រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចោរលួចគាស់ផ្ទះ២នាក់ ត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួននៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីពួកគេ កំពុងយកម៉ូតូ២គ្រឿង ដើរទៅរកលក់ឲ្យអ្នកទិញ តែរកមិនទាន់ឃើញ ។
ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ ជាង សុខជា ហៅក្រៅ (អាត្រេន) ភេទប្រុស អាយុ២១ ឆ្នាំ និងម្នាក់ឈ្មោះ ម៉ី រ៉ាមីត ភេទ ប្រុស អាយុ២៨ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅ ក្នុងដីឡូ ផ្លូវ៣០ម៉ែត្រ ភូមិព្រែកតាគង់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០០និង២៣នាទីយប់ មានករណីចោរគាស់ផ្ទះលួចម៉ូតូ២គ្រឿង នៅចំណុចបន្ទប់ជួល ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះម្ចាស់ម៉ូតូ២នាក់ ម្នាក់ ឈ្មោះ GHORUJ NIRUPAM ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិឥណ្ឌា ស្នាក់នៅបន្ទប់ជួល ផ្លូវ១០A ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ និងម្នាក់ឈ្មោះ ឈឿន ដាលិ ភេទស្រី អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវ១០A ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ការឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាចោរគាស់ផ្ទះខាងលើនេះ ត្រូវបានលោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឲ្យដឹងថា ក្រោយពីចោរធ្វើសកម្មភាពគាស់បន្ទប់លួចម៉ូតូអស់២គ្រឿង ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលមូលដ្ឋាន បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញ ធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងដកហូតម៉ូតូ២គ្រឿង ប្រគល់ជូនជនរងគ្រោះវិញ។ ចំណែកជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕



ចែករំលែកព័តមាននេះ