ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​ក្មេង​ទំនើង​៣​ក្រុមមានរហស្ស​នាមថា «ប្លុក​សេ​ដ(MS)​, ​កាហ្វេ​ស្វាយ និង​ក្រុម​ចេកឆាប​» ដាក់គុក​ព្រៃ​.ស​

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ចោទប្រកាន់​លើ​ក្រុម​ក្មេង​ចំនួន​៣​ក្រុម ដែល​មាន​រហស្ស​នាម​ក្រុម ប្លុក​សេ​ដ (MS), ក្រុម​កាហ្វេ​ស្វាយ និង​ក្រុមចេកឆាប រួច​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​ក្មេង​ទំនើង​ចំនួន​៩នាក់​ដាក់​ពន្ធនាគារ​ព្រៃ.​ស​ជា​បណ្តោះអាសន្ន​ ពី​បទ​​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់​​ទោស និង​លួច​មាន​ស្ថាន​ទម្ងន់ទោស​ ។

អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៦ វេលា​ម៉ោង​០១​និង​០០​នាទី រំលង​អ​ធ្រា​ត្រ មាន​ក្មេង​ទំនើង​ចំនួន​៣​ក្រុម រហស្ស​នាម​ក្រុម​ប្លុក​សេ​ដ​(MS), ក្រុម​កាហ្វេ​ស្វាយ និង​ក្រុម​ចេកឆាប មាន​គ្នា​ប្រហែល​២២​នាក់ ជិះ​ម៉ូតូ​ប្រហែល​១០​គ្រឿង ប្រដាប់​ដោយ​មួក​សុ​វត្តិភាព និង​ដុំ​ថ្ម បាន​បបួល​គ្នា​ជិះ​ម៉ូតូ​ចេញ​វាយ​លើ​ក្រុម​ក្មេង​ទំនើង​ផ្សេង​ទៀត​ជា​ការ​កាត់សាញ និង​កម្សាន្ត​​អារម្មណ៍​ ។

លុះ​នៅ​ពេល​ក្រុម​ក្មេង​ទំនើង​ខាងលើ នាំ​គ្នា​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​ផ្លូវជាតិ​លេខ​៣ កែង​ផ្លូវបត់​ចូល​ទៅ​វត្ត​ជន្លង់ម្លូ ស្ថិតក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ស្រាប់តែ​ជួបនឹង​ក្រុម​ជន​រង​គ្រោះ​ឈ្មោះ វ​ណ្ណា សុ​ផែ​ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មាន​គ្នា​ចំនួន​៦​នាក់ ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង ឃើញ​ដូច្នោះ​ ស្រាប់តែ​ក្រុម​ក្មេង​ទំនើង​៣​ក្រុម​បាន​នាំ​ជិះ​ដេញ​តាម​វាយ និង​គប់​លើ​ជន​រង​គ្រោះ ដែល​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល ហើយ​ជន​រង​គ្រោះ​ក៏​រត់​ចោល​ម៉ូតូ រួច​គេចខ្លួន​ចូល​ទៅ​ភូមិ​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​ ។

ភ្លាម​នោះ​ ក្រុម​ក្មេង​ទំនើង​ក៏​បន្ត​នាំ​គ្នា​ធ្វើ​សកម្មភាព​រត់​ចូល​ទៅ​វាយ​ម៉ូតូ​របស់​ជន​រង​គ្រោះ និង​​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​យក​ទៅ​បាត់ ​។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ក្រុម​ក្មេង​ទំនើង​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ ។ លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៦ វេលា​ម៉​ង​១ និង​០០ នាទី កម្លាំង​សមត្ត​កិច្ច​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៩​នាក់ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​នក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ​។

​ចំណែកឯ​បក្សពួក​ផ្សេង​ទៀត ​ដែល​ពាក់​ពន្ធ​និង​ករណី​ខាងលើ​នេះ សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​បន្ត​។ ក្រោយ​ពី​បាន​ទទួល និង​ពិនិត្យ​លើ​សំណុំរឿង​នេះ តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ទាំង​៩​នាក់ និង​បក្សពួក​ពី​បទ​.​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស និង​លួច​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ក្លោ​ង​ទ្វារ​វត្ត​ជ​ម្ល​ង់​ម្លូ ផ្លូវជាតិ​លេខ​៣ ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ២​០២៦ បទល្មើស​ដែល​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​២១៨ ចំណុច​២ ចំណុច​៣ មាត្រា ៣៥៣ និង​មាត្រា ៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ តាម​រយៈ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ​៤០១៤ អ​.​យ​.​ធ ចុះ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៦ និង​បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​កាន់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ថា​ត់​ការ​បន្ត​តាម​នីតិវិធី ​។

នេះ​ហើយ​​​ក្រុម​ក្មេង​ទំនើង​៣​ក្រុម ក្រុម​ប្លុក​សេ​ដ (​សេ​ដ​ខ្លាំង​ពេក​) ក្រុម​កាហ្វេ​ស្វាយ និង​ក្រុម​ចេកឆាប ដែល​ជា​ការ​កាត់​សាញ និង​កំសាន្ត​អារម្មណ៍ ទីបំផុត​ដេក​គុក​ព្រៃ​.ស​៕