ប៉ោយប៉ែត៖ កងរាជអាវុធហត្ថចុះបង្រ្កាបទីតាំងជួញដូរគ្រឿ.ងញៀ.ន និងល្បែ.ងស៊ីសង ដោយឃាត់ខ្លួនជនសង្ស័យភាគច្រើនជាស្ត្រី
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យភាគច្រើនជាមនុស្សស្រី រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធី ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង០២ និង៣០នាទីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំបញ្ជារួមដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ក្រោមការសម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ រក្សាទុក ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, ករណីបើកល្បែងស៊ីសងដោយខុសច្បាប់ចំនួន០២ទីតាំង ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យសរុបចំនួន៤៦នាក់ (ស្រី២១នាក់) ក្នុងនោះជនសង្ស័យដែលពាក់ព័ន្ធចំនួន១៧នាក់ (ស្រី០៩នាក់) ដែលមានបុគ្គលិកជនជាតិខ្មែរចំនួន០៤នាក់ (ស្រី០៣នាក់) និងភ្ញៀវចំនួន១៣នាក់ (ស្រី០៦នាក់) រួមមាន០៣ជនជាតិ ដូចជាជនជាតិចិនចំនួន០១នាក់ (ប្រុស), ជនជាតិឡាវចំនួន០២នាក់(ស្រី), ជនជាតិខ្មែរចំនួន១០នាក់/ស្រី០៦នាក់ ។
ទីតាំងទី២ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន៨៧នាក់ (ស្រី៥០នាក់) ក្នុងនោះ ជនសង្ស័យដែលពាក់ព័ន្ធចំនួន៥១នាក់ (ស្រី៣៩នាក់) ដែលមានបុគ្គលិកជនជាតិខ្មែរចំនួន១១នាក់ (ស្រី១០នាក់) និងភ្ញៀវចំនួន៤០នាក់ (ស្រី២៩នាក់) មាន០៥ជនជាតិ ដូចជា៖ ជនជាតិវៀតណាមចំនួន ០៤នាក់(ស្រី), ជនជាតិថៃ១៥នាក់ (ស្រី១១នាក់), ជនជាតិចិនចំនួន០៦នាក់(ប្រុស), ជនជាតិឥណ្ឌូនេស៊ីចំនួន០១នាក់(ប្រុស), ជនជាតិខ្មែរចំនួន១៤នាក់(ស្រី) ។ សរុបទាំង២ទីតាំងខាងលើ ចំនួន១៣៣នាក់/ស្រី៧១នាក់ ក្រោយពីបានសួរនាំនិងធ្វើតេស្ដិ៍ទឹកមូត្ររកសារធាតុញៀន រកឃើញជនសង្ស័យដែលពាក់ព័ន្ធសរុបចំនួន៦៨នាក់ (ស្រី៤៨នាក់) ក្នុងនោះ ជនជាតិខ្មែរ៣៩នាក់ (ស្រី៣១នាក់) និងជនបរទេស២៩នាក់ (ស្រី១៧នាក់) មាន០៥ជនជាតិ ដូចជា៖ ជនជាតិវៀតណាមចំនួន០៤នាក់(ស្រី), ជនជាតិថៃ១៥នាក់/ស្រី១១នាក់, ជនជាតិចិនចំនួន០៧នាក់(ប្រុស), ជនជាតិឥណ្ឌូនេស៊ីចំនួន០១នាក់(ប្រុស), ជនជាតិឡាវចំនួន០២នាក់(ស្រី) ។
ដោយឡែក អ្នកដែលមិនពាក់ព័ន្ធបទល្មើសចំនួន៦៥នាក់ (ស្រី២៣នាក់) ក្នុងនោះ ជនជាតិខ្មែរចំនួន៤១នាក់ (ស្រី២០នាក់) និងជនជាតិឥណ្ឌូនេស៊ី២២នាក់(ស្រី០៣នាក់),ជនជាតិចិន០២នាក់(ប្រុស) ពុំមានបទល្មើស និងគ្មានសារធាតុញៀន ដោយមានការឯកភាពពីលោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ និងដោយមានការអនុញ្ញាតពី ឯកឧត្ដម ព្រះរាជអាជ្ញា សមត្ថកិច្ចបានធ្វើការអប់រំ និងអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ។
ចំណែកជនសង្ស័យដែលពាក់ព័ន្ធចំនួន៦៨នាក់ (ស្រី៤៨នាក់) រួមមាន៖ ជនជាតិខ្មែរចំនួន៣៩នាក់ (ស្រី៣២នាក់), ជនជាតិថៃ ១៥នាក់(ស្រី១១នាក់), ជនជាតិលាវ០២នាក់(ស្រី), ជនជាតិវៀតណាម ០៤នាក់(ស្រី), ជនជាតិចិន០៧នាក់(ប្រុស), ឥណ្ឌូនេស៊ី ០១នាក់(ប្រុស) បានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ។ ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមានគ្រឿងញៀន ទូរសព្ទ ជាច្រើនគ្រឿង រួមនឹងវត្ថុតាងជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ៕

ចែករំលែកព័តមាននេះ