បង្ក្រាបកំប៉េកកំប៉ុកអ៉ីចឹងពូកែណាស់លោកម្ចាស់ ! មន្ត្រីឧទ្យានអនុរក្សបង្ក្រាបគោយន្តកន្ត្រៃដឹកអុស៤គ្រឿង ជំរិតទារលុយ៥០ម៉ឺនរៀលដោះលែង
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ ព័តមាននេះ ទោះយឺតយ៉ាវបន្តិចមែន តែគួរឲ្យសោកស្តាយបំផុតនោះមិនសមសំហេតុផល យកកម្លាំងទៅធ្វើការបង្ក្រាបគោយន្តកន្ត្រៃដឹកអុសសម្រាប់ចំអិនបាយ និងម្ហូបអាហាររបស់ប្រជាពលរដ្ឋសោះ ។ ហេតុការណ៍នេះ បានកើតឡើងចំណុចផ្លូវចូលរោងខ្លាឃុំ ក្នុងភូមិកូនដំរី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ។

ប្រជាពលរដ្ឋម្ចាស់គោយន្តកន្ត្រៃទាំង៤គ្រឿងបានឲ្យអ្នកយកព័តមានដឹងថា ពួកគាត់បានបបួលគ្នាទៅរកអុសងាប់ៗដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត ដឹកជញ្ជូនយកមកទុកសម្រាប់ចម្អិនបាយ និងម្ហូបអាហារនៅក្នុងរដូវវស្សានេះ ខណៈនោះក៏បានជួបក្រុមការងារឧទ្យានុរក្សប្រមាណ១១នាក់ ដឹកនាំដោយលោក ឌិន ភិវឌ្ឃន៍ ចុះល្បាតរាល់សកម្មភាពបទល្មើសគ្រប់ប្រភេទ ធ្វើការបង្ក្រាបចាប់យកទៅទីស្នាក់ការរបស់ខ្លួន កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅជំរិតទារលុយ២៥ម៉ឺនរៀល ដើម្បីដោះដូរដោះលេងគោយន្ត និងមនុស្សឲ្យវិលត្រឡប់មកផ្ទះវិញ ។

ទាក់ទិននិងហេតុការណ៍នេះ កោះសន្តិភាពបានជួបលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោកបានបំភ្លឺថា ហេតុការណ៍នេះ ពិតជាកើតមានមែន កាលពីថ្ងៃទី២ ខែកញ្ញា បន្ទាប់មក លោកអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ក្រោយពីទទួលដំណឹងនេះ លោកបានចាត់ក្រុមការងារថ្នាក់ខេត្ត ចុះធ្វើការដោះស្រាយជូនលុយទៅដល់ប្រជាពលរដ្ឋវិញឲ្យគ្រប់ចំនួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ។

ចំណែកមន្ត្រីដែលប្រព្រឹត្តបានចាត់ការទៅតាមការងាររដ្ឋបាលរួចហើយ ។ ប្រជាពលរដ្ឋបានសប្បាយចិត្ត និងអរគុណដល់ថ្នាក់ដឹកនាំខេត្តផងដែរ ដែលបានយកចិត្តទុកដាក់ធ្វើការដោះស្រាយជូនដល់ប្រជាពលរដ្ឋទទួលបានយុត្តិធម៌នាពេលនេះ ។
ព័ត៌មានបន្តនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។


ចែករំលែកព័តមាននេះ