ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្ត​អគ្គិស​នី ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​២​ខ្នង នៅក្រុងប៉ៃលិន

3 ថ្ងៃ មុន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​២​គ្រួសារ ទទួល​រង​គ្រោះ​ដោយសារ​ការ​ឆ្លង​ចរន្ត​អគ្គិ​ស​នី​ឆាបឆេះ​ផ្ទះ​១​ខ្នង រួច​ក៏​ឆេះ​បន្តបន្ទាប់​គ្នា ខណៈ​ដែល​ម្ចាស់​ចាក់សោ​ទុក ។

ហេតុការណ៍​អគ្គិ​ភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៦ ត្រង់​ចំណុច​មុខ​ស្ថានីយ៍​ប្រេងសាំង​តេ​លា សុខ លឿន ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ ។

ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​មាន ឈ្មោះ ស៊ូ ស្រី​មុំ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម មាន​ទីលំនៅ​ក្នុង​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តាវៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​កាលពី​វេលា​ម៉ោង០៣​និង​៣០​នាទី​រសៀល ម្ចាស់ផ្ទះ​បាន​បិទ​ប៉ា​រ៉ែត​ភ្លើងអគ្គិសនី និង​ចាក់សោ​ផ្ទះ​ចោល រួច​ធ្វើ​ដំណើរ​ទៅ​ទីរួមខេត្ដ​ប៉ៃលិន ដូច​សព្វ​១​ដង។ ស្រាប់តែ​នៅ​វេលា​ម៉ោង​០៣​និង​៤៥​នាទី មាន​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​ប្រាប់​ថា មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ ទើប​គាត់​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ ​ក៏​ប្រទះ​ឃើញ​ផ្ទះ​របស់​ខ្លួន​ពិតជា​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បាត់​ទៅ​ហើយ ក៏​ស្រែក​ទ្រហោយំ​ឱ្យ​គេឯង​ជួយ​យក​ទឹក​ទៅ​ពន្លត់ តែ​អ្វី​ៗ​បាន​ហួសពេល​បាត់​ទៅ​ហើយ ។

ប្រភព​ដដែល​បញ្ជាក់​ថា សម្ភារៈ​ដែល​ទទួល​រង​ការ​ខូចខាត​រួម​មាន ៖ ទី​១-ផ្ទះ​១​ខ្នង ទំហំ​៥ គុណ១៥​ម ធ្វើ​អំពី​ដែក ប្រក់​ដំបូល​ស័ង្កសី ខូចខាត​ទាំងស្រុង, ទី​២- ម៉ាស៊ីនបោកខោអាវ ចំនួន​១​គ្រឿង, ទី​៣- ទូរ​ទឹកកក ចំនួន​១​គ្រឿង, ទី​៤-​ម៉ូតូ​ម៉ាក​វ៉េវ​ស៊េរី ឆ្នាំ​២០១២ ចំនួន​មួយ​គ្រឿង, ទី​៥-​ឯកសារ​សំបុត្រ​កំណើត​សៀវភៅ​គ្រួសារ សម្លៀក​បំពាក់ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន, ទី​៦- ធុង​ហ្គា​ស​នៅ​សល់ ចំនួន​៩​ធុង និង​សំបក​ធុង​ហ្គា​ស​មួយ​ចំនួន, ទី​៧-​ម៉ូ​ទ័​រ​បូម​ហ្គា​ស ចំនួន​១​គ្រឿង -​សរុប​ទឹកប្រាក់​ប្រហែល ចំនួន​៤៣០០ដុល្លារ ។

ករណី​ខាងលើ​នេះ​ បង្ក​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​គ្នា ចំនួន​២​ខ្នង​ផ្ទះ ដូច​ខាងក្រោម ៖
ផ្ទះ​ទី​១ ៖ ម្ចាស់​ឈ្មោះ តន អៀង ភេទ​ស្រី​អាយុ​៤៦​ឆ្នាំ មុខរបរ​លក់​ម្ហូប និង​អីវ៉ាន់​ចាប់ហួយ តិចតួច មាន​ទីលំនៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ដ​ប៉ៃលិន -​សម្ភារៈ​ខូចខាត​ផ្ទះ​ខូចខាត​៨០% ១-​ផ្ទះ​ទំហំ​៥ គុណ១២​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក​ដំបូង ស័ង្កសី ២-​អង្ករ ចំនួន​៤​កា​រ៉ុ​ង និង​អីវ៉ាន់​ម្ហូប​ និង​អីវ៉ាន់​ចាប់ហួយ​ខូចខាត​មួយ​ចំនួន ៣-​ខ្យូ​ង ចំនួន​៣០​បេ ៤-​សម្ភារៈ​សម្លៀក បំពាក់​មួយ​ចំនួន -​សរុប​ទឹកប្រាក់​ប្រហែល ចំនួន​១៥០០ដុល្លារ ។

ផ្ទះ​ទី​២ ៖ ម្ចាស់​ឈ្មោះ ស៊ុន ភា​រិ​ន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មុខរបរ​ជាងក្រឡឹង​ដែក មាន​ទីលំនៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ដ​ប៉ៃលិន -​ផ្ទះ​១​ខ្នង​ទំហំ​៥ គុណ១២​ម៉ែត្រ ធ្វើ​អំពី​ដែក​ប្រក់​ដំបូល​ស័ង្កសី​២០% ១-​សម្ភារៈ​ខូចខាត ជញ្ជាំង​ស័ង្កសី​និង​ដំបូល​១​ចំហៀង​ផ្ទះ ២-​សម្ភារៈ​គ្រឿងបន្លាស់​មួយ​ចំនួន -​សរុប​ទឹកប្រាក់​ទាំងអស់ ប្រហែល​១០០០ដុល្លារ ​។

ករណី​ខាងលើ​នេះ កម្លាំង​រដ្ឋបាល​ក្រុងប៉ៃលិន ដឹកនាំ​ដោយ​លោក​អភិបាលក្រុង​ លោក​វរសេនីយ៍ទោ មាឃ សា​រ៉​ន អធិការ​នគរបាល​ក្រុងប៉ៃលិន បាន​ដឹកនាំ​កម្លាំង​វេន​ប្រចាំ​បញ្ជា នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​,​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រុងប៉ៃលិន សហការ​ជាមួយ​កម្លាំង​បង្ការ​ពន្លត់ អគ្គិភ័យ និង​សង្គ្រោះ និង​កម្លាំង​វេន​ប្រចាំ​បញ្ជា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ប្រើប្រាស់​ទឹក​អស់ ចំនួន​៣​រថយន្ត ធ្វើការ​បាញ់​ពន្លត់ភ្លើង​រលត់​ទាំងស្រុង​ ៕