រាជធានីភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ៖ «ការបង្កើតតំបន់អភិរក្សនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងបេសកកម្មរយៈពេលវែងរបស់យើង ដើម្បីសង្គ្រោះសត្វក្រពើភ្នំ ដែលកំពុងប្រឈមនឹងការផុតពូជ។ តាមរយៈកម្មវិធីបង្កាត់ពូជ និងស្តារក្រពើភ្នំទៅក្នុងធម្មជាតិរបស់ក្រសួងកសិកម្ម យើងបានប្រលែងក្រពើភ្នំត្រឡប់ទៅកាន់ជម្រកធម្មជាតិរបស់វាវិញដោយជោគជ័យ ដើម្បីបង្កើនចំនួនរបស់វាឡើងវិញ។ ការផ្តល់ការការពារស្របច្បាប់ដល់ក្រពើភ្នំ នៅក្នុងតំបន់ជាទីជម្រកពងកូនរបស់សត្វនេះ គឺជាសក្ខីភាពបង្ហាញថា នៅពេលដែលក្រសួង ដៃគូ និងសហគមន៍ រួមសហការគ្នា យើងអាចសម្រេចសមិទ្ធផលដែលជាឧត្តមប្រយោជន៍រួមសម្រាប់មនុស្សជាតិ និងធម្មជាតិបាន។ ការអភិរក្សប្រភេទសត្វដ៏កម្រនេះ មិនត្រឹមតែជាកាតព្វកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការវិនិយោគលើការពង្រឹងភាពធន់នៃប្រព័ន្ធអេកូឡូស៊ី តំបន់ដីសើមដ៏សម្បូរបែបរបស់កម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយ» ។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា ៖ «បឹងវាលវែងគឺជា តំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំដំបូងបំផុតរបស់ប្រទេសកម្ពុជា ដែលមានចំនួនប្រភេទនេះច្រើនជាងគេនៅលើពិភពលោក។ តំបន់អូរសោម គឺជាទីជម្រកដ៏សំខាន់បំផុតមួយសម្រាប់ប្រភេទសត្វកម្រៗ ហើយការកំណត់យកតំបន់នេះជាតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុក្រពើភ្នំ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងការធានានូវការរស់រានតជំនាន់នៃសត្វក្រពើភ្នំ តាមរយៈការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ជាពិសេសសសរស្តម្ភទី២ «ភាពបៃតង» យុទ្ធសាស្ត្រការពារធនធានធម្មជាតិ ជំហានទី២ (២.១) ក្នុងការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង ការពារ ស្តារធនធានធម្មជាតិ និងការអនុវត្តច្បាប់ ។
កាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ អ្នកស្រាវជ្រាវបានរកឃើញសំបុកក្រពើភ្នំញាស់ក្នុងធម្មជាតិ ដែលមានពងសរុប ចំនួន១៧ គ្រាប់ នៅតំបន់វាលវែង (ឃុំអូរសោម) ដែលបង្ហាញថា តំបន់នេះ គឺជាកន្លែង បង្កាត់ពូជធម្មជាតិដ៏សំខាន់ ដែលតម្រូវឱ្យមានការការពារពីច្បាប់ជាបន្ទាន់ ។
គួរដឹងដែរថា តំបន់នេះស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នៃក្រសួងបរិស្ថាន ដោយមានការចូលរួមសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ សហគមន៍មូលដ្ឋាន អង្គការអភិរក្សអន្តរជាតិ (CI) និងអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) ៕




Date photo was taken: 27/06/24

Date photo was taken: 30/06/24




ចែករំលែកព័តមាននេះ