ព្រះកាយ ច័ន្ទ បញ្ជាក់ហេតុផលដែលនាងមិនវិលត្រឡប់ចូលវិស័យបវរកញ្ញា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាសម្តែង ព្រះកាយ ច័ន្ទ បានលើកពីហេតុផលដ៏ចម្បងមួយចំពោះខ្លួននាង ដែលជាដើមចមនាំឲ្យនាងមិនអាចវិលមកប្រឡូកក្នុងវិស័យបវរកញ្ញាជាថ្មីម្តងទៀត បើទោះបីជាមានការជម្រុញពីសំណាក់ទស្សនិកជនជាច្រើនក៏ដោយ ។
ហេតុផលនោះត្រូវបានតារាស្រីរូបនេះបញ្ជាក់ថា គឺអត្តចរិតរបស់នាងផ្ទាល់តែម្តង ដែលនាងមិនអាចចូលគេចុះក្នុងវិស័យបវរកញ្ញានេះបាន ព្រោះវិស័យមួយនេះគឺតម្រូវឲ្យមានការបត់បែន រហូតអាចធ្វើពីខុសទៅជាត្រូវក៏បាន ខណះពេលចំណុចនេះគឺនាងមិនអាចធ្វើបានឡើយ ដោយសារខុសពីជំហររបស់នាង ។
ព្រះកាយ ច័ន្ទ បានលើកឡើងថា រហូតមកដល់ពេលនេះនាងនៅតែប្រកាន់ជំហររបស់ខ្លួនដដែលគឺនឹងមិនវិលមកប្រឡូកក្នុងវិស័យបវរកញ្ញាម្តងទៀតឡើយ បើទោះបីជាមានទស្សនិកច្រើនចង់ឃើញនាងវិលចូលវិស័យនេះជាថ្មីទៀតក៏ដោយ ។
នាងបន្តថា ក្នុងវិស័យបវរកញ្ញាគឺទាល់តែបេក្ខភាពម្នាក់នោះចេះបត់បែន ចូលស្ទឹងតាមបត់ និងធ្វើតាមកាលៈទេសៈ ហើយកន្លែងណាគេថាត្រូវគឺត្រូវកែតាមគេឲ្យត្រូវតាមដែរ ប៉ុន្តែសម្រាប់នាងគឺមិនចេះធ្វើដូច្នេះឡើយ ព្រោះកន្លែងណាមិនត្រូវគឺនាងមិនធ្វើឡើយ ដូច្នេះគេអាចមិនពេញចិត្តនាង និងមានរឿងចម្រូងចម្រាស់ក្នុងកម្មវិធី ។
នាងបញ្ជាក់ថា មូលហេតុនេះដែលធ្វើឲ្យនាងគិតថា នាងពិតជាស័ក្តិសមក្នុងវិស័យមួយនេះឡើយ ព្រោះតែអត្តចរតរបស់យើងគឺចូលមិនចុះគេ ដោយសារនាងតែងតែប្រកាន់ជំហរឈរក្នុងភាពត្រឹមត្រូវ និង ស្មោះត្រង់មករហូត ។
ទោះជាបែបណានាងថា ការនិយាយនេះគឺនាងមិនសំដៅទៅលើស្ថាប័នបវរកញ្ញាណាមួយឡើយ ប៉ុន្តែវាជាការពិតដែលបានកើតឡើង ខណះពេលដែលនាងក៏មិនមានការព្រួយបារម្ភចំពោះការប៉ះពាល់អ្នករៀបចំកម្មវិធីបវរកញ្ញានោះដែរ ព្រោះនាងនិយាយតែការពិតប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ បើតាមព្រះកាយ ច័ន្ទ នាងពិតជារំភើបនៅពេលដែលនាងបានឃើញទស្សនិកជនជាច្រើននៅតែបន្តគាំទ្រ និងទុកចិត្តចំពោះទេពកោសល្យរបស់នាងនៅក្នុងជម្រុញឲ្យនាងចូលប្រឡូកក្នុងវិស័យបវរកញ្ញាជាថ្មីម្តងទៀត ។
គួរបញ្ជាក់ថា តារាសម្តែង ព្រះកាយ ច័ន្ទ បានសម្រេចលាលែងពីតំណែង Miss Grand Phnom Penh កាលពីដើមឆ្នាំ ២០២៤ និងបានប្រកាសថា នាងនឹងមិនវិលចូលប្រឡូកក្នុងវិស័យមួយនេះជាថ្មីម្តងទៀតនោះឡើយ បើទោះបីជាមានការគាំទ្រពីសំណាក់ទស្សនិកជន ។
ជុំវិញបញ្ហានេះ នាពេលកន្លងមក ព្រះកាយ ច័ន្ទធ្លាប់បានអះអាងបញ្ជាក់ថា តាមរយៈបទពិសោធន៍នៃការចូលរួមប្រកួតកន្លងមក គឺបានធ្វើឱ្យនាងស្គាល់ខ្លួនឯងច្បាស់ ហើយយល់ឃើញថា ខ្លួនពិតជាមិនស័ក្តិសម ជាមួយនឹងការប្រកួតក្នុងកម្មវិធីបវរកញ្ញានោះទេ ៕



ចែករំលែកព័តមាននេះ