ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ក់ស្រុ.តច្រាំងទន្លេ និងដា.ច់ផ្លូវបេតុង នៅសង្កាត់ព្រែក​លៀប ខណ្ឌជ្រោយចង្វា

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ច្រាំង​ទន្លេមេគង្គ​មួយ​កន្លែង​ស្ថិត​នៅម្តុំ​ផ្សារ​ក្រមួន ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បាន​បាក់​ស្រុត​ដី​ចូល​ក្នុង​ទន្លេ ​និង​ដាច់​ផ្លូវ​បេតុង​ចូល​ក្នុងទន្លេមេគង្គ ប្រវែង​ប្រហែល​១០​ម៉ែត្រ​ ។ ​ទោះបីជា​យ៉ាងណា​ ពុំ​បណ្តាលឱ្យ​​មនុស្សណាម្នាក់​​រងគ្រោះថ្នាក់​ឡើយ​។

លោក ព្រាប មុនី ចៅសង្កាត់​ព្រែក​លៀប​ បានឱ្យ​​ដឹង​ថា ការ​បាក់​ស្រុត​ដី​ដាច់​ផ្លូវ​នេះ បានកើតឡើង​​កាលពី​​វេលា​ម៉ោង​ប្រមាណ​ជាង​២​រំលង​អ​ធ្រា​ត្រ​ចូលព្រឹក​​ថ្ងៃ​ទី​១៥ ​ខែតុលា ឆ្នាំ​២០២៦​នេះ​ ខណៈ​ពេល​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​។

នៅ​ព្រឹក​នេះ​ដែរ​ លោក លី​ម សុភា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ជ្រោយចង្វារ អមដំណើរ​ដោយ​លោក ព្រាប មុនី ចៅសង្កាត់​ព្រែក​លៀប​, ក្រុមប្រឹក្សា​សង្កាត់ ថ្នាក់ដឹកនាំ​ភូមិ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទីតាំងម្តុំ​ផ្សារ​ក្រមួន​ដែល​រង​ការ​បាក់​ស្រុត​នោះ​។

ទន្ទឹម​នោះ លោក​អភិបាល​ខណ្ឌ ក៏​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ជិតទីតាំង​កើតហេតុ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​បង្ការ​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ និង​បាន​ណែនាំ​ដល់​អាជ្ញាធរ​សង្កាត់ឱ្យ​ដាក់​របាំង​ និង​ស្លាក​សញ្ញា​​សម្គាល់​ហាម​ចេញចូល ឬ​ឆ្លងកាត់​ទីតាំង​បាក់​ស្រុត​ដី ​និង​ផ្លូវ​បេតុង ដើម្បី​បង្ការ​គ្រោះថ្នាក់​ផ្សេង​ៗ​ផង​ដែរ ការ​បាក់​ស្រុត​នោះ​គេ​ពុំ​ដឹង​ថា បណ្តាល​មក​ពី​អ្វី​ឡើយ​។

គួរ​បញ្ជាក់​ថា ទីតាំង​ដែល​មានការ​បាក់​ស្រុត​នោះ កន្លង​មក​តែងតែ​បាក់​ស្រុត​ដី​ជា​បន្តបន្ទាប់​ចូល​ទៅ​ក្នុង​ទន្លេ​មេគង្គ ។ ​ការ​បាក់​ស្រុត​នោះ​ ត្រូវ​គេ​ដឹង​ថា បណ្តាល​មក​ពី​ខ្សែទឹក​ហូរនៃ​ទន្លេមេគង្គ​ ហូរ​បុក​ចំ​តំបន់​នោះ​ និង​ដោយសារ​តែ​ដង្ហើមទឹក​ហូរ​ចេញ ដែល​ការ​បាក់​ស្រុត​នេះ​តែងតែ​កើត​មាននៅ​តំបន់​មួយ​តាម​មាត់ទន្លេ​ និង​មានការ​ប្រែ​ល​ប្រួល តាម​ការ​វិវត្តន៍​នៃ​ខ្សែទឹក​ទន្លេមេគង្គ ។​

ការ​បាក់​ស្រុត​ច្រាំង​ទន្លេ​នេះ​ មាន​តែ​អ្នក​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ដឹង​ច្បាស់ ​ព្រោះ​ដី​អ្នក​ខ្លះ​​បាក់​ដាច់​រាប់រយ​ម៉ែត្រ និង​ខ្លះ​ដាច់​កោះ​ជា​២​ក៏មានដែរ ដូច​ជា​ឃុំ​កោះសូទិន ស្រុក​កោះសូទិន​ ​ខេត្តកំពង់ចាម បាន​បាក់​ដាច់​ទឹកដី​កោះ​ជា​ពីរ​តែ​ម្តង​៕​