ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ រដ្ឋបាលខេត្តប៉ៃលិន បានជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្សានុសិស្ស និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅមកលេងស្រុកកំណើតជួបជុំ បងប្អូនសាច់ញាតិ ក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ.ស.២០២៦ រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុង (City Bus) សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល០៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃ០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដោយមិនគិតថ្លៃសម្រាប់ការធ្វើដំណើរពី ភ្នំពេញ-ប៉ៃលិន-ភ្នំពេញ តាមទីតាំង និងពេលវេលាដូចខាងក្រោម ៖
ម៉ោងចេញដំណើរ ចាប់ពីម៉ោង ៦និង៣០នាទីព្រឹក ដល់ម៉ោង ១១និង៣០នាទីព្រឹកចំណតចេញ និងចំណតមកដល់កន្លែងតែមួយ គឺសម្រាប់ខេត្តប៉ៃលិន ចំណតរថយន្តនៅខាងជើងរបង សាលាខេត្តប៉ៃលិន ។
ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា ឯនៅរាជធានីភ្នំពេញ ទាំងចេញដំណើរ និងទាំងមកដល់ គឺនៅចំណតរថយន្តស្ថានីយ៍រថយន្តក្រុង សួនច្បារឬស្សីកែវ ។
ចំណែកប្រជាពលរដ្ឋដែលមានបំណងចង់ចេញពីខេត្តប៉ៃលិនទៅលេងរាជធានីភ្នំពេញ និងឆ្ពោះទៅកាន់បណ្តាខេត្តនានាទូទាំងប្រទេស ពួកគាត់មានការសប្បាយរីករាយជាមួយនឹងដំណឹងនេះយ៉ាងខ្លាំង ហើយកំពុងទន្ទឹងរង់ចាំដល់ពេលថ្ងៃនោះមកដល់ ។ ពួកគាត់ក៍ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់សម្រាប់ពួកគាត់ ដើម្បីជួយសម្រួលដល់ការចំណាយមួយចំនួនផងដែរ៕




ចែករំលែកព័តមាននេះ