រដ្ឋបាលខេត្តប៉ៃលិនចាត់ឱ្យខាងមន្ទីរសាធារណការខេត្ត ស្ថាបនាអ៊ុតកៅស៊ូកំណាត់ផ្លូវវាងក្រុងប្រវែង ២គីឡូម៉ែត្រ ដើម្បីសម្រួលចរាចរណ៍
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ ក្រោយពីសង្កេតឃើញផ្លូវក្រាលកៅស៊ូមួយកន្លែងទទួលរងការខូចខាតក្លាយជាជង្ហុកតូចធំរហូតមកដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បាននិងកំពុងដំណើរការចុះស្ថាបនាអ៊ុតកៅស៊ូបន្ថែមលើកំណាត់ផ្លូវវាងក្រុងប៉ៃលិន ដែលមានប្រវែងប្រមាណ២គីឡូម៉ែត្រ ចាប់ពីចំណុចមុខរោងចក្រសម្ងួតមៀនប៉ៃលិន រហូតដល់ចំណុចបរិវេណវិមានឈ្នះ-ឈ្នះខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ ធ្វើឡើងស្របតាមការណែនាំ និងចង្អុលបង្ហាញ ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងលើកកម្ពស់គុណភាពផ្លូវថ្នល់ ធានាបាននូវសុវត្ថភាពដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងការបង្កើនផ្នែកសោភ័ណភាពតំបន់ទេសចរណ៍ឱ្យកាន់តែទាក់ទាញ។
ក្នុងសកម្មភាពនេះ ក្រុមការងារជំនាញបានចល័តគ្រឿងចក្រ និងកម្លាំងបច្ចេកទេស ចុះសម្អាតផ្ទៃផ្លូវ និង អ៊ុតស្រោបកៅស៊ូតាមស្តង់ដារបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវគុណភាពយ៉ាងរឹងមាំ ធន់ទៅនឹងការប្រើប្រាស់ និងរក្សាអាយុកាលយូរអង្វែង ។ កំណាត់ផ្លូវវាងក្រុងដ៏សំខាន់នេះ មិនត្រឹមតែជួយសម្រួលដល់ការដឹកជញ្ជូនកសិផលប៉ុណ្ណោះទេ តែជាពិសេសទៅទៀតនោះ គឺដឹកផ្លែតាង៉ែន (មៀនប៉ៃលិន) ចេញពីរោងចក្រសម្ងួតទៅកាន់ទីផ្សារ ហើយថែមទាំងផ្តល់ភាពងាយស្រួល សុវត្ថិភាពខ្ពស់ដល់អ្នកធ្វើដំណើរការដឹកជញ្ជូនផលដំណាំផ្សេងៗរបស់ប្រជាកសិករ និងការធ្វើដំណើរកំសាន្តរបស់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ដែលមកទស្សនាតំបន់រមណីយដ្ឋាន និងកន្លែងផ្សេងៗទៀត ក្នុងខេត្តប៉ៃលិនផងដែរ ។
សូមបញ្ជាក់ថា ផ្លូវជាច្រើនខ្សែ ត្រូវបានរដ្ឋបាលខេត្តរៀបចំជួសជុល និងកសាងឡើងយ៉ាងច្រើនខ្វាត់ខ្វែង ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន៕








ចែករំលែកព័តមាននេះ