ខេត្តរតនគិរី ៖ រថយន្តរបស់ឈ្មោះ ផៃ ទី ដែលតែងតែលួចដឹកជញ្ជូនឈើដោយខុសច្បាប់ ចេញពីតំបន់គ្រប់គ្រងដោយបរិស្ថាន ឆ្ពោះទៅប្រទេសវៀតណាម តាមច្រករបៀងក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវសមត្ថកិច្ចស្ទាក់បង្ក្រាបបានហើយ រួចប្រគល់ឱ្យខាងរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមច្បាប់ព្រៃឈើ ។
ការបង្ក្រាបរថយន្តដឹកឈើខុសច្បាប់នោះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង ១០យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិសាមុល ឃុំសើង ស្រុកបរកែវ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ឈើដែលមេឈ្មួញឈ្មោះ ផៃ ទី ធ្វើការដឹកជញ្ជូនតាមរថយន្តដោយខុសច្បាប់នោះ ចេញពីដែនជម្រកសត្វព្រៃលំផាត់ដែលគ្រប់គ្រងដោយបរិស្ថាន ស្ថិតក្នុងភូមិកែងសាន ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។
ការចុះបង្ក្រាបនោះ ដឹកនាំដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្តផងដែរ ។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងទៀតថា មេឈ្មួញដឹកជញ្ជូនឈើមានឈ្មោះ ផៃ ទី រស់នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ហើយបានរត់គេចខ្លួនភ្លាមៗពេលសមត្ថកិច្ចចុះស្ទាក់បង្ក្រាប ។
សមត្ថកិច្ចបង្ក្រាបបានរថយន្តឡងគ្រីស័រ កែច្នៃកាត់ទ្រុង ដឹកឈើមានមុខកាត់ធំៗពេញប្រៀប ជាប្រភេទឈើសុក្រំ ឡាំងបួនជ្រុង ចំនួន ៣០ដុំ ។
ក្រោយពេលបង្ក្រាបភ្លាមៗ សមត្ថកិច្ចបានទំនាក់ទំនងទៅខាងជំនាញរដ្ឋបាលព្រៃឈើ ដើម្បីប្រគល់ឱ្យគ្រប់គ្រងចាត់ការបន្ត តែហាក់មានការយឺតយ៉ាវ ពន្យារពេល រហូតលុះដល់មានបទបញ្ជាពីព្រះរាជអាជ្ញា ទើបជំនាញចុះទៅដល់នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានប្រាប់ថា មេឈ្មួញដុះស្លែឈ្មោះ ផៃ ទី ដែលគេតែងសង្កេតឃើញដឹកជញ្ជូនឈើស្ទើររៀងរាល់យប់ ចេញពីតំបន់ដែនជម្រកសត្វព្រៃលំផាត់ ការពារដោយបរិស្ថាន ស្ថិតក្នុងភូមិកែងសាន ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ឆ្ពោះទៅកាន់ប្រទេសវៀតណាម តាមច្រករបៀងប៉ុស្តិ៍ភូមិភិ ស្ថិតក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ដែលមានសមត្ថកិច្ចជាច្រើនស្ថាប័នប្រចាំការនៅទីនោះ ។
ការដឹកឈើចេញពីដែនជម្រកសត្វព្រៃលំផាត់ ការពារដោយបរិស្ថាននោះដែរ ក៏ត្រូវឆ្លងកាត់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ផងដែរ តាមបណ្តាស្រុក រួមមាន ស្រុកលំផាត់ ស្រុកបរកែវ និងស្រុកអូរយ៉ាដាវ ទំនងប្រហែលជាត្រូវថ្នាំសណ្តំអស់ហើយ ទើបមិនមានការបង្ក្រាប ។
ទើបតែនៅយប់នោះ មានកម្លាំងកងរាជអាវុធហត្ថខេត្ត ឆមក់បង្ក្រាបបាន ហើយប្រជាពលរដ្ឋរស់នៅតំបន់នោះ ក៏មានការសំណូមពរដល់ថ្នាក់លើ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានផងដែរ គួរមានការរឹតបន្តឹងដល់មន្ត្រីជំនាញនេះផង ដើម្បីមានការទប់ស្កាត់ រួមទាំងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
នៅក្នុងព្រៃការពារដោយបរិស្ថាននោះដែរ ក៏មានមន្ត្រីបរិស្ថានប្រចាំការនៅទីនោះដែរ ប៉ុន្តែដោយសារតែមានការគុបគិតគ្នា ទើបអាចមានអ្នកចូលកាប់អារជ្រៀកឈើឡាំងបួនជ្រុង រហូតឈានដល់មេឈ្មួញដុះស្លែឈ្មោះ ផៃ ទី ធ្វើការដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាមបានយ៉ាងរលូននាពេលកន្លងមកនោះ៕







ចែករំលែកព័តមាននេះ