្ធសាសនា ដែលបរិស័ទផ្តើមធ្វើចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដើម្បីដង្ហែចូលគ្រប់វត្តអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយត្រូវបានខកខានឡើយ តែបើទីអារាមណាមួយ មិនមានកឋិនណាហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។
ពិធីហែកឋិនទានទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខារកឋិន មានត្រៃចីវរគឺ ចីវរ សង្ឃាដី ស្បង់ ព្រមដោយបរិក្ខារផ្សេងៗទៀតដូចជា កម្សៀវទឹក បាត្រ ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម ឆត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំណត់ទុក ។ ប្រសិនបើកឋិននោះដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះដោយទឹកមុនសប្បាយរីករាយអមដោយភ្លេងតូរ្យតន្ដ្រីយ៉ាងពិរោះ ជាពិសេសគឺជាក្រុមភ្លេងឆៃយ៉ាំ ដែលធ្វើឱ្យបរិយាកាសពេលនេះរឹតតែគគ្រឹកគគ្រេង រស់រវើកសប្បាយក្រៃលែង ។
លុះទៅដល់វត្តអារាមគេមិនទាន់យកអង្គកឋិននេះចូលទៅក្នុងព្រះវិហារភ្លាមៗទេ គេតម្កល់អង្គកឋិនទុកនៅក្នុងសាលាបុណ្យដែលគេបានរៀបចំទុកជាស្រេច ហើយនិមន្ដព្រះសង្ឃឆាន់ពេលថ្ងៃត្រង់ ។ បន្ទាប់មកពុទ្ធបរិស័ទចំណុះជើងវត្ដមានតួនាទីរៀបចំទទួលភោជនាហារជូនភ្ញៀវដែលនាំអង្គកឋិនចូលមកកាន់វត្ដរបស់ខ្លួនយ៉ាងជាទីកក់ក្ដៅរាក់ទាក់រីករាយ ។ លុះរៀងរសៀលបន្ដិច គេនាំគ្នាហែអង្គកឋិនព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ ទើបនាំគ្នាចូលតម្កល់អង្គកឋិនក្នុងព្រះវិហារ ហើយចៅអធិការវត្ដបានចាត់ឱ្យភិក្ខុមួយអង្គជាអ្នកក្រាលគ្រងអង្គកឋិននោះ ។
ចំណែកពុទ្ធបរិស័ទចាប់ផ្ដើមនមស្ការថ្វាយបង្គំព្រះរតនត្រ័យ ហើយវេរអង្គកឋិនប្រគេនដល់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ឯការក្រាលគ្រងកឋិនយ៉ាងណានោះជាកិច្ចរបស់ភិក្ខុសង្ឃប្រតិបត្តិទៅតាមផ្លូវវិន័យ ៕ (ដោយ ៖ លោកសាន សារិន)






ចែករំលែកព័តមាននេះ