ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​កិច្ចប្រជុំ​សម្របសម្រួល​រវាង​ក្រុមហ៊ុន PassApp និង​តំណាង​អ្នកបើកបរ ស្តី​ពី​សំណើ​របស់​ដៃគូ​អ្នកបើកបរ

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដៃគូ​អ្នកបើកបរ​ម៉ូតូ​កង់​បី​របស់​ក្រុមហ៊ុន PassApp បាន​លើក​ឡើង​នូវ​សំណើ​ពាក់ព័ន្ធ​នឹង​ការ​កែសម្រួល​តម្លៃ​សេវា​ដឹក​ជញ្ជូន និង​កម្រៃជើងសារ​របស់​ក្រុមហ៊ុន​ ។

បន្ទាប់​ពី​មានការ​សម្របសម្រួល​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច កិច្ចប្រជុំ​សម្របសម្រួល​រវាង​ក្រុមហ៊ុន PassApp និង​តំណាង​ដៃគូ​អ្នកបើកបរ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី០១ ខែតុលា ឆ្នាំ២០២៦ នៅ គ​.​ប​.​ប​. ក្នុង​គោលបំណង​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​សម​ស្រប​ចំពោះ​សំណើ និង​កង្វល់​របស់​ដៃគូ​អ្នកបើកបរ ​។

ក្នុង​កិច្ចប្រជុំ​នេះ តំណាង​ក្រុមហ៊ុន PassApp បាន​បញ្ជាក់​អំពី​គោល​ជំហរ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ស្រប​តាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​។ កន្លង​មក ក្រុមហ៊ុន​តែងតែ​យកចិត្តទុកដាក់ និង​គោរព​តាម​ការ​ណែនាំ និង​វិធានការ​របស់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ​។

ក្រុមហ៊ុន PassApp ក៏​បាន​បញ្ជាក់​ពី​ឆន្ទៈ​ក្នុង​ការ​បន្ត​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អន្តរក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​តាម​ការ​ណែនាំ និង​លទ្ធផល​នៃ​កិច្ចប្រជុំ​។ ក្រុមហ៊ុន​សូម​បញ្ជាក់​ថា ខ្លួន​មិន​មាន​ចេតនា​ណាមួយ​ក្នុង​ការ​បង្ក​ឱ្យ​មាន​បាតុភាព ​ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុខ​សុវត្ថិភាព​ក្នុង​សង្គម​ជាតិ​នោះ​ឡើយ ​។

ជា​លទ្ធផល ​នៃ​កិច្ចប្រជុំ ក្រុមហ៊ុន PassApp បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​យកចិត្តទុកដាក់ និង​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​ការ​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​ការ​អនុវត្ត​តាម​គោលការណ៍ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ ​។

ក្រោម​ការ​សម្របសម្រួល និង​ការ​ចូលរួម​ពី​សំណាក់​អន្តរក្រសួង និង​គណៈកម្មការ​ប្រកួតប្រជែង​កម្ពុជា ក្រុមហ៊ុន PassApp បាន​ឯកភាព​ទទួលយក​សំណើ​របស់​ដៃគូ​អ្នកបើកបរ ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ស្រប​តាម​នីតិវិធី​ពាក់ព័ន្ធ និង​ក្នុង​ស្មារតី​សហប្រតិបត្តិការ និង​ការ​យោគយល់​គ្នា​ ។

ក្រុមហ៊ុន PassApp សូម​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អ្នកបើកបរ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម​ស្រប និង​ប្រកបដោយ​ចីរភាព ព្រមទាំង​បន្ត​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​សម​ស្រប​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ៕

Screenshot