ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចបញ្ចប់​បុណ្យ​ភ្ជុំបិណ្ឌ​! ពិធី​ដង្ហែ​ដូនតា និង​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​នៃ​ជំនឿ​

1 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​កាលពី​​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៦ នៅ​វត្ត​សំរោង ស្ថិត​​ក្នុង​​ភូមិ​សំរោង​ជើង ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្ត​សៀម រាប បាន​រៀបចំ​ពិធី​ដង្ហែ​ដូនតា ដើម្បី​បន្ត​អនុវត្ត​ទំនៀមទម្លាប់​របស់​ខ្មែរ ។

ពិធី​ដង្ហែ​ដូនតា​នេះ មាន​អត្ថន័យ​ជ្រាលជ្រៅ​ពាក់ព័ន្ធ​នឹង​ជំនឿ ការ​គោរព​ដឹងគុណ​ចំពោះ​បុព្វការី​ជន និង​ការ​ថែរក្សា​មរតក​វប្បធម៌​ប្រពៃណី​ពី​ដូនតា​ឱ្យ​បាន​គង់វង្ស​ ក្រោយ​ពិធីបុណ្យ​កាន់បិណ្ឌ និងបុណ្យ​ភ្ជុំបិណ្ឌ ដែល​ជា​ពិធីបុណ្យ​ប្រពៃណី​ព្រះពុទ្ធ​សាសនា ដ៏​សំខាន់​មួយ​របស់​ប្រជាជន​ខ្មែរ ត្រូវ​បាន​បញ្ចប់ ។

ពិធី​ដង្ហែ​ដូនតា គឺជា​ទំនៀមទម្លាប់​មួយ​ដែល​មានការ​អនុវត្ត​ខុស​ៗ​គ្នា​ទៅ​តាម​តំបន់ និង​សហគមន៍ ដោយ​មានការ​ជួបជុំ​គ្នា​របស់​ប្រជា​ពលរដ្ឋ អាចារ្យ ព្រមទាំង​ពុទ្ធបរិស័ទ ដើម្បី​ចូលរួម​ក្នុង​កិច្ច​ពិធី​តាម​ប្រពៃណី​ដែល​សហ​គម​ន៍​បាន​ប្រណិប័តន៍តាំងពី​បុរាណកាល​មក​។

តាម​រយៈ​ពិធី​នេះ ប្រជាពលរដ្ឋ​បាន​បង្ហាញ​ពី​ការ​គោរព​ស្រឡាញ់ និង​ការ​ដឹងគុណ​ចំពោះ​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅ ព្រមទាំង​បន្តបណ្តុះ​ស្មារតី​កូនចៅ​ជំនាន់​ក្រោយ​ឱ្យ​យល់​ដឹង​ពី​តម្លៃ​នៃ​ប្រពៃណី​ខ្មែរ និង​ចេះ​ថែរក្សា​ទំនៀមទម្លាប់​ដ៏​ល្អ​របស់​ខ្មែរ​។

លោក គង់ ស្រស់ ហៅ​អាចារ្យ យ៉​ត បាន​មាន​ប្រសាសន៍​ថា​ ក្រោយ​ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បាន​បញ្ចប់​ទៅ គឺ​ដល់​ពេល​ដែល​វិញ្ញាណក្ខន្ធ​ញាតិ​កា​គ្រប់​ៗ​សន្តាន ត្រូវ​វិល​ត្រឡប់​ទៅ​កាន់​ទីកន្លែង​ដើម​វិញ ទើប​មានការ​រៀបចំ​ពិធី​ដង្ហែ ឬ​បញ្ជូន​ដូនតា​ដើម្បី​បញ្ចប់​កិច្ច​។​

លោក​បន្ត​ថា កាលពីមុន ​ពិធី​នេះគឺ​ធ្វើ​តែ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​ប៉ុណ្ណោះ​ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ ព្រះ​តេជគុណ ថង់ ច​ន្ថា ព្រះ​គ្រូ​ចៅ អធិការ​វត្ត​សំរោង បាន​រៀបចំ​ឱ្យ​មានការ​ជួបជុំ​គ្នា​ច្រើន និង​ធ្វើការ​ដង្ហែរ​តាម​ផ្លូវ​សា​ធា​រណៈ ដើម្បី​ឱ្យ​សាធារណៈជន ជាពិសេស​យុវជន​ជំនាន់​ក្រោយ​បានឃើញ និង​ធ្វើការ​សិក្សា​ឈ្វេងយល់ រួម​គ្នា​ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​នេះ​បន្ត​ទៅ​មុខ​ទៀត​។

លោក​អាចារ្យ យ៉​ត បាន​បន្ត​ថា ការ​រក្សា​ប្រពៃណី​ទំនៀមទម្លាប់​មិន​ត្រឹមតែ​ជា​ការ​បន្ត​នូវ​ជំនឿ​ ដែល​មាន​តាំងពី​បុរាណកាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ពង្រឹង​សាមគ្គីភាព​ក្នុង​ក្រុម​គ្រួសារ និង​សហគមន៍ ព្រមទាំង​ជម្រុញ​ឱ្យ​កូនចៅ​ចេះ​គោរព​ចាស់ទុំ ស្រឡាញ់​វប្បធម៌​ជាតិ និង​ចូលរួម​ថែរក្សា​មរតក​ប្រពៃណី​ខ្មែរ​ឱ្យ​បាន​យូរ​អង្វែង​។

នៅ​ក្នុង​ពិធី​នេះដែរ​ យើង​សង្កេត​ឃើញ​ថា គេ​យក​ដើម​ចេក​មក​ឆ្លាក់​​ក្បាច់​ ឬ​ឆ្លាក់​ធ្វើ​ជា​រាង​ក្បូន ឬ​រាន​ទេវតា​/​រាន​ព្រលឹង និង​ទូក តំណាង​ឱ្យ​យានជំនិះ​សម្រាប់​ឲ្យ​វិញ្ញាណក្ខន្ធ​ដូនតា​ជិះ​ត្រឡប់​ទៅ​កាន់​ទីកន្លែង ឬ​ពិភព​របស់​ខ្លួន​វិញ​ ។ ​ដោយ​មានការ​តុបតែង​ក្បូន គេ​រៀបចំ​ដាក់​ស្លឹក​ត្នោត ស្លឹកចេក ព្រមទាំង​ចំណីអាហារ ផ្លែ​ឈើ និងនំចំណី​ផ្សេង​ៗ នៅ​លើ​ក្បូន​នោះ ដើម្បី​ជា​ស្បៀងអាហារ​ជូន​ដូនតាធ្វើដំណើរ​តាម​ផ្លូវ​៕