អភិបាលខេត្តដាក់បទបញ្ជាដល់គ្រប់រដ្ឋបាលក្រុង-ស្រុក ត្រៀមកងកម្លាំង ប្រេីប្រាស់គ្រប់មធ្យោបាយ ដេីម្បីចេញអន្តរាគមន៍ជម្លៀសបងប្អូនពលរដ្ឋពីជំនន់ទឹកភ្លៀង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមនឹងក្រុមការងារ កងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង អធិការនគរបាលក្រុង បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅតាមដងស្ទឹងសិរីសោភ័ណ នៅសង្កាត់ទឹកថ្លា សង្កាត់អូរអំបិល និងសង្កាត់ព្រះពន្លា ។

ក្នុងនោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានដាក់ចេញនូវបទបញ្ជាដល់អាជ្ញាធរសង្កាត់ទាំង៧ ក្នុងក្រុង សិរីសោភ័ណ ក៏ដូចជាបណ្តាក្រុង-ស្រុកទាំងអស់ទូទាំងខេត្ត ក្នុងករណីជំនន់ទឹកភ្លៀងបន្តកើនឡើង ត្រូវរៀបចំកងកម្លាំងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីចេញអន្តរាគមន៍ ជម្លៀសបងប្អូនពលរដ្ឋចេញពីតំបន់ប្រឈមនូវការជន់លិចទៅកាន់ទីទួលសុត្ថិភាព ដែលអាជ្ញាធរបានរៀបចំជូន ។

មួយវិញទៀត ត្រូវរៀបចំក្រុមគ្រូពេទ្យប្រចាំការ ដើម្បីព្យាបាលជំងឺ ផ្តល់ថ្នាំសង្កូវ ជូនដល់បងប្អូនពលរដ្ឋនៅតាមទីតាំងទួលសុវត្ថិភាពនីមួយៗ ។ ត្រូវចាត់កម្លាំងសមត្ថកិច្ច ឬប្រជាកាពារ ការពារសន្តិសុខ និងសុវត្ថិភាព ជូនបងប្អូនពលរដ្ឋ ក្នុងពេលស្នាក់នៅបណ្តោះអាសន្ននៅគ្រប់ទីតាំង ។

សូមរំលឹកថា ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ខ្លាំងមានក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ទទួលរងនូការជន់លិចផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ ។ ក្នុងនោះ ក្រុងប៉ោយប៉ែត ទទួលរងនូវការជន់លិចខ្លាំងជាងគេ ដោយទឹកធ្លាក់មកពីប៉ែកខាងលើនៃប្រទេសថៃ គួបផ្សំជាមួយនឹងជំនន់ទឹកភ្លៀង ធ្វើឱ្យផ្ទះសម្បែងពលរដ្ឋរងការជន់លិច រួមនិងហេដ្ឋរចនាសម្ព័ន្ធមួយចំនួនផងដែរ។ ហើយអាជ្ញាធរក៏បានធ្វើការជម្លៀសបងប្អូនពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពផងដែរ ។

មួយវិញទៀត ក្រុងសិរីសោភ័ណ ខណៈទឹកស្ទឹងបន្តកើនឡើង ធ្វើឱ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹង ប្រឈមជាមួយនឹងការជន់លិច អាជ្ញាធរក៏បានធ្វើការជម្លៀសពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពបានមួយចំនួន។ ដោយឡែក ស្រុកមួយចំនួនក៏ប្រឈមជាមួយនិងជំនន់ទឹកភ្លៀងផងដែរ។

សូមបញ្ជាក់ទៀតថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ម្សិលមិញ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកបណ្តោះអាសន្នយានយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ ផ្លូវជាតិលេខ៥, លេខ៥៩ និងលេខ ៥៦D និងផ្លូវខេត្តលេខ១៥៩H ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដោយសារទទួលរងឥទ្ធិពល ភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្តាលឱ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន ។

ចំពោះកំណាត់ផ្លូវដែលត្រូវផ្អាកបណ្តោះអាសន្នចំពោះយានយន្តធុនធំគ្រប់ប្រភេទរួមមាន ៖ ១-កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច គ.ម ៤០២+២០០ ដល់ គ.ម ៤០៧+៤៥០ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ២-កំណាត់ផ្លូវជាតិលេខ៥៩ ត្រង់ចំណុច គ.ម ២០+០០០ ដល់ គ.ម ៣០+០00 ស្ថិតក្នុងឃុំអូរសំព័រ ដល់ឃុំទួលពង្រ ស្រុកម៉ាឡៃ ដល់ គ.ម ១៩+៩០០ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ៣-កំណាត់ផ្លូវជាតិលេខ ៥៦០ ត្រង់ចំណុច គ.ម ០+០០00, ៤. កំណាត់ផ្លូវខេត្តលេខ ១៥៩អ ត្រង់ចំណុច គ.ម ០+000 ដល់ គ.ម ១៥+៧០០ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដល់ឃុំទួលពង្រ ស្រុកម៉ាឡៃ ៕





ចែករំលែកព័តមាននេះ