ខេត្តប៉ៃលិន ៖ ដើម្បីញ៉ាំងឲ្យប្រជាពលរដ្ឋនៅក្នុងក្រុងប៉ៃលិន មានការយល់ដឹងកាន់តែច្បាស់ពីបញ្ហាផលប៉ះពាល់ដោយសារការបោះចោលសំរាមពាសវាលពាសកាល រហូតមកដល់ពេលនេះ មន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលក្រុងប៉ៃលិន អាជ្ញាធរសង្កាត់ទួលល្វា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្ត បានរួមគ្នាចុះរៀបចំយុទ្ធនាការសម្អាតអនាម័យបរិស្ថាន និងដាក់ស្លាកផ្សព្វផ្សាយ ស្តីពីវិធានការផាកពិន័យចំពោះអ្នកចោលសំរាមផ្តេសផ្តាសតាមទីសាធារណៈ ដែលពិធីបានធ្វើឡើងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ ។
ប្រភពព័ត៌មានបានឱ្យដឹងថា សកម្មភាពធ្វើអនាម័យបរិស្ថាននេះ ដឹកនាំដោយផ្ទាល់ដោយ លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន ដោយបានចុះធ្វើការសម្អាត និងរើសសំរាមតាមបណ្តោយដងផ្លូវជាតិលេខ៥៧ ចាប់ពីចំណុចស្ពានអូរតាពុកក្រោម រហូតដល់រង្វង់មូលព្រះនរាយណ៍ (ខាងមុខវត្តអូរច្រា) ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ទន្ទឹមនឹងការចុះប្រមូលនិងសម្អាតកាកសំណល់ ក្រុមការងារក៏បានដំឡើងស្លាកផ្សព្វផ្សាយអប់រំអំពីវិធានការច្បាប់ និងការផាកពិន័យជាប្រាក់ ចំពោះបុគ្គលទាំងឡាយណាដែលបន្តចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈផងដែរ។ យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់អនាម័យ សោភ័ណភាព និងបរិស្ថានស្អាតក្នុងក្រុង ក៏ដូចជាការដាស់តឿនស្មារតីប្រជាពលរដ្ឋឱ្យផ្លាស់ប្តូរឥរិយាបថ ងាកមកចូលរួមទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ ដើម្បីប្រែក្លាយខេត្តប៉ៃលិនជាទីក្រុងបៃតង គ្មានសំរាមប្លាស្ទិក និងប្រកបដោយផាសុកភាពសម្រាប់ការរស់នៅ៕





ចែករំលែកព័តមាននេះ