ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​តា​ង៉ែ​ន ​ឬ​មៀន​ប៉ៃលិន ​​ទិន្នផល​ឆ្នាំ​នេះ​ធ្លាក់​ចុះ​បន្តិច

3 ថ្ងៃ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៦​នេះ ប្រជា​កសិករ​មួយ​គ្រួសារ​កំពុ​ង​តែ​ប្រមូល​ផលដំណាំ​ផ្លែ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ជាង​១០០​ដើម​នៅ​លើ​ដីចំការ​របស់​ខ្លួន​យ៉ាង​មមាញឹក ស្ថិត​នៅ​ក្នុងភូមិ​អូរ​ច្រា​លើ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដើម្បី​លក់​ឱ្យ​ឈ្មួញ​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​សង​ជំពាក់​បំណុល​គេ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់ ឈ្មោះ ម៉ៅ បាន​រៀបរាប់​ឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ៖ គាត់​បាន​ដាំ​ដំណាំ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន​នេះ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក៏​បាន​ប្រមូល​ផល​១​ឆ្នាំ​ម្តង​ៗ ជា​បន្តបន្ទាប់ ដោយពេល​ខ្លះ​តម្លៃ​ទីផ្សារ​ឡើង​ខ្ពស់​បន្តិច និង​ពេល​ខ្លះ​ទៀត ក៏​ធ្លាក់​ទាប ។ គាត់​បន្ត​ទៀត​ថា ដំណាំ​ក្នុង​ចំការ​របស់​គាត់​នា​ឆ្នាំ​នេះ ហាក់ដូចជា​មានការ​ថយ​ទិន្នផល​បន្តិច ព្រោះ​ខ្វះខាត​ទឹក​ស្រោចស្រព​ដើម ខណៈ​ពេល​ដែល​ដំណាំ​នេះ​កំពុង​ផ្កា ស្រាប់តែ​រាំងភ្លៀង​រយៈពេល​យូរ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ទោះបីជា​យ៉ាងណា នា​ដើមខែ​តុលា​នេះ ដំណាំ​តា​ង៉ែ​ន​របស់​គាត់ បាន​ទុំ​ពេញ​ដើម​អស់ ហើយ​ក៏​បាន​ជួល​កម្មករ​ឱ្យ​ចូល​ទៅ​ប្រមូល​ផល​លក់​ឱ្យ​ឈ្មួញ​ចិន​ដឹក​យក​ទៅ​កែ​ច្នៃ​ធ្វើ​ជា​គ្រឿង​កំប៉ុង​នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ដោយ​គេ​ម៉ៅ​ទិញ​ផ្លែ​ល្អ ក្នុង​តម្លៃ​១​គីឡូក្រាម​៣៥០០​រៀល​។ តែបើ​ផ្លែ​មិនសូវ​ល្អ ក៏​ធ្លាក់​តម្លៃ​ទៅ​តាម​នោះ​ដែរ ។ ពេល​នេះ គាត់​ប្រមូល​ផល​បាន​ជាង​៣​តោន​ហើយ ក៏​នឹង​ប្រមូល​ផល​ជា​បន្តបន្ទាប់​រហូត​ដល់​អស់​ផ្លែ​ពី​ដើម រួច​ក៏​ទុក​រយៈពេល​២​ទៅ​៣​ខែ ទើប​តែង​មែក​ជា​ថ្មី​ម្តងទៀត និង​ដាក់​អក​ម៉ូ​ន​ឱ្យ​ស្លឹក​លូតលាស់ និង​ផ្កា​ផ្លែ​ឡើង​វិញ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ឈ្មោះ សាន្ត ជា​មេការ​ប្រមូល​ផល​ផ្លែ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ក៏​បាន​បញ្ជាក់​ដែរ​ថា ថៅកែ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន យក​ទៅ​ចូល​រោងចក្រ រួច​អប់​ផ្លែ​ក្នុង​រោង​ម៉ាស៊ីន និង​បក​សម្បក​​ផ្លែ ផលិត​ទៅ​ជា​គ្រឿង​កំប៉ុង ដែល​អាច​ទុក​បាន​រយៈពេល​យូរ ហើយ​បញ្ជូន​ទៅ​ស្រុក​ចិន ដើម្បី​ផលិត​ជា​គ្រឿង​កំប៉ុង​ផ្សេង​ៗ លក់​ចែកចាយ​ទៅ​តាម​រោងចក្រ នៅ​ក្នុង​បណ្តា​ប្រទេស​ផ្សេង​ៗ ។

ប្រភព​បន្ត​ថា ការ​ប្រមូល​ទិញ​ផ្លែ​តា​ង៉ែ​ន​នេះ គឺ​មិន​កំណត់​នោះ​ទេ ឱ្យ​តែ​មាន​គឺ​ចាប់ផ្តើម​ជួល​កម្មករ​ឱ្យទៅ​ប្រមូល​ផល ដោយ​គិតថ្លៃ​ឈ្នួល​ក្នុង​១​គីឡូក្រាម​៥០០​រៀល បើសិនជា​កម្មករ​ប្រមូល​ផល​បាន​ច្រើន នោះ​នឹង​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​ផង​ដែរ​៕