ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​អភិបាលខេត្ត​ប៉ៃលិន ជូន​ដំណើរ​ប្រជាពលរដ្ឋត្រឡប់​ទៅ​ធ្វើការ​វិញ បន្ទាប់​ពី​បាន​មក​លេង​ស្រុក​កំណើត ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ តាម​រយៈ​ការ​ជិះ​រថយន្តក្រុង​ដោយ​ឥត​គិតថ្លៃ

4 ថ្ងៃ មុន

ខេត្ត​ប៉ៃលិន ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៦ លោក​ជំទាវ បាន ស្រី​មុំ អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​សំណេះសំណាល សួរសុខទុក្ខ និង​ជូន​ដំណើរ​ប្រជាពលរដ្ឋ ដែល​វិល​ត្រឡប់​ទៅ​ធ្វើការ​វិញ បន្ទាប់​ពី​បាន មក​លេង​ស្រុក​កំណើត ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ចំពោះ​កម្មវិធី​ជិះ​រថយន្តក្រុង​ដោយ​ឥត​គិតថ្លៃ របស់​រដ្ឋាករ​ស្វយ័ត ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង City Bus រាជធានី​ភ្នំពេញ ​។

​លោក​ជំទាវ បាន ស្រី​មុំ បាន​ថ្លែងអំណរគុណ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ ដើម្បី​រៀបចំ​ជូន​ដំណើរ​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ទៅ​តាម​បណ្តា​ខេត្ត​ទាំង​២៤ ដោយ​មិន​គិតថ្លៃ តាម​ការ​ប្រើប្រាស់​សេវា​រថយន្តក្រុង City Bus សាធារណៈ​រាជធានី​ភ្នំពេញ ដើម្បី​ជួបជុំ​សាច់ញាតិ​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ហើយ​ជា​រៀង​រាល់​ឆ្នាំ​ប្រជាពលរដ្ឋ បាន​មក​ទទួល​សេវា​ជិះ​រថយន្តក្រុង ឥត​គិតថ្លៃ​នេះ ប្រមាណ​៥​ទៅ ៦​ម៉ឺន​នាក់ ដែល​អាច​កាត់​បន្ថយ​ការ​ចំណាយ​បាន​ច្រើន ​។

លោក​ជំទាវ​​អភិបាលខេត្ត បាន​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​នូវ​ការ​ណែនាំ និង​អនុសាសន៍​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​បម្រើ ប្រជាពលរដ្ឋ ក្នុង​រដូវ​បុណ្យ​ទាន ហើយ​បន្ទាប់​មក​ទៀត ក្នុង​នីតិកាល​ទី​៧​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បន្ត​ប្រពៃណី​នេះ តាម​គោលការណ៍​របស់​សម្តេច​តេ​ជោ ដោយ​បានឱ្យ​រដ្ឋបាល​រាជធានី ភ្នំពេញ រៀបចំ​រថយន្តក្រុង ចំនួន​៦០០​គ្រឿង ដើម្បី​ជូន​ដំណើរ​ប្រជាពលរដ្ឋ ទៅ​បុណ្យ​ភ្ជុំបិណ្ឌ​តាម​ប្រពៃណី​ជាតិ នៅ​តាម​បណ្តា​ខេត្ត ទាំង​ពេល​ធ្វើ​ដំណើរ​ទៅ​ស្រុក កំណើត និង​ពេល​វិល​ត្រឡប់​មក​ធ្វើការ​វិញ ​។

ចំណែក​ប្រជាពលរដ្ឋ បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល និង​រាជធានី​ភ្នំពេញ ចំពោះ​កម្មវិធី​ផ្តល់​សេវា រថយន្តក្រុង​សាធារណៈ City Bus ដោយ​ឥត​បង់ប្រាក់ ជា​ពិសេស​តែងតែ​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ឱកាស​បុណ្យ​ទាន​ធំ​ៗ ដូច​ជា​បុណ្យចូលឆ្នាំ​ថ្មី ឬ​បុណ្យ​ភ្ជុំបិណ្ឌ គឺ​ពិតជា​បាន​ជួយ​សម្រាល​បន្ទុក​ចំណាយ​របស់​ពួក​គាត់ ដែល​ជា​កម្មករ កម្មការិនី និង​និស្សិត យ៉ាងច្រើន ក្នុង​ការ​ធ្វើ​ដំណើរ ទៅ​លេង​ស្រុក​កំណើត និង​ជួបជុំ​ក្រុម​គ្រួសារ​ ។

តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី បានឱ្យ​ដឹង​ថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្តក្រុង ចំនួន ៦០០​គ្រឿង សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​សាធារណៈ ដោយ​មិន​បង់ប្រាក់ រយៈពេល ០៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៩ ដល់ ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៦ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ ទៅ​លេង​ស្រុក​កំណើត ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ​ផង​ដែរ ៕