ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រើរ៉ូបូតស៊ើបប្រពន្ធ បុរសតៃវ៉ាន់ម្នាក់ជាប់ពន្ធនាគារ ៥ខែ

2 អាទិត្យ មុន

កោះតៃវ៉ាន់៖ បុរសម្នាក់នៅតៃវ៉ាន់ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៥ខែ បន្ទាប់ពីគាត់ប្រើកាមេរ៉ារបស់ម៉ាស៊ីនបូមធូលីឆ្លាតវៃ (Robot Vacuum) ដើម្បីលួចថតសកម្មភាពឯកជនរបស់ប្រពន្ធ ដែលគាត់សង្ស័យថាមានទំនាក់ទំនងជាមួយបុរសម្នាក់ទៀត។ ​នេះបើយោងតាមការចុះផ្សាយរបស់ ​NextApple និង South China Morning Post នាពេលថ្មីៗនេះ។

រឿងរ៉ាវបានចាប់ផ្តើមនៅឆ្នាំ២០២៣ បន្ទាប់ពីបុរសរូបនេះរកឃើញវត្ថុមួយចំនួននៅផ្ទះសំណាក់របស់គ្រួសារ ដែលគាត់សង្ស័យថាជារបស់បុរសផ្សេង។ ក្រោយពិនិត្យកាមេរ៉ានៅកន្លែងចតរថយន្ត គាត់បានឃើញបុរសម្នាក់ដឹកប្រពន្ធរបស់ខ្លួនទៅកាន់ផ្ទះនោះ និងស្នាក់នៅពេលយប់។

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បុរសរូបនេះបានបញ្ជាម៉ាស៊ីន Robot Vacuum ឱ្យដំណើរការពីចម្ងាយតាមកម្មវិធីទូរស័ព្ទ ដោយដំបូងគ្រោងប្រើមុខងារទំនាក់ទំនងជាមួយប្រពន្ធ។ ប៉ុន្តែពេលកាមេរ៉ាបង្ហាញថាមានបុរសម្នាក់ទៀតនៅក្នុងផ្ទះ គាត់បានបើកមុខងារថត ដើម្បីប្រមូលភស្តុតាងអំពីទំនាក់ទំនងដែលគាត់សង្ស័យ។

បន្ទាប់មក គាត់បានប្រើវីដេអូនោះជាភស្តុតាងក្នុងបណ្តឹងរដ្ឋប្បវេណី ដោយទាមទារសំណងពីប្រពន្ធ និងបុរសម្នាក់នោះចំនួន ២លានដុល្លារតៃវ៉ាន់។ តុលាការបានសម្រេចឱ្យអ្នកទាំងពីររួមគ្នាបង់សំណងចំនួន ៥០០,០០០ដុល្លារតៃវ៉ាន់ថ្មីដល់បុរសរូបនេះ។

ទោះជាយ៉ាងណា ប្រពន្ធបានប្តឹងផ្នែកព្រហ្មទណ្ឌវិញ ដោយចោទប្រកាន់ប្តីថាបានលួចថតសកម្មភាពឯកជន។ តុលាការស្រុក Taoyuan បានបដិសេធការអះអាងរបស់បុរសរូបនេះថា ការថតគឺដើម្បីការពារសិទ្ធិក្នុងអាពាហ៍ពិពាហ៍ និងប្រមូលភស្តុតាង ដោយបញ្ជាក់ថា សិទ្ធិឯកជនរបស់បុគ្គលម្នាក់មិនត្រូវបានលុបចោលដោយសារស្ថានភាពជាប្តីប្រពន្ធឡើយ។

ទីបំផុត បុរសរូបនេះត្រូវបានរកឃើញថាមានទោសពីបទថតរូបភាពផ្លូវភេទរបស់អ្នកដទៃដោយខុសច្បាប់ និងត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៥ខែ។ ទោសនេះអាចបំប្លែងទៅជាការពិន័យជាប្រាក់ ១៥០,០០០ដុល្លារតៃវ៉ាន់ ហើយសេចក្តីសម្រេចនៅអាចប្តឹងឧទ្ធរណ៍បាន៕