អាណិតអ្នកលក់ដូរក្នុងផ្សារ ទ្រាំក្លិនស្អុ.យរហូត
- កំពត
ខេត្តកំពត ៖ ឯកឧត្តមអភិបាលខេត្តកំពត ចូលពិនិត្យផ្សារកំពង់ត្រាច រឿងភក់ជ្រាំស្អុយក្លិន តើអោយពួកគាត់លក់ដូរយ៉ាងម៉េច បើក្លិនស្អុយបែបនេះ។ នេះជាប្រសាសន៍របស់ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពតមានប្រសាសកាលពីព្រឹកថ្ងៃទី20 ខែកញ្ញា ឆ្នាំ2026 ខណៈពេលឯកឧត្តមអភិបាលខេត្ត រួមដំណើរដោយលោកង៉ាន់ ថារិទ្ធ អភិបាលរងខេត្ត និងលោកអូន ខន អភិបាលស្រុកកំពង់ត្រាច ។
ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តមានប្រសាសន៍ថា តើអ្នកម៉ៅភាស៊ីផ្សារមានមើលពួកគាត់លក់ដូរលើភក់ជ្រាំទេ ឬក៏ចាំប្រមូលតែលុយ? ម៉េចមិនចេះធុំក្លិនស្អុយពេញផ្សារទេឬ?
ឯកឧត្តមមានប្រសាសន៍ថា ត្រូវធ្វើឡើងវិញ ចាក់បេតុងរាប់ទាំងផ្លូវចូល ប្រក់ដំបូលតាមស្តង់ដា រៀបចំប្រពន្ធ័លូកុំអោយស្ទះទឹក ។
ឯកឧត្តមបានអោយអ្នកម៉ៅភាស៊ីផ្សារ គឺលោកលឹម សេង ជាអ្នកម៉ៅភាស៊ីផ្សារសាមគ្គីខេត្តកំពត រួមទាំងដាក់ភាគហ៊ុនភាស៊ីផ្សារកំពង់ត្រាច ទុករយៈពេល2ខែ ធ្វើយ៉ាងណាអោយហើយរួចរាល់ បើធ្វើមិនបាន ដកចេញ អោយគេចូលម្ដង មិនទុកអោយយូរទេ។
ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត បានហៅលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពតទើបតែប្រកាសចូលកាន់តំណែងប្រធានមន្ទីរ បានត្រឹមតែ2ថ្ងៃ អោយចាត់ចែងរឿងផ្សារកំពង់ត្រាចនេះ ក្នុងនោះក៏បានប្រាប់លោកអភិបាលស្រុកផងដែរ អោយជួយមើលការងារនេះ មិនអាចអោយពួកគាត់លក់ដូរក្នុងស្ថានភាពបែបនេះបានទេ។
អ្នកលក់ដូរឯណោះវិញ ក៏និយាយប្រាប់ឯកឧត្តមអភិបាលខេត្តកំពតថា គាត់គ្មានកន្លែងលក់ដូរទេ លក់ដូរក្នុងផ្សារមុខផ្ទះគេ គេយកលុយទៀត។ អ្នកលក់ដូរនិយាយប្រាប់ថា ពេលភ្លៀងម្ដងៗ អ្នកលក់ដូរឈរក្នុងទឹក ព្រោះទឹកមិនហូរទៅណា បានជន់លិចស្ទើរតែរាល់ដង ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕





ចែករំលែកព័តមាននេះ