ឌុបស្ត្រីម្នាក់ទៅកោសខ្យល់ បាត់ដំណឹងនាងកន្លះខែ ស្រាប់តែប្រទះឃើញស.ពក.ប់ដីចា.ក់សាបពីលើ បំបា.ត់ដាននៅក្រោយផ្ទះបុរសជាអ្នកភូមិជាមួយគ្នា
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ត្រូវបានគេស្គាល់ថា មានមុខរបរជាអ្នកស៊ីឈ្លួលកោសខ្យល់ ត្រូវបានបុរសម្នាក់នៅក្នុងភូមិជាមួយគ្នា បានប្រើល្បិចហៅដឹកឲ្យទៅកោសខ្យល់ដល់ផ្ទះជនសង្ស័យ ហើយក៏បាត់ដំណឹងសូន្យឈឹងអស់រយៈជាច្រើនថ្ងៃ ទើបគេប្រទះឃើញសាកសពស្ត្រីរងគ្រោះ ត្រូវបានជនដៃដល់កប់ក្នុងដីនិងចាក់ស៊ីម៉ង់ពីលើ ដើម្បីបិទបាំងដាននៅខាងក្រោយផ្ទះ រួចជនសង្ស័យបានគេចខ្លួនបាត់។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពងចាម។
ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ រស់ ស៊ីណែត អាយុ៤៣ ឆ្នាំ មានមុខរបរដើរកោសខ្យល់ មានទីលំនៅភូមិ.ឃុំកើត ហេតុខាងលើ។
តាមប្រភពព័ត៌មានពីសាច់ញាតិនៃជនរងគ្រោះបានរៀបរាប់ទាំងក្តីក្តុកក្តួល និងរន្ធត់ចិត្តថា ស្ត្រីរងគ្រោះបានបាត់ខ្លួនជាច្រើនថ្ងៃមកហើយ តាមរយៈរូបភាពដែលថតបានពីកាមេរ៉ាសុវត្តិភាពបានបង្ហាញថា កាលពីវេលាម៉ោង៧ និង៣០ នាទីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ជនសង្ស័យឈ្មោះ ថៃ ម៉េងលី ហៅ បូរ ដែលជាអ្នកនៅក្នុងភូមិជាមួយគ្នា បានប្រើល្បិចឌុបស្ត្រីរងគ្រោះចេញពីផ្ទះ ដើម្បីឲ្យទៅកោសខ្យល់នៅផ្ទះរបស់ខ្លួន ។ បន្ទាបប់មកស្ត្រីរងគ្រោះក៏បានបាត់ដំណឹងសូន្យឈឹងតែម្តង។ ក្នុងអំឡុងពេលបាត់ខ្លួនក្រុមគ្រួសារបានខិតខំដើររកគ្រប់ទិសទី និងបានបង្ហោះព័ត៌មានប្រកាសតាមបណ្តាញសង្គម ប៉ុន្តែនៅតែមិនទទួលបានដំណឹងសោះ រហូតមកដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ជិតកន្លះខែក្រោយមក ទើបមានការភ្ញាក់ផ្អើល នៅពេលដែលគេបានសពស្ត្រីរងគ្រោះត្រូវបានគេយកទៅកប់ និងចាក់ស៊ីម៉ង់លប់ដានពីលើនៅផ្នែកខាងក្រោយផ្ទះរបស់ជនសង្ស័យឈ្មោះ ថៃ ម៉េងលី រីឯជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។
ពាក់ព័ន្ធនឹងករណីខាងលើនេះ បើតាមប្រភពព័ត៌មានពីប្រជាពល រដ្ឋបានឲ្យដឹងថា ស្ត្រីរងគ្រោះអាចត្រូវជនសង្ស័យចាប់រំលោភសេពសន្ថវៈ រួចធ្វើសកម្មភាពសម្លាប់បំបិទមាត់ ឬមានចេតនាប្លន់យកទ្រព្យសម្បត្តិ ប៉ុន្តែយ៉ាងណាក៏ដោយនេះគ្រាន់តែជាការសង្ស័យប៉ុណ្ណោះ។
បច្ចុប្បន្ន កម្លាំងសមត្តកិច្ចជំនាញកំពុងដុតដៃដុតជើង បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ព្រមទាំងធ្វើកោសល្យវិច័យលើសព និងតាមចាប់ខ្លួនជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕



ចែករំលែកព័តមាននេះ