នគរបាលព្រហ្មទណ្ឌឃាត់ខ្លួនមុខសញ្ញាចោរគាស់ផ្ទះ២នាក់កំពុងដើររកអ្នកទិញម៉ូតូមិនទាន់ឃើញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចោរលួចគាស់ផ្ទះ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌមានជ័យធ្វើការស្រាវជ្រាវ និងឃាត់ខ្លួននៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីពួកគេបាននិងកំពុងយកម៉ូតូ២គ្រឿងដើរទៅរកលក់ឲ្យអ្នកទិញមិនទាន់ឃើញ។

ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ ជាង សុខជា ហៅក្រៅ (អាត្រេន) ភេទប្រុស អាយុ២១ឆ្នាំ និងម្នាក់ឈ្មោះ ម៉ឺ រ៉ាមីត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្នុងដីឡូត៍ ផ្លូវ៣០ម៉ែត្រ ភូមិព្រែកតាគង់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ តុលា ឆ្នាំ២០២៦ វេលាម៉ោង០០និង២៣នាទីយប់ មានករណីចោរគាស់ផ្ទះលួចម៉ូតូ២គ្រឿង នៅចំណុចបន្ទប់ជួលភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះជាម្ចាស់ម៉ូតូឬទាំង២នាក់ ម្នាក់ ឈ្មោះ GHORUJ NIRUPAM ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឥណ្ឌា ស្នាក់នៅបន្ទប់ជួល ផ្លូវ១០A ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ និងម្នាក់ទៀតឈ្មោះ ឈឿន ដាលិ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវ១០A ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរគាស់ផ្ទះខាងលើនេះ ត្រូវបានលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឲ្យដឹងថា ក្រោយពីចោរធ្វើសកម្មភាពគាស់បន្ទប់លួចម៉ូតូអស់២គ្រឿង ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលមូលដ្ឋាន បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងដកហូតម៉ូតូ២គ្រឿងប្រគល់ជូនជនរងគ្រោះវិញ ។ ចំណែកជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕

ចែករំលែកព័តមាននេះ