ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរអំពាវនាវឱ្យប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរលើផ្លូវ​ជាតិ​លេខ៥ ជា​ពិសេស​ចំណុចប្រសព្វ​ផ្លូវ​វាង​​ចូល​ក្នុង​ក្រុង​សិរី​សោភ័ណ ដោយសារទឹកជំនន់ហូរច្រោះដាច់ផ្លូវ និងមានជង្ហុកធំៗ

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ថ្វី​ដ្បិត​បើ​ទឹកជំនន់​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ស្រក​ចុះ​ជា​បណ្តើរ​ៗ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ក្រុង​-​ស្រុក​ចំនួន​ពីរ​មាន​ក្រុង​សិរី​សោភ័ណ និង​ស្រុក​មង្គល​បូ​រី កំពុង​ទទួល​រង​នូវ​ទឹកជំនន់​ពី​ផ្នែក​ខាងលើ ដែល​បណ្ដាល​ឱ្យ​ជន់​លិច​ផ្ទះសំបែង ផលដំណាំ​របស់​បងប្អូន​ប្រជាពលរដ្ឋ រួម​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន ពិសេស​ផ្លូវជាតិ​លេខ​៥ ត្រូវ​បាន​ទឹកជំនន់​ហូរ​កាត់​លើ​ដងផ្លូវ បង្ក​ផល​ពិបាក​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ។

ជាមួយ​គ្នា​នោះ អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​ផ្ទាល់​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយ​មានជ័យ ដឹកនាំ​កងកម្លាំង ដើម្បី​ធ្វើការ​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ចេញពី​តំបន់​ដែល​ប្រឈម​នៃ​ការ​ជន់​លិច នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សិរី​សោភ័ណ​-​ស្រុក​មង្គល​បូ​រី ។ ហើយ​មិន​ត្រឹមតែ​ក្រុង​-​ស្រុក​ទាំង​២​រង​គ្រោះ ដោយសារ​ទឹកជំនន់​នោះ​ទេ បណ្តា​ស្រុក​មួយ​ចំនួន​ទៀត​ក៏​កំពុង​ទទួល​រង​ការ​វាយប្រហារ​ពី​ទឹកជំនន់​នេះ​ផង​ដែរ ។

កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៦ ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ជា​ពិសេស ត្រង់​ចំណុចប្រសព្វ​ផ្លូវ​វាង​ក្រុង​ចូល​ក្នុង​ក្រុង​សិរី​សោភ័ណ ត្រង់​ចំណុច​មុខ​វត្ត​សិរី​មង្គល ដល់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត ធ្វើ​ដំណើរ​ដោយ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ដោយសារ​ទឹកជំនន់​បាន​ហូរ​ច្រោះ​បណ្ដាល​ឱ្យ​ផ្លូវ​រង​ការ​ដាច់ និង​ជង្ហុក​ធំ​ៗ​ដែល​អាច​បង្ក​គ្រោះថ្នាក់​នៅ​ពេល​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ។

បើ​យោង​ទៅ​តាម​របាយការណ៍​ផល​ប៉ះពាល់ និង​ខូចខាត​ដោយសារ​គ្រោះ​ទឹកជំនន់​របស់គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​ខេត្តបន្ទាយមានជ័យ គិត​ត្រឹម​ម៉ោង​១៦​និង​០០​នាទី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៦ ដែល​ប៉ះពាល់​រួម​មាន​ក្រុង​-​ស្រុក​រួម​មាន ៖ ១-​ក្រុង​ប៉ោយ​ប៉ែ​ត​ជម្លៀស បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព សរុប​១,៥៦៤​គ្រួសារ​, ២-​ក្រុង​សិរី​សោភ័ណ ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​៧៧១​គ្រួសារ(​ប៉ះពាល់​ដំណាំ​ស្រូវ​២,៧៥៣​ហិ​កតា​, ដំណាំ​រួម​ផ្សំ​៥​ហិ​កតា​, ខូចខាត​ដំណាំ​ស្រូវ​១២៤​ហិ​កតា , ប៉ះពាល់​ផ្លូវ​១៤៩​កន្លែង ស្មើនឹង​៥៩,៧៦៦​ម៉ែត្រ ) , ៣-​ស្រុក​អូរ​ជ្រៅ ជម្លៀស បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​៣៣​គ្រួសារ (​ប៉ះពាល់​ដំណាំ​ស្រូវ​៩,០៨៥ហិ​កតា​, ខូចខាត​ដំណាំ​ស្រូវ​១០៦​ហិ​កតា​, ប៉ះពាល់​ផ្លូវ​៦២​កន្លែង ស្មើនឹង​៤៥,៧៦៦​ម៉ែត្រ ) , ៤-​ស្រុក​មង្គល​បូ​រី ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​៨៥៦​គ្រួសារ(​ប៉ះពាល់​ដំណាំ​ស្រូវ ៧,៨៨៤​ហិ​កតា​, ប៉ះពាល់​ផ្លូវ​៩២​កន្លែង ស្មើនឹង​៦៣,៩៧៨​ម៉ែត្រ​) ,

៥-​ស្រុក​ភ្នំស្រុក ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​១៨​គ្រួសារ​(​ប៉ះពាល់​ដំណាំ​ស្រូវ​៤,៨១៦​ហិ​កតា , ដំឡូង​មី​១៣៧​ហិ​កតា ,​ដំណាំ​រួម​ផ្សំ​៥​ហិ​កតា ,​ប៉ះពាល់​ផ្លូវ ១៧៨​កន្លែង ស្មើនឹង ១៣៤,៣៥៦​ម៉ែត្រ ) , ៦-​ស្រុក​ម៉ា​ឡៃ ខូចខាត​ដំណាំ​ស្រូវ ចំនួន​២០៤​ហិ​កតា ,​ប៉ះពាល់​ផ្លូវ ១​កន្លែង ស្មើនឹង ២៦,៩២​ម៉ែត្រ​, ៧-​ស្រុក​ព្រះនេត្រព្រះ (​ប៉ះពាល់​ដំណាំ​ស្រូវ ២,៤៨១​ហិ​កតា , ប៉ះពាល់​ផ្លូវ ២៨​កន្លែង ស្មេ​ី​រ​នឹង ៤,៦០០​ម៉ែត្រ ) , ៨-​ស្រុក​ថ្មពួក ប៉ះពាល់​ដំណាំ​ស្រូវ ២៨​ហិ​កតា ,៩-​ស្រុក ស្វា​ចេក​ពុំ​មាន​ផល​ប៉ះពាល់​។ ជា​រួម​ផល​ប៉ះពាល់ និង​ខូចខាត​ដោយសារ​គ្រោះ​ទឹកជំនន់ ជម្លៀស បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព សរុប​ចំនួន​៣,២៤២​គ្រួសារ​, ប៉ះពាល់​ដំណាំ​ស្រូវ សរុប ២,៧០៩​ហិ​កតា , ដំឡូង​មី​១៥៦​ហិ​កតា ,​ដំណាំ​រួម​ផ្សំ​១០​ហិ​កតា ,​ខូច ខាត ដំណាំ​ស្រូវ​សរុប​៤៣៤​ហិ​កតា ,​ប៉ះពាល់​ផ្លូវ ៥០២​កន្លែង ស្មេ​ី​រ​នឹង ២៩៤,២៥០​ម៉ែត្រ ។

ជាមួយ​គ្នា​នោះ មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០១ ខែតុលា នេះ ក៏​បាន​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​បណ្តោះអាសន្ន​យានយន្ត​ធុន​ធំ​គ្រប់​ប្រភេទ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​កំណាត់​ផ្លូវជាតិ​លេខ ៥ ចាប់ពី គ​.​ម ៣៤០+០០០ ដល់ គ​.​ម ៣៦១+៨៥០ (​អូរ​ស្ងួត​-​ផ្លូវ​វាង​ក្រុង​ទឹកថ្លា​) ក្នុងភូមិ​សាស្ត្រ​ខេត្ត​បន្ទាយ​មានជ័យ​៕