រាជធានីភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងផែនការម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបើករថយន្តបុកស្ត្រីវ័យចំណាស់ ជាដូនជីម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ និងបានទទួលអនិច្ចកម្មពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកព្រលឹម ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវលេខ១៦៩ ប្រសព្វផ្លូវលេខ១៦៤ ស្ថិតក្នុងភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
អ្នកបើកបររថយន្តបង្កមានឈ្មោះ វី ហៀង អាយុ៧៧ឆ្នាំ មានតួនាទីជា រដ្ឋលេខាធិការក្រសួងផែនការ ។
ជនរងគ្រោះឈ្មោះ វើក សារី អាយុ៨២ឆ្នាំ (ជាដូនជី) មានទីលំនៅក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា ដែលកំពុងធ្វើដំណើរទៅកាន់វត្តអារាម ។
តាមការបញ្ជាក់ពីប្រភពព័ត៌មាន បានអោយដឹងថា ដោយរូបលោកបានបើករថយន្តម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខរដ្ឋ 14-20051 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៦៩ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកអ្នកថ្មើរជើងយ៉ាងពេញទំហឹង ខណៈពេលកំពុងដើរឆ្លងផ្លូវពីទិសខាងកើតទៅកើតខាងលិច លុះមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកដូនជី កំពុងឆ្លងផ្លូវ បណ្តាលអោយបោកក្បាលរងរបួសធ្ងន់។ ភ្លាមៗលោកយាយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសមៈ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក លោកយាយក៏បានទទួលអនិច្ចកម្មតែម្តង ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍បានឃាត់ខ្លួនជនបង្ក ដើម្បីនាំខ្លួនទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕





ចែករំលែកព័តមាននេះ