ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AI វាយលុក​ខ្លាំង​! ស្ទូ​ឌី​យោ​ល្បី​មួយ​នៅ​ចិន​បើក​សេវាកម្ម​ថ្មី ភ្ញៀវ​ទេសចរ​ចាយ​ត្រឹម​ជាង​៤០​ដុល្លារ អាច​ក្លាយជា​តួឯក​ក្នុង​រឿង​ខ្លី​ផ្ទាល់ខ្លួន

1 ថ្ងៃ មុន

ប្រទេស​ចិន ៖ ការ​កើនឡើង​រឿង​ភាគ​ខ្លី​ៗ ដែល​ផលិត​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) បាន​និង​កំពុង​ធ្វើ​ឱ្យ​ការ​រក​ប្រាក់​ចំណូល​របស់​ផលិតកម្ម​មួយ​ចំនួន​ជួប​ការ​លំបាក​។ ទោះជា​យ៉ាងណា​ក៏​ដោយ ដើម្បី​គេច​ចេញពី​ការ​លំបាក​នេះ ស្ទូ​ឌី​យោ​ភាពយន្ត​ដ៏​ល្បី​មួយ​របស់​ប្រទេស​ចិន កំពុង​ស្វែងរក​ច្រកចេញ តាម​រយៈ​ការ​ផ្តល់​ឱកាស​ឱ្យ​ភ្ញៀវ​ទេសចរ អាច​សម្តែង​ជា​តួឯក​នៅ​ក្នុង​ការ​ផលិត​រឿង​ខ្លី​ផ្ទាល់ខ្លួន​បាន​តែ​ម្តង​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន China Press ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៦​។

កាលពីមុន ការ​ថត​រឿង​ភាគ​តម្រូវ​ឱ្យ​មាន​តួ​សម្តែង​ពិតប្រាកដ​ចុះ​ទៅ​ថត​នៅ​ទីតាំង​ផ្ទាល់​។ ប៉ុន្តែ​ជាមួយ​ការ​កើនឡើង​រឿង​ភាគ​ខ្លី​ផលិត​ដោយ AI នោះ ទម្រង់​ចាស់​បែប​នេះ ក៏​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​។ បច្ចុប្បន្ន​នេះ ចំនួន​ការងារ​តួ​សម្តែង​ផ្ទាល់​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ហើយ​សូ​ម្បី​តែ​ក្រុមការងារ​ថត និង​ទីតាំង​ថត​នានា ក៏​ប្រឈម​មុខ​នឹង​ការ​លំបាក​ដែរ​។

ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ការ​រស់រាន​មានជីវិត​នេះ ខាង​ស្ទូ​ឌី​យោ​ភាពយន្ត Hengdian World Studios ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ទុង​យ៉ាង (Dongyang) ខេត្ត​ចឺ​ជាំ​ង (Zhejiang) ដែល​ជាទី​តាំង​ថតកុន​ដ៏​ល្បីល្បាញ​មួយ​របស់​ប្រទេស​ចិន ថ្មី​ៗ​នេះ​បាន​ដាក់​ចេញ​គម្រោង​មួយ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​អាច​បង្កើត​រឿង​ខ្លី​ៗ​ដោយ​ខ្លួនឯង​បាន ដោយ​ចំណាយ​អស់​ប្រហែល ៣០០ យន់ ឬ​ជិត ៤៥ ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ក្នុង​ម្នាក់ ដើម្បី​ក្លាយជា​តួឯក​ក្នុង​រឿង​ភាគ​ខ្លី​មួយ​។ គម្រោង​នេះ ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ភ្លាម​ៗ ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ថែម​ទាំង​បាន​ប្រើ​វា​ជា​សកម្មភាព​ពង្រឹងស្មារតី​ក្រុម សម្រាប់​បុគ្គលិក​របស់​ពួក​គេ​ទៀត​ផង​។

តាម​របាយការណ៍​របស់​សារព័ត៌មាន​ចិន Kankan បានឱ្យ​ដឹង​ថា តម្លៃ​ចាប់ផ្តើម​សម្រាប់​ការ​ទទួល​បាន​បទ​ពិសោធន៍​សម្តែង​ក្នុង​រឿង​ភាគ​ខ្លី​នៅ​ស្ទូ​ឌី​យោ​ភាពយន្ត Hengdian គឺ​មាន​តម្លៃ​ប្រហែល ៣០០ យន់ ដែល​រួម​បញ្ចូល​ទាំង​សម្លៀក​បំពាក់ និង​ក្រុមការងារ​ថត​ពេញលេញ រួម​មាន អ្នកដឹកនាំ​រឿង អ្នក​ថត អ្នក​តុបតែង​មុខ និង​អ្នកគ្រប់គ្រង​សាច់​រឿង ពោរពេញ​ដោយ​បទ​ពិសោធន៍ ដែល​ច្រើន​ជាង ២០ សាច់​រឿង​សម្រាប់​ជ្រើសរើស រាប់​តាំងពី​រឿង​ភាគ​ដណ្តើម​អំណាច​ក្នុង​ព្រះរាជវាំង រឿង​ភាគ​ចារកម្ម រហូត​ដល់​រឿង​ក្បាច់គុន​បុរាណ​ទៀត​ផង​។ ដំណើរការ​ទាំងមូល​ទៀត​សោត ប្រើប្រាស់​ពេល​តិច​ជាង​១​ម៉ោង រាប់​ចាប់ពី​ការ​ជ្រើសរើស​សាច់​រឿង ការ​ណែនាំ​អ្នក​ដឹក​រឿង ការ​ផាត់មុខ និង​ការ​តុបតែង​ខ្លួន ពិធី​សម្ពោធ​រឿង ការ​ថត​នៅ​ទីតាំង​ជាក់ស្តែង រហូត​ដល់​លទ្ធផល​សម្រេច​នៃ​វី​ដេ​អូ​រឿង​ភាគ​ខ្លី​នោះ ដោយ​ភ្ញៀវ​ទេសចរ​អាច​ទទួល​បាន​រឿង​ខ្លី​ផ្តាច់មុខ​រយៈពេល ១ ទៅ ២ នាទី​។

របាយការណ៍​បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​អាច​ឃើញ​គ្រប់​ទីកន្លែង​ក្នុង​ស្ទូ​ឌី​យោ​ភាពយន្ត អំឡុង​ការ​ថត​រឿង​ខ្លី​។ អ្នកទេសចរ​ខ្លះ​បាន​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​ជា​លក្ខណៈ​បុគ្គល ដើម្បី​ក្លាយជា​តួកុន ខណៈ​អ្នកខ្លះ​ទៀត​ធ្វើ​សកម្មភាព​កសាង​ក្រុមការងារ​មួយ តាម​រយៈ​ចំណង់​ចំណូលចិត្ត​នៃ​ការ​ក្លាយជា​តួអង្គ​សម្តែង​។

ក្រុមការងារ​ថត​របស់​ស្ទូ​ឌី​យោ Hengdian បាន​ថ្លែង​ថា សាច់​រឿង​ដែល​មាន​ប្រធានបទ​រាជវាំង គឺ​មាន​ប្រជាប្រិយភាព​ខ្លាំង​បំផុត​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ ហើយ​ចាប់តាំងពី​ការ​ចាប់ផ្តើម​ដាក់​ឱ្យ​ដំណើរការ​សកម្មភាព​ថត​បែប​នេះ ស្ទូ​ឌី​យោ Hengdian ទាក់ទាញ​អ្នកទេសចរ​ប្រមាណ ២០០ នាក់​មក​ទទួល​បាន​បទ​ពិសោធន៍​ថត​នៅ​ទីនោះ​ក្នុង​រយៈពេល​ត្រឹមតែ​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ​៕ ប្រភព ៖ CCTV News និង China Press