ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ ព្រមាន​ពលរដ្ឋ​កុំឱ្យ​ចាញ់បោក​ការ​អូស​ទាញ​ទៅ​ធ្វើការ​នៅ​រុ​ស្ស៊ី ខណៈ​កម្ពុជា​-​រុ​ស្ស៊ី​ មិន​ទាន់​មាន​កិច្ចព្រមព្រៀង​នៅឡើយ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៦​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ចំពោះ​ការ​ផ្សព្វផ្សាយ ឬ​ការ​អូស​ទាញ​ជ្រើសរើស​មនុស្ស​ទៅ​ធ្វើការ​នៅ​ប្រទេស​រុ​ស្ស៊ី ជា​ពិសេស​ការ​សន្យា​ផ្តល់​ប្រាក់​ឈ្នួល​ខ្ពស់ និង​ប្រាក់​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​ជា​មុន ដើម្បី​ចៀសវាង​ការ​ចាញ់បោក​ពី​ជនខិលខូច​ ។

យោង​តាម​សេចក្តីជូនដំណឹង​ដដែល គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៦ កម្ពុជា​ពុំ​ទាន់​មាន​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​កម្លាំង​ពលកម្ម និង​ការ​បញ្ជូន​បុគ្គលិក ឬ​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​រុ​ស្ស៊ី​នៅឡើយ​ទេ​ ។

ក្រសួង​បាន​អំពាវនាវ​ដល់​សាធារណជន​កុំឱ្យ​ជឿ​តាម​ការ​ឃោសនា ឬ​ការ​អូស​ទាញ​ពី​សំណាក់​បុគ្គល ឬ​ក្រុម​ណាមួយ ដែល​អះអាង​ថា​កំពុង​ជ្រើសរើស​មនុស្ស​ទៅ​ធ្វើការ​នៅ​ប្រទេស​រុ​ស្ស៊ី ដោយ​សន្យា​ផ្តល់​ប្រាក់​ឈ្នួល​ខ្ពស់ ឬ​ប្រាក់​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​ជា​មុន ​។

ទន្ទឹម​នឹង​នេះ ក្រសួង​បាន​ព្រមាន​ថា ការ​ផ្សព្វផ្សាយ ឬ​ការ​ជ្រើសរើស​មនុស្ស​ទៅ​ធ្វើការ​នៅ​ប្រទេស​រុ​ស្ស៊ី​ ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច គឺជា​សកម្មភាព​ខុសច្បាប់ ដែល​អាច​ប្រឈម​នឹង​វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន ​។

ក្រសួង​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​បានដឹង បានឮ ឬ​បានឃើញ​សកម្មភាព​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ និង​ការ​ជ្រើសរើស​មនុស្ស​ទៅ​ធ្វើការ​នៅ​ប្រទេស​រុ​ស្ស៊ី ត្រូវ​ប្រញាប់​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត ដើម្បី​ចុះ​ត្រួតពិនិត្យ ទប់ស្កាត់ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​បន្ទាន់ ​។

ក្រសួង​បាន​បញ្ជាក់​បន្ថែម​ថា ប្រសិនបើ​មាន​កិច្ចព្រមព្រៀង ឬ​យន្តការ​ផ្លូវការ​ណាមួយ​សម្រាប់​ការ​បញ្ជូន​បុគ្គលិក ឬ​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​រុ​ស្ស៊ី​នា​ពេល​អនាគត ក្រសួង​នឹង​ជូនដំណឹង​ជា​ផ្លូវការ​ដល់​សាធារណជន​ ។

ក្នុង​ករណី​មានការ​សង្ស័យ ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម ប្រជាពលរដ្ឋ​អាច​ទាក់ទង​មក​កាន់​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១២៩៧ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​ដដែល​ ៕