សង្ស័យគេស្រលាញ់ប្រពន្ធខ្លួន លបកាប់៨ពូថៅនៅលើអង្រឹង បណ្តាលឱ្យរបួសធ្ងន់ធ្ងរ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ មានករណីហិង្សាមួយបានកើតឡើង គ្រាន់តែសង្ស័យថា គេស្រឡាញ់ប្រពន្ធខ្លួន លបកាប់៨ពូថៅរបួសធ្ងន់ ខណៈជនរងគ្រោះកំពុងដេកនៅលើអង្រឹងក្រោមផ្ទះអ្នកជិតខាងដោយមិនដឹងខ្លួន ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៥ ស្ថិតក្នុងភូមិខ្ញែរ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមាន
ជ័យ ។

នគរបាលស្រុកព្រះនេតព្រះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះវីត រ៉ាវៀន ហៅវីន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ នៅភូមិខ្ញែរ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ រីឯជនសង្ស័យឈ្មោះ វ៉ាត់ ស្នា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិខ្ញែរ ឃុំបុស្បូវ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ។
នគរបាលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងតែដេកនឹងអង្រឹងក្រណាត់នៅក្រោមផ្ទះឈ្មោះ វ៉ាន រិទ្ធ( ហៅកានគាត) អាយុ៦៧ឆ្នាំ នៅភូមិជាមួយគ្នា ជាឪពុកក្មេករបស់ឈ្មោះវ៉ាត់ ស្នា ជាជនដៃដល់ ដែលមានផ្ទះនៅជិតគ្នា) ពេលនោះស្រាប់តែឈ្មោះ វ៉ាត់ ស្នា កាន់ពូថៅ ដើរចូលទៅពីចំហៀងផ្ទះដែលមានរបងថ្ម និងមានទុកផ្លូវដើរចេញចូល បានឆ្លងចូលទៅកាប់ទៅលើជនរងគ្រោះដែលមិនបានដឹងខ្លួនជាមុន ត្រូវចំក្បាលនឹងផ្ទៃមុខ បណ្តាលអោយត្រូវចំនួន០៨កន្លែងរងរបួសធ្ងន់ ។ បន្ទាប់ពីធ្វើសកម្មភាពរួច បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ក្រោយមក ត្រូវនគរបាលឃាត់ខ្លួនបាន ។ ជនរងគ្រោះបានបញ្ជូនមកមន្ទីរពេទ្យស្រុកព្រះនេត្រព្រះ ហើយបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ។
នគរបាលបានបញ្ជាក់បន្ថែមទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យឈ្មោះវ៉ាត់ ស្នា បានឆ្លើយសារភាពថា ពិតជាបានយកពូថៅផ្លែដែកកាប់ទៅលើឈ្មោះវីត រ៉ាវៀន ហៅវីន ប្រាកដមែន គោលបំណងកាប់ឱ្យស្លាប់ មូលហេតុមានការសង្ស័យថា ជនងគ្រោះមានទំនាក់ទំនងស្រលាញ់ប្រពន្ធខ្លួន ។ បច្ចុប្បន្ន ជនសង្ស័យកំពុងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕

ចែករំលែកព័តមាននេះ