ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​កំណត់​ត្រា​ជាង​ ៧០០​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ៨​ខែ

1 ខែ មុន

ប្រទេស​វៀតណាម ៖ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​វៀតណាម​បាន​ឈាន​ដល់ ៧៧០,១៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​រយៈពេល​៨​ខែ​ដំបូង​នៃ​ឆ្នាំ ២០២៦ ដែល​កើនឡើង ២៨,៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន និង​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន ដែល​ត្រូវ​បាន​កត់ត្រា​សម្រាប់​រយៈពេល​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី Vietnam Express (VnExpress) ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា កន្លង​ទៅ​។

យោង​តាម​ទិន្នន័យ​ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​វៀតណាម កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​បាន​កើនឡើង ២២,៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ដល់​ចំនួន ៣៧៤,៨៤ ពាន់​លាន​ដុល្លារ ខណៈ​ដែល​ការ​នាំ​ចូល​បាន​កើនឡើង ៣៥,៣% ដល់ ៣៩៥,៣ ពាន់​លាន​ដុល្លារ បណ្តាល​ឱ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម (​ការ​នាំ​ចូល​លើស​ការ​នាំ​ចេញ​) ចំនួន ២០,៤៦ ពាន់​លាន​ដុល្លារ​។

ការ​នាំ​ចេញ​សម្រេច​បាន ៣៧៤,៨៤ ពាន់​លាន​ដុល្លារ កើនឡើង ២២,៤% ធៀប​នឹង​ឆ្នាំ​មុន ដោយ​វិស័យ​ក្នុងស្រុក​មាន​ទំហំ ៧៤,៤៧ ពាន់​លាន​ដុល្លារ ខណៈ​វិស័យ​វិនិយោគ​ពី​បរទេស (FDI) រួមចំណែក​ចំនួន ៣០០,៣៧ ពាន់​លាន​ដុល្លារ​។

ដោយឡែក ការ​នាំ​ចូល​សរុប​មាន​ចំនួន ៣៩៥,៣ ពាន់​លាន​ដុល្លារ កើនឡើង ៣៥,៣% ធៀប​នឹង​ឆ្នាំ​មុន ដោយ​ក្នុង​នោះ​វិស័យ​ក្នុងស្រុក​មាន​ចំនួន ១០៥,០៧ ពាន់​លាន​ដុល្លារ កើនឡើង ២៣,៧%​។ ចំណែក​ការ​វិនិយោគ​ពី​បរទេស​មាន​ចំនួន ២៩០,២៣ ពាន់​លាន​ដុល្លារ កើនឡើង ៤០,១%​។

សហរដ្ឋអាមេរិក​នៅ​តែ​ជាទី​ផ្សារ​នាំ​ចេញ​ធំ​បំផុត​របស់​ប្រទេស​វៀតណាម ដោយ​មាន​ទំហំ​ទឹកប្រាក់​ឈាន​ដល់ ១២២ ពាន់​លាន​ដុល្លារ ស្រប​ពេល​ប្រទេស​ចិន គឺជា​ទីផ្សារ​នាំ​ចូល​ធំ​បំផុត​ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន ១៦១,៩ ពាន់​លាន​ដុល្លារ​៕