ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងខិតខំប្រឹងប្រែងពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យនានា ជាមួយកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា រៀបចំពិធីទទួលបដិសណ្ឋារកិច្ច អបអរសាទរទិវាជាតិ និងទិវាកងកម្លាំងប្រដាប់អាវុធ ឆ្នាំ២០២៦ នៅសណ្ឋាគារ Sofitel Phnom Penh ។

ថ្លែងក្នុងពិធីអបអរសាទរទិវាជាតិ ឯកអគ្គរដ្ឋទូត Kim Chang Yong នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានឱ្យដឹងថា ប្រទេសកូរ៉េ និងកម្ពុជាមានបទពិសោធន៍ដូចគ្នា ក្នុងការជំនះដំណាក់កាលដ៏លំបាក នៃប្រវត្តិសាស្ត្ររៀងៗខ្លួន ។ លោក Kim Chang Yong បានវាយតម្លៃថា ៖ «ទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនជាលំដាប់ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតឡើងវិញនៅ ឆ្នាំ១៩៩៧ ។ ជាពិសេស ការលើកកម្ពស់ទំនាក់ទំនងកូរ៉េ-កម្ពុជា ឱ្យទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលឆ្នាំ២០២៤ គឺជាសមិទ្ធផលដ៏សំខាន់មួយ និងបានសម្តែងក្តីរំពឹងថាទំនាក់ទំនងនេះ នឹងបន្តរីកចម្រើនបន្ថែមទៀត លើវិស័យជាច្រើនដែលប្រទេសទាំងពីរ បានសហការគ្នាយ៉ាងជិតស្និទ្ធ ដែលមានដូចជា៖ ការឆ្លើយតបរួមគ្នាទៅនឹងបទល្មើសឆ្លងដែន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ វិស័យអប់រំ និងវប្បធម៌ ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន» ។

ជាគ្នានេះផងដែរ ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន បានទទួលស្គាល់ពីការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកូរ៉េ ព្រមទាំងសមិទ្ធផលនានារបស់ខ្លួន នៅលើឆាកអន្តរជាតិ ។ ឯកឧត្តមបានលើកឡើងថា៖ «ខ្ញុំរំពឹងថាទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជានឹងបន្តរីកចម្រើនបន្ថែមទៀត នៅពេលឈានដល់ខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ២០២៧ ។ ខ្ញុំសង្ឃឹមថា ប្រទេសទាំងពីរ ក្នុងនាមជាភាគី នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ-អាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ សកម្មភាពធុរកិច្ច និងការអភិវឌ្ឍ» ។

បន្ថែមពីនេះស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានចាត់ទុកខួបលើកទី ៣០ នៅក្នុងឆ្នាំ២០២៧ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ នឹងជាឱកាសមួយដើម្បីពង្រឹងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំងពីរបានកសាងឡើង ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ព្រមទាំងបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងខិតខំប្រឹងប្រែងពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យនានា

សូមជម្រាបជូនផងដែរថា អបអរសាទរទិវាជាតិ និងទិវាកងកម្លាំងប្រដាប់អាវុធ ឆ្នាំ២០២៦ មានការចូលរួម ពីភ្ញៀវកិត្តិយស ប្រមាណ ៤០០នាក់ រួមមាន ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានព្រឹទ្ធសភា, ឯកឧត្តម ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា, ឯកឧត្តម ស្រ៊ី ថាមរុង្គ ទេសរដ្ឋមន្ត្រី, ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា គណៈប្រតិភូការទូត សហគមន៍កូរ៉េ និងតំណាងមកពីវិស័យផ្សេងៗទៀតផងដែរ ៕



ចែករំលែកព័តមាននេះ