ព្រះសង្ឃ និងគណៈកម្មការ«វត្តថ្មី»ចា.ញ់បោ.កជនខិលខូចបន្លំជាអ្នកផ្ដើមបុណ្យផ្កាប្រាក់អស់២លានរៀល
- កំពត
ខេត្តកំពត ៖ ព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្តរតនៈសាគរ (ហៅវត្តថ្មី) ព្រមទាំងមន្ត្រីក្រុមប្រឹក្សាឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស បានសម្ដែងការខឹងសម្បាយ៉ាងខ្លាំង ក្រោយពីបានដឹងថា ខ្លួនបានចាញ់បោកជនខិលខូចម្នាក់ ដែលប្រើល្បិចកលទាក់ទងបោកប្រាស់ប្រាក់សរុបចំនួន២លានរៀល ។

យោងតាមសម្តីរបស់ព្រះតេជ្ជគុណ ព្រនាម មិនឆុំ ចៅអធិការវត្តថ្មី ព្រះជន្ម៧៣វស្សា បានមានសង្ឃដីកាឱ្យដឹងថា ជនខិលខូចនោះបានប្រើប្រាស់លេខទូរសព្ទ 066 908 064 ទំនាក់ទំនងមកព្រះអង្គ និងគណៈកម្មការវត្ត ដោយនិយាយសម្ដីផ្អែមល្ហែម និងអះអាងថា ខ្លួនជាពុទ្ធបរិស័ទអ្នកធ្វើបុណ្យទាន ។ ជនបោកប្រាស់នោះបានបញ្ឆោតថា ធ្លាប់បានដង្ហែបុណ្យប្រមូលបច្ច័យកសាងវត្តជុំគ្រៀល (វត្តមេគុណខេត្ត) ចំនួន២ដងមកហើយ។
សម្រាប់លើកនេះ ជនខិលខូចបានអះអាងថា ខ្លួន និងពុទ្ធបរិស័ទមកពីរាជធានីភ្នំពេញ និងសប្បុរសជនក្រៅប្រទេស ព្រមទាំងពុទ្ធបរិស័ទក្នុងខេត្តកំពត មានរថយន្តចំនួន១៤គ្រឿង បានរៀបចំធ្វើបុណ្យផ្កាប្រាក់ និងមានចង្ហាន់ ដើម្បីយកមកប្រគេនព្រះសង្ឃនៅវត្តថ្មី ស្ថិតនៅឃុំស្ដេចគង់ខាងជើង ដោយកំណត់ថ្ងៃដង្ហែចូលនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ។ ប៉ុន្តែជននោះបានថា ត្រូវការព្យាបាល ឬទិញរបស់របរបន្ថែម សម្រាប់ភ្ញៀវនៅក្រៅប្រទេស ហើយបានស្នើសុំឱ្យវត្តផ្ញើលុយឱ្យមុន ។
ព្រះចៅអធិការ និងគណៈកម្មការវត្ត ក៏បានវេរលុយតាមប្រព័ន្ធវីង (Wing) ជូនជននោះចំនួន២លើក៖
លើកទី១៖ ចំនួន១.៦០0.000 រៀល (១លាន ៦០ម៉ឺនរៀល) និងលើកទី២៖ ចំនួន៤០០.០០០ រៀល (៨០ម៉ឺនរៀល តាមការទាមទារបន្ថែមថាខ្វះខាត) សរុបជាទឹកប្រាក់ចំនួន២លានរៀល ត្រូវបានផ្ញើទៅរួចរាល់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។

ក្រោយការផ្ញើប្រាក់ ខាងវត្ត ក៏ដូចជាមន្ត្រីមូលដ្ឋាន និងតាព្រឹទ្ធាចារ្យ យាយជី បានរៀបចំកន្លែងទទួលភ្ញៀវយ៉ាងអធិកអធម រួមមានការរៀបចំតុកៅអី និងផ្លែដូងជាង២០០ផ្លែ ដើម្បីចាំទទួលមុខវត្ត ។ ប៉ុន្តែរហូតដល់រសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ គឺស្ងាត់ជ្រងំ គ្មានឃើញរថយន្តណាមួយមកដល់ឡើយ ចំណែកឯលេខទូរសព្ទ ក៏មិនអាចទាក់ទងបាន ទើបដឹងថា ខ្លួនបានចាញ់បោកគេស្រឡះ។
ព្រះតេជ្ជគុណបានមានសង្ឃដីកាបន្ថែមថា៖ «អាត្មាកសាងសាលាឆទាន ទើបបាន៤០ភាគរយទេ គឺជំពាក់លុយគេខ្លះ តែមិនដែលប្រកាសរឿងរ៉ាវរកជំនួយអីទេ ហើយអាត្មាក៏ជាមនុស្សត្រង់ដែរ មិននឹកស្មានថា មានគេមកបោកប្រាស់បែបនេះសោះ» ។

ចែករំលែកព័តមាននេះ