បើកប្រតិបត្តិការ៤ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ១៧នាក់ ពាក់ព័ន្ធបទល្មើសគ្រឿ.ងញៀ.ន និងអំពើចោរកម្ម
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកប្រតិបត្តិការបង្ក្រាបរយៈពេល៤ថ្ងៃបាន៥ករណី ដោយឃាត់ខ្លួនជនសង្ស័យបាន១៧នាក់ ក្នុងនោះ ជនជាតិថៃ៩នាក់ ដកហូតគ្រឿងញៀន៥៩ថង់ ស្មើ៦៩៥.៥៩៤ក្រាម ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យអនុវត្តន៍តាមច្បាប់ ។

ការបង្ក្រាបមានដូចជា ករណីទី១៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិថៃ និងដកហូតគ្រឿងញៀនប្រភេទWYចំនួន២ថង់ស្មើ១,២៩ក្រាមនិងសម្ភារៈប្រើប្រាស់ ។

កណីទី២៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតគ្រឿងញៀន២ប្រភេទចំនួន៣៩ថង់ស្មើ១៧.៨៥ក្រាមនិងសម្ភារៈ ។

ករណីទី៣៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលចោទប្រកាន់ពីបទរំលោភសេចក្តីទុកចិត្ត ឬខ្ចីម៉ូតូមិត្តភក្តិយកទៅបញ្ចាំនៅក្រុងប៉ោយប៉ែត និងប្រើប្រាស់គ្រឿងញៀនតាមបណ្តឹងដកហូតម៉ូតូ២គ្រឿង។

ករណីទី៤៖ កាពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីលួចកាត់ខ្សែភ្លើងប្រជាពលរដ្ឋនិងប្រើប្រាស់គ្រឿងញៀនដកហូតកន្ត្រៃកាត់ខ្សែភ្លើងនិងកាំបិតចំនួន២ ។

និងករណីទី៥៖ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នៅចំណុចភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ក្នុងនោះ មាន៨នាក់ជានជនជាតិថៃ និងខ្មែរ២នាក់អ្នករត់ផាអាប់ដែលដឹកជញ្ជូនដកហូតគ្រឿងញៀនចំនួន៧ប្រភេទមានចំនួន៥៩ថង់ស្មើទម្ងន់៦៩៥.៥៩៤ក្រាមនិងអាវុធខ្លី១ដើមបង់១និង៤គ្រាប់និងសម្ភារៈមួយចំនួនទៀត៕


ចែករំលែកព័តមាននេះ